កម្ពុជា-វៀតណាម

កម្ពុជា​និង​វៀតណាម ជំរុញ​ការ​បោះ​បង្គោល​ព្រំ​ដែន​គោក​ឲ្យ​ចប់​រួច​រាល់​នៅ​ឆ្នាំ​២០១៨

លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​សមភាគី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​ក្នុង​ជំនួប​ពិសារ​អាហារ​ពេល​ព្រឹក ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ២០១៧
លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន និង​សមភាគី​វៀតណាម លោក ង្វៀន សួនហ្វុក នៅ​ក្នុង​ជំនួប​ពិសារ​អាហារ​ពេល​ព្រឹក ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ២០១៧ Facebook SPM

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ បាន​ចាក​ចេញ​ពី​ប្រទេស​វៀតណាម បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ប្រទេស​ហ្វីលីពីន​ហើយ​។ ប៉ុន្តែ​មុន​នឹង​ចាក​ចេញ នាយករដ្ឋ​មន្ដ្រី​កម្ពុជា បាន​ជួបទទួល​ទាន​អាហារ​ពេល​ព្រឹក​និង​​ពិភាក្សា​ការងារ​ជាមួយ​សមភាគី​វៀតណាម គឺ​លោក​នាយករដ្ឋ​មន្ដ្រី​វៀតណាម ង្វៀន សួនហ្វុក។ នៅ​ក្នុង​ជំនួប​នោះ លោក​ទាំង​ពីរ​បាន​សន្យា​គ្នា​ជំរុញ​ការ​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​និង​វៀតណាម ឲ្យ​ចប់​រួចរាល់​នៅ​ឆ្នាំ​២០១៨​ខាង​មុខ​។ នេះ​បើ​តាម​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក​នាយករដ្ឋ​មន្ដ្រី ហ៊ុន សែន​។

ផ្សាយពាណិជ្ជកម្ម

ការ​សន្យា​រវាង​មេដឹក​នាំ​កម្ពុជា​វៀតណាម ដើម្បី​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​គោក​នៃ​ប្រទេស​ទាំង​ពីរ​​នៅ​រដូវ​ប្រាំង​ឆ្នាំ​២០១៨​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​អាហារ​ពេល​ព្រឹក​រួម​គ្នា​ដ៏​ស្និទ្ធស្នាល ដែល​រៀបចំ​ដោយ​នាយករដ្ឋ​មន្ដ្រី​វៀតណាម លោក ង្វៀន សួនហ្វុក​។ ការ​ជំរុញ​នេះ បើ​តាម​នាយករដ្ឋ​មន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ គឺ​ធ្វើ​ឡើង​ដើម្បី​ប្រែ​ក្លាយ​តំបន់​ព្រំដែន​គោក​កម្ពុជា​វៀតណាម ឲ្យ​ក្លាយ​ជា​តំបន់​ព្រំដែន​ប្រកប​ដោយ​សន្តិភាព ស្ថិរភាព ការ​អភិវឌ្ឍ ការ​ផ្លាស់​ប្ដូរ​ទំនិញ ពាណិជ្ជកម្ម ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​មក​របស់​ប្រជាជន​និង​ភ្ញៀវ​ទេសចរណ៍​។

សូម​ជម្រាប​ជូន​ថា កម្ពុជា​និង​វៀតណាម​មាន​ព្រំដែន​គោក​ជាប់​គ្នា​ប្រវែង​១២៧០​គីឡូម៉ែត្រ អូស​កាត់​ខេត្ត​ចំនួន​៩​របស់​កម្ពុជា​​។ ក្នុង​នោះ គណៈកម្មាធិការ​ទទួល​បន្ទុក​កិច្ច​ការ​ព្រំដែន​កម្ពុជា​និង​វៀតណាម សម្រេច​ការងារ​បោះ​បង្គោល​ព្រំដែនបាន ៨៤​ភាគរយ​ហើយ​។ នៅ​សល់​១៦​ភាគរយ​ទៀត ភាគី​ទាំង​ពីរ​​កំពុង​តែ​បន្ត​ការ​ដោះស្រាយ ​ដោយ​តាម​ខេត្ត​ខ្លះមាន​ដំណើរ​ការ​យឺត​ ខណៈ​ខេត្ត​ខ្លះ​ទៀត​បោះពួយ​លឿន​​ទៅ​មុខ​​។

ជាក់​ស្ដែង កាល​ពី​ខែ​តុលា​កន្លង​ទៅ​ថ្មី​ៗ​នេះ កម្ពុជា​និង​វៀតណាម ទើប​តែ​បាន​បញ្ចប់​ការងារ​បោះ​បង្គោល​ព្រំដែន​ធំ​នៅ​ខេត្ត​ព្រៃវែងនិង​ដុងថាប់​។ ចំណែក​ការ​បោះ​បង្គោល​ព្រំដែន​បំពេញ​បន្ថែម​រវាង​កម្ពុជា​និង​វៀតណាម​នៅ​ខេត្ត​ព្រៃវែង សម្រេច​បាន​៧១​ភាគ​រយ​។

ជា​ការ​កត់​សម្គាល់ នៅ​ក្នុង​សំណុំ​រឿង​ព្រំដែន​កម្ពុជា​វៀតណាម​នេះ អ្នក​សិក្សា​លើ​បញ្ហា​ព្រំដែន​បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ ស្នើ​សុំជំនួយ​ពី​​អ្នក​ជំនាញការ​បារាំង។ សម្រាប់​ពួក​គេ ការ​ស្នើ​សុំ​ជំនួយ​ពី​អ្នក​ជំនាញ​បារាំង​នេះ គឺ​ជា​ជម្រើស​ដ៏​ល្អ​បំផុត ដើម្បី​ដោះ​ស្រាយ​បញ្ហា​ព្រំដែន​កម្ពុជា​វៀតណាម ដែល​មាន​លក្ខណៈ​រសើប ស្មុគស្មាញ និង​ប្រទាញប្រទង់​គ្នា​ខ្លាំង អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក​នេះ​។

កាល​ពី​ចុង​ឆ្នាំ​២០១៦​កន្លង​ទៅ រដ្ឋាភិបាល​កម្ពុជា​និង​វៀតណាម​ធ្លាប់​ផ្ញើ​លិខិត​ស្នើ​សុំ​អ្នក​ជំនាញ​ផែនទី​វិទ្យា​បារាំង ឲ្យ​មក​ធ្វើការ​ជាមួយ​គណៈកម្មាធិការ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ ដើម្បី​ផ្ទេរ​ផែនទី​ខ្នាត​១​លើ​១០០​ពាន់ ទៅ​១​លើ​៥០​ពាន់​។ ជិត​មួយ​ឆ្នាំ​ក្រោយ​មក ពោល​គឺ​នៅ​ខែ​តុលា​ឆ្នាំ​២០១៧​នេះ លោក​នាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន ត្រូវ​បាន​រដ្ឋមន្ដ្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កញ្ញារីទ្ធ ស្រង់​សម្ដី​បញ្ជាក់​ថា ភាគី​បារាំង យល់​ព្រម​ឲ្យ​អ្នក​ឯកទេស​មក​ជួយ​កម្ពុជា​រឿង​ផែនទី​ហើយ​។ ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ជំនាញការ​បារាំង នឹង​មក​ដល់​កម្ពុជា​ដើម្បី​ធ្វើការងារ​នេះ​នៅ​ពេល​ណា​នៅ​ឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI