លោក សុខ ទូច៖ វៀតណាមបោះបង្គោលព្រំដែនចូលដីខ្មែរ១៦ហិកតាក្នុងខេត្តត្បូងឃ្មុំ
ចុះផ្សាយនៅថ្ងៃ៖
ក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៤កុម្ភៈនេះ បានបង្ហាញលទ្ធផលពាក់កណ្ដាលសម្រេច នៃដំណើរការត្រួតពិនិត្យការបោះបង្គោលព្រំដែន ក្នុងរយៈចំងាយជិត៥០០គីឡូម៉ែត្រ នៅក្នុងគោលដៅចំនួន៥ ដែលមានរយៈពេល៧ខែកន្លងទៅនេះ។ លោក សុខ ទូច ប្រធានក្រុមស្រាវជ្រាវ បង្ហាញថា ផ្អែកតាមប្រវត្តិសាស្រ្តនិងការត្រួតពិនិត្យជាក់ស្ដែងគឺទាំងកម្ពុជានិងវៀតណាមបានបោះបង្គោលព្រំដែនចូលដីគ្នាទៅវិញទៅមក។ ប៉ុន្តែថ្មីៗនេះការរកឃើញរបស់ លោក សុខ ទូច នៅពេលចុះទៅខេត្តត្បូងឃ្មុំ វៀតណាមបានបោះបង្គោលព្រំដែនចូលដីខ្មែរចំនួន១៦ហិកតា ដែលគ្របដណ្ដប់ដោយការដាំកៅស៊ូ និង អំពៅ រួចជាស្រេចហើយ។
បង្គោលព្រំដែនដែលវៀតណាមបោះចូលដីខ្មែរក្នុងខេត្តត្បូងឃ្មុំ គឺស្ថិតនៅក្នុងបង្គោលលេខ៨៤ ៨៥ និងបង្គោល១០៩។ លោក សុខ ទូច បានប្រាប់បញ្ហានេះទៅក្រសួងរៀបចំដែនដីនិងនគររូបនីយកម្ម រួចហើយក្នុងការចុះបញ្ជីដីនេះជាបន្ទាន់ ដើម្បីបញ្ចៀសសង្គ្រាមដណ្ដើមដីគ្នាបន្តទៀត រវាងវៀតណាមនិងកម្ពុជា នៅពេលសម្រេចជាផ្លូវការក្នុងការដោះដូរព្រំដែននៃប្រទេសទាំងពីរ។
តាមរយៈការដាក់បញ្ចាំងរូបភាពឯកសារនៃដំណើរការស្រាវជ្រាវការបង្គោលព្រំដែន លោក សុខ ទូច បន្តថា បង្គោលព្រំដែនលេខ៨៥ជាបង្គោលព្រំដែនចាស់ ហើយវាក៏ជាសំណុំរឿង ដែលលោកធ្លាប់មានបញ្ហាជាមួយគណៈកម្មការកិច្ចការព្រំដែនផងដែរ។ ចំណុចនេះលោក សុខ ទូច ថាវៀតណាមបោះបង្គោលព្រំដែនចូលដីខ្មែរចន្លោះពី៥ម៉ែត្រទៅ១០ម៉ែត្រនិងមានកន្លែងខ្លះទៀតរហូត៥០ម៉ែត្រ។
លោក សុខ ទូច បានដាក់ការសន្និដ្ឋានថា កាលដែលវៀតណាមបោះបង្គោលព្រំដែនចូលដីខ្មែរអាចមានមូលហេតុពីរសំខាន់ទី១-ដោយសារតែបង្គោលព្រំដែននេះបោះក្នុងជំនាន់អាណានិគមបារាំងដែលលោក សុខ ទូច យល់ថាមិនទាន់មានបច្ចេកទេសទំនើបក្នុងការវាស់វែង និងទី២-អាចបណ្ដាលមកពីការបោះបង្គោលព្រំដែនធ្វើឡើងចំពេលអាកាសធាតុមិនអំណោយផល ដែលអាចប៉ះពាល់ដល់ដំណើរការត្រួតពិនិត្យ របស់GPS។
ដីចំនួន១៦ហិកតាដែលវៀតណាមបោះបង្គោលព្រំដែនចូលដីខ្មែរនេះ លោក សុខ ទូច សន្យាជំនួសរដ្ឋាភិបាលនៅចំពោះមុខប្រជាពលរដ្ឋក្នុង ខេត្តត្បូងឃ្មុំ កុំឲ្យមានការព្រួយបារម្ភ។ ដោយលោកហ៊ានអះអាងថា រដ្ឋាភិបាលនឹងរកដីដែលល្អសម្រាប់អំណោយផលដល់ការបង្កបង្កើនផលដល់ពលរដ្ឋខ្មែរ។
សូមបញ្ជាក់ថា ដីទំហំ១៦ហិកតាដែលវៀតណាមបំពានបោះបង្គោលព្រំដែនចូលនេះ កន្លងមកពលរដ្ឋខ្មែរបានចូលទៅដំណាំហើយត្រូវបានវៀតណាមបាញ់ថ្នាំបំពុល។ ទង្វើនេះលោក សុខ ទូច ចាត់ទុកថា ជាល្បិចរបស់វៀតណាមដើម្បីដោះដូរបានដីក្រហមដែលជាដីមានជីវៈជាតិសម្រាប់ដាំកៅស៊ូធ្វើជាកម្មសិទ្ធិ ហើយប្រគល់ដី១៦ហិកតាដែលជាដីគ្មានជីវៈជាតិប្រគល់មកឲ្យខ្មែរវិញ។
តាមគម្រោងដំណើរការត្រួតពិនិត្យការបោះបង្គោលព្រំដែននឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០១៧។ បន្ទាប់ពីបញ្ចប់ក្រុមស្រាវជ្រាវព្រំដែន នៃរាជបណ្ឌិត្យសភាកម្ពុជានឹងបោះពុម្ពផ្សាយសៀវភៅដើម្បីទុកជាឯកសារប្រវត្តិសាស្រ្ត។ រាល់បញ្ហាដែលរកឃើញលោក សុខ ទូច បន្តអះអាងថា មិនខ្វល់ពីច្រានចោលរបស់រដ្ឋាភិបាលពិសេសគណៈកម្មការជាតិកិច្ចការព្រំដែនកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ