អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ពលករ​បរទេស​ខុស​ច្បាប់​ត្រូវ​បាន​ផ្តល់​ការងារ​ក្នុង​ប្រទេស​កម្ពុជា​លាយ​ឡំ​ពលករ​ស្របច្បាប់

សំឡេង ០៥:២៣
សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​
សមត្ថកិច្ច​អន្តោប្រវេសន៍​ចុះបង្រ្កាប​ជន​បរទេស​ខុស​ច្បាប់​នៅ​តំបន់​កោះពេជ្រ​ កាល​ពី​ថ្ងៃ​ទី​២៣ ​ខែ​មិថុនា ​ឆ្នាំ​២០១៥។​ RFI/ Siv Channa
ដោយ៖ ញឹម សុផល
៣០ នាទី

ភាពធូរ​រលុង​នៃ​មន្ត្រី​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​កន្លង​មក បាន​ធ្វើ​ឲ្យ​កំលាំង​ពលកម្ម​បរទេស​ខុសច្បាប់​មាន​ឱកាស​ចូល​មក​ទឹកដី​ខ្មែរ តាំង​ទី​លំនៅ​និង​ប្រជែង​បាន​ការងារ​ជា​ច្រើន​ជាមួយ​កំលាំង​ពលកម្ម​ក្នុង​ស្រុក​នៅ​តាម​ក្រុមហ៊ុន សហគ្រាស និង​សិប្បកម្មនានា។ កំលាំង​ពលកម្ម​ខ្មែរ​នឹង​រង​នូវ​ការ​បាត់បង់​ឱកាស​ការងារ​សំខាន់​ៗ ប្រសិន​បើ​មិនមាន​ការ​យក​ចិត្ត​ទុកដាក់​បង្កើន​ជំនាញ​ខណៈ​ដែល​ពលករ​បរទេស​នឹង​ចូល​លុកលុយ​ទីផ្សារ​ការងារ​ខ្មែរ​តាម​រយៈ​សមាហរណ កម្ម អាស៊ាន​នា​ពេល​ខាង​មុខ។

ផ្សាយពាណិជ្ជកម្ម

ការ​រក​ឃើញ​ជនបរទេស​នៅ​កន្លែង​ធ្វើ​ការងារ​ឯ​កណ្តាល​ក្រុង​ភ្នំពេញ និង​កន្លែង​ដទៃ​ទៀត​នៃ​ប្រទេស​កម្ពុជា បង្ហាញ​ថា​ការ​ប្រើប្រាស់​ពលករ​បរទេស​នៅ​ក្នុង​ការដ្ឋាន​នានា​កន្លង​មក​ក៏​ដូចជា​បច្ចុប្បន្ន​មិន​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹម​ត្រូវ​នោះ​ទេ។ តាម​រយៈ​យុទ្ធនាការ​លុប​បំបាត់​ជន​បរទេស​ខុស​ច្បាប់​នៅ​កម្ពុជា​ មាន​ជនជាតិ​វៀតណាម​និង​ជនជាតិ​ចិន​ជា​ច្រើន​កំពុង​តែ​ធ្វើ​ការងារ​ លាយឡំ​គ្នា​ជាមួយ​ជនជាតិ​ខ្មែរ ដោយ​កន្លែង​ខ្លះ​ពលករ​បរទេស​ទាំង​មាន​ជំនាញ​និង​មិន​ជំនាញ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ច្រើន​ជាង​ពលករ​ខ្មែរ​ម្ចាស់​ស្រុក។

ការ​បណ្តែត​បណ្តោយ​ឲ្យ​មាន​ជនបរទេស​ខុស​ច្បាប់​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​តើ​អ្វី​ទៅ​ជា​ដើម​ហេតុ​ដែល​នាំ​ឲ្យ​ពួកគេ​អាច​ចូល​មក​ធ្វើ​ការ​បាន​ដោយ​ងាយ​ៗ​ដូច្នេះ?

មុន​នឹង​និយាយ​ពី​វត្តមាន​របស់​ពលករ​បរទេស​ខុស​ច្បាប់ នៅ​កណ្តាល​បេះដូង​ប្រទេស គេ​គួរតែ​តាម​មើល​ពី​ដំណើរ​នៃ​ការ​បំលាស់ទី​របស់​ពលករ​ទាំង​នោះ។ យើង​អាច​ចែក​ជា​ដំណាក់​កាល​នៃ​ការ​វិវត្តន៍​ទាំង​នេះ ​ដោយ​គិត​ជា​កង​ព័ន្ធ​ដូចជា​ការ​ប្រណាំង​ទូក​ង​ដូច្នោះ​ដែរ​ ពោល​គឺ​កង​ព័ន្ធ​ទី១ ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​អន្តោប្រវេសន៍​និង​មន្ត្រី​មាន​សមត្ថកិច្ច​នានា​នៅ​តាម​ព្រំដែន​ ប្រសិន​បើគេ​ដាក់​សំណួរ​ថា​ចូល​ដោយ​របៀប​ណា?

លុះ​ឆ្លង​ផុត​កង​ព័ន្ធ​ទី​១ហើយ ជនអន្តោប្រវេសន៍​ខុស​ច្បាប់​បាន​មក​ដល់​កង​ព័ន្ធ​ទី​២ គឺ​កន្លែង​ ស្នាក់​នៅ។ កន្លែង​ស្នាក់នៅ​នេះ​ វា​ពាក់ព័ន្ធ​ទៅ​នឹង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន។ ជាទូទៅ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​តែង​វាងវៃ​ណាស់​ចំពោះ​ការ​ស្នាក់នៅ​ដែល​មិន​មាន​ឯកសារ​ត្រឹមត្រូវ​ មិន​ថា​ជនជាតិ​ខ្មែរ ឬ​ជនបរទេសទេ។ ក៏​ប៉ុន្តែ​ការ​ស្នាក់នៅ​និង​ធ្វើ​ការ​បែប​ពលករ​ខុស​ច្បាប់ ដូច​ដែល​បាន​រក​ឃើញ​ជា​បន្ត​បន្ទាប់​នេះ ចេះ​តែ​អាច​ទៅ​រួច ហើយ​បើ​កុំ​តែ​មាន​យុទ្ធនាការ​វែក​រក​ កុំ​អី​ពាក្យ​សាមញ្ញ​គេ​ច្រើន​និយាយ​ថា​៖ «ស្នាក់​នៅ​និង​ធ្វើ​ការ​ដោយ​ខុស​ច្បាប់​លើ​ទឹក​ដី​រំដួល ​ដោយ​រៀបរយ»។

នៅ​មិន​ទាន់​អស់​ទេ​គោលដៅ​ចុង​ក្រោយ​របស់​ពួក​ពលករ​បរទេសន​ខុស​ច្បាប់​ គឺ​កន្លែង​ធ្វើ​ការ​មួយ​ដែល​ជា​ទូទៅ​និយម​ប្រើប្រាស់​កំលាំង​ពលកម្ម​បរទេស​ជាង​កំលាំង​ពលកម្ម​ក្នុង​ស្រុក​ នោះ​ហើយ​គឺ​ជា​កងព័ន្ធ​ទី​៣ ដែល​ជា​កង​ព័ន្ធ​ចុង​ក្រោយ ​ដោយ​មាន​ទូង​ស្គរជ័យ។

នៅ​ត្រង់​ចំណុច​នេះ​ អ្នក​ទទួល​ខុស​ត្រូវ​លើ​វត្តមាន​ពលករ​បរទេស​ខុស​ច្បាប់​កាន់​តែ​ច្រើន​ ដោយសារ​តែ​ការ​បើក​ការដ្ឋាន​មួយ ឬ​បើក​ក្រុមហ៊ុន​មួយ​ ចាំ​បាច់​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ និង​រាយការណ៍​ទៅ​ផ្នែក​ពាក់ព័ន្ធ​នានា ជា​ពិសេស​ក្រសួង​ការងារ​ដែល​ត្រូវ​តែ​ដឹង​ពី​ការ​ប្រើប្រាស់​បរិមាណ និង​សមត្ថភាព​កំលាំង​ពលកម្ម​ទាំង​ខ្មែរ​និង​បរទេស។

ក៏​ប៉ុន្តែ​មិនមាន​ការ​ហាមឃាត់​ណា​មួយ​មិន​ឲ្យ​ក្រុមហ៊ុន​ សហគ្រាស ប្រើប្រាស់​កម្លាំង​ពលកម្ម​បរទេស​នោះ​ទេ ឲ្យ​តែ​មាន​ភាព​ស្រប​ច្បាប់។ លើស​ពី​នេះ​ក៏​មាន​ការ​ធ្វើ​អធិការ​កិច្ច​ជា​ប្រចាំ​ដែរ​នៅ​តាម​ក្រុមហ៊ុន សហគ្រាស​នីមួយ​ៗ យ៉ាង​ហោច​ណាស់​ក៏​បាន​ម្តង​ដែរ​ក្នុង​មួយ​ខែ។

មួយ​វិញ​ទៀត​ក្នុង​ករណី​ដែល​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម ​ឬ​ប្រទេស​ចិន​ នៅ​មិន​ទាន់​ចុះ​កិច្ច​ព្រមព្រៀង​បញ្ជូន​និង​ទទួល​ពលករ​ជាមួយ​គ្នា​នោះ​ទេ ពលករ​នៃ​ប្រទេស​ទាំង​នោះ​មិន​អាច​ស្វែង​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទេ​បើ​ទោះ​ណា​ជា​ពលករ​ទំាំង​នោះ​ខុស​ច្បាប់​ក្តី ត្រូវ​ច្បាប់​ក្តី។ ហើយ​ប្រសិន​បើ​អាច​ជួល​បាន​តាម​កិច្ច​ព្រម​ព្រៀង នោះ​កំលាំង​ពលកម្ម​បរទេស ​ក៏​ត្រូវ​ធ្វើ​ឡើង​តាម​ចំនួន​កំណត់​មួយ​ធៀប​ទៅ​នឹង​កំលាំង​ពលកម្ម​ក្នុង​ស្រុក។

ទោះ​យ៉ាង​នេះ​ក្តី​យើង​មិន​អាច​បន្ទោស​ជា​ទូទៅ​បាន​ទេ ដោយសារ​ទី​មួយ​ក្រុមហ៊ុន ​ឬ​សហគ្រាស​មួយ​ចំនួន​ភាគ​ច្រើន​សហគ្រាស​បរទេស​ចូលចិត្ត​ប្រើ​កំលាំង​ពលកម្ម​បរទេស​ដូចគ្នា។ ទី២ ធនធាន​កំលាំង​ពលកម្ម​ខ្មែរ​នៅ​មាន​កំរិត​ ពោល​គឺ​អ្នក​មាន​ជំនាញ​នៅ​មិន​សូវ​សំបូរ​នៅ​ឡើយ។

ហេតុ​នេះ​ ក្នុង​ន័យ​ទីផ្សារ​ការងារ គេ​មិន​អាច​និយាយ​ថា​កំលាំង​ពលកម្ម​បរទេស​ចូល​មក​ជ្រៀតជ្រែក ឬ​ដណ្តើម​ការងារ​ពី​ពលរដ្ឋ​ខ្មែរ​បាន​ទេ បើ​ទោះ​ណា​ជា​មិន​មាន​តួលេខ​ណា​មួយ​បង្ហាញ​ពី​ចំនួន​ជនបរទេស​ស្រប​ច្បាប់​ចូល​មក​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ឡើយ។ រឿង​នេះ​វា​មិន​ខុស​គ្នា​ទេ ពលករ​ខ្មែរ​ចូល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី​នោះ​ឡើយ។

សម្រាប់​បរិបទ​ការងារ​បច្ចុប្បន្ន​ កម្ពុជា​ចាំ​បាច់​ត្រូវ​បង្កើន​ជំនាញ​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ​ខណៈ​ដែល​មើល​ទៅ​ហាក់​ដូចជា​យឺត​ពេល​បន្តិច​ហើយ​ក្នុង​ការ​ច្របាច់​ទីផ្សារ​ការងារ​ចូល​គ្នា​នៃ​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥​នេះ។

គេគួរ​តែ​មាន​ភាព​ម៉ឺងម៉ាត់​ក្នុង​ការ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍ ដើម្បី​ទប់​ស្កាត់​ពលករ​ខុស​ច្បាប់​ ចូល​មក​កម្ពុជា​ប្រជែង​ទីផ្សារ​ការងារ​ខ្មែរ​ ដែល​កំពុង​តែ​មាន​ស្ថានភាព​លំបាក​ស្រាប់​ ក្នុង​ការ​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​លើ​ជំនាញ​ជីវៈ ដែល​រដ្ឋ​ត្រូវ​ជួយ​ជម្រុញ​បន្ថែម​ទៀត។ ជា​ពិសេស​ត្រៀម​លក្ខណៈ​រួច​ជា​ស្រេច​ដើម្បី​មាន​កំលាំង​ពលកម្ម​ចាំ​ទទួល​វិនិយោគិន​ ចៀសវាង​គេ​ជួល​កំលាំង​ពលកម្ម​បរទេស​ដែល​មាន​តម្លៃ​ថ្លៃ​ជាង​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ