អានតួអត្ថបទ
កម្ពុជា

កម្ពុជា​បង្កើត​ក្រុម​ការងារ​ពិសេស​ដោះស្រាយ​ការ​ប៉ះទង្គិច​នៅ​ព្រំដែន​ខេត្ត​ស្វាយរៀង​

ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។
ទាហាន​វៀតណាម​ឈរ​ការពារ​ពេល​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​មើល​ព្រំដែន​ នៅ​ថ្ងៃ​ទី​២៨ ខែ​មិថុនា ឆ្នាំ​២០១៥។ Facebook
ដោយ៖ វ៉ា សំណព្វ
១៦ នាទី

ក្រសួង​ការ​បរទេស​កម្ពុជា​នឹង​បង្កើត​ក្រុម​ការងារ​ពិសេស​មួយ ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​ពលរដ្ឋ​ខ្មែរ​និង​វៀតណាម ដែល​បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៨​មិថុនា​នៅ​ព្រំដែន​ខេត្ត​ស្វាយ​រៀង។ ការ​បង្កើត​ក្រុម​ការងារ​ចម្រុះ​នេះ​ គឺ​ធ្វើ​ឡើង ទៅ​តាម​សំណើរ​របស់​ភាគី​វៀតណាម តាម​រយៈ​កំណត់​ទូត​ចុះ​ថ្ងៃ​ទី​ ៣០ មិថុនា។

ផ្សាយពាណិជ្ជកម្ម

ក្រុម​ការងារ​ចម្រុះ​នេះ​ ត្រូវ​បាន​បង្កើត​ឡើង​ជា​ពិសេស ដែល​មាន​ភារកិច្ច ពិនិត្យ​និង​បំភ្លឺ តែ​ទៅ​លើ​ឧប្បត្តិហេតុ​ដែល​បាន​កើត​ឡើង​នៅ​បង្គោល​ព្រំដែន​លេខ ២០៣ កាល​ពី​ថ្ងៃ​ទី​២៨មិថុនា​ឆ្នាំ​២០១៥​ប៉ុណ្ណោះ។ នេះ​បើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ដែល​បាន​ផ្ញើ​ទៅ​កាន់​ភាគី​វៀតណាម​កាល​ពី​ថ្ងៃ​ទី​២កក្កដា។ ក្រុម​ការងារ​ពិសេស​នេះ​ ដឹកនាំ​ដោយ​ក្រសួង​ការ​បរទេស​កម្ពុជា​ដោយ​មាន​ការ​ចូលរួម​ពី​អាជ្ញាធរ​ដែន​ដី និង​ក្រុម​ការងារ​មួយ​ចំនួន​ទៀត។ ប៉ុន្តែ​ក្រសួង​នៅ​ទាន់​បញ្ចេញ​ពី​សមាសភាព​ពិតប្រាកដ​នៅ​ឡើយ​ទេ។ លោក ជុំ សុន្ទរី អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​បញ្ជាក់​ថា ក្រុម​ការងារ​ពិសេស​នេះ កំពុង​ស្ថិត​ក្រោម​ការ​រៀប​ចំ​នៅ​ឡើយ។

គួរ​រំលឹក​ជូន​ថា កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មិថុនា​កន្លង​ទៅ​ ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​បាន​កើត​ឡើង​ រវាង​ប្រជា​ពលរដ្ឋ​កម្ពុជា និង​ពលរដ្ឋ​វៀតណាម ត្រង់​ចំណុច​ភូមិ​គោកធ្លក ឃុំ​ត្នោត ស្រុក​កំពង់​រោទិ៍​ ខេត្ត​ស្វាយរៀង។ ការ​ប៉ះ​ទង្គិច​គ្នា បាន​កើត​ឡើង​ក្នុង​ពេល​ដែល​ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​សង្រ្គោះជាតិ​ និង​ព្រះ​សង្ឃ​ផង បាន​ចុះ​ទៅ​ពិនិត្យ​បង្គោល​ព្រំដែន​លេខ​២០៣ ដែល​មាន​ការ​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ ហើយ​ដែល​ប្រជាពលរដ្ឋ​នៅ​ទីនោះ​អះអាង​ថា បាន​រំលោភ​ចូល​ដី​កម្ពុជា។ ប៉ុន្តែ​ដំណើរ​ចុះ​ទៅ​នេះ​ ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​ទាហាន និង ពលរដ្ឋ​វៀតណាម​ដែល​ប្រដាប់​ដោយ​ដំបង​និង​កាំភ្លើង។ ក្នុង​ហេតុការណ៍​នោះ ភាគី​កម្ពុជា​១០​នាក់​ក្នុង​នោះ​រួមមាន​អ្នក​តំណាង​រាស្រ្ត​ម្នាក់​ផង​បាន​រង​របួស ចំណែក​ឯ​ភាគី​វៀតណាម​បាន​រង​របួស​៨​នាក់។

បើ​តាម​ការ​ជូន​ដំណឹង​របស់​ក្រសួង​ការ​បរទេស​កម្ពុជា ចុះ​ថ្ងៃ​ទី​២​កក្កដា ក្រសួង​នឹង​ជូន​ព័ត៌មាន​ទៅ​ភាគី​វៀតណាម​អំពី​សមាសភាព​នៃ​ក្រុង​ការ​ងារ​ចម្រុះ​នេះ​ក្នុង​ពេល​ខាង​មុខ។ ចំណែក​ឯកា​ល​បរិច្ឆេត និង​ទីកន្លែង​នៃ​កិច្ចប្រជុំ​ក្រុម​ការងារ​ចម្រុះ​នេះ ​នឹង​ជូន​ព័ត៌មាន​តាម​ក្រោយ។

សូម​បញ្ជាក់​ថា ក្រៅ​ពី​ការ​បង្កើត​ក្រុម​ការងារ​ពិសេស​ដើម្បី​ដោះស្រាយ​ឧប្បត្តិហេតុ​នៅ​បង្គោល​ព្រំដែន​លេខ​២០៣​នៅ​ខេត្ត​ស្វាយ​រៀង​នេះ ភាគី​កម្ពុជា-វៀតណាម​ក៏​គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​នៅ​ថ្ងៃ​ទី​៦​កក្កដា​ខាង​មុខ​នេះ​នៅ​ឯ​ខេត្ត​សៀមរាប។ កិច្ច​ប្រជុំ​ដែល​ធ្វើ​ឡើង​រវាង​ក្រុម​ការងារ​គណៈកម្មាធិការ​ចម្រុះ​ព្រំដែន​កម្ពុជា-វៀតណាម គឺ​ដើម្បី​ដោះស្រាយ​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ និង​បាតុភាព​ទាំង​ឡាយ​ដែល​កំពុង​កើត​ឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-វៀតណាម នៅ​ក្នុង​រយៈ​ពេល​ថ្មី​ៗ​នេះ៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ