ធ្វើយ៉ាងណាដើម្បីបញ្ចប់ការខ្វែងគំនិតរវាងខ្មែរនិងខ្មែរលើបញ្ហាព្រំដែន?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ដំណោះស្រាយវិបត្តិព្រំដែនកម្ពុជាជាមួយប្រទេសវៀតណាមហាក់ដូចជានៅតែវិលវល់ក្នុងចំណោមអ្នកនយោបាយខ្មែរនៅឡើយ។ ប៉ុន្តែចំណុចមួយដែលជាស្នូលនៃដំណោះស្រាយនេះគឺកត្តាប្រជាពលរដ្ឋកម្ពុជា។គឺពលរដ្ឋកម្ពុជាត្រូវចូលរួមដោយផ្ទាល់ឬដោយប្រយោលក្នុងដំណើរការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ហើយប្រជាពលរដ្ឋត្រូវស្វែងយល់និងសិក្សាឲ្យច្បាស់ពីភាពពិតប្រាកដនៃផែនទីដ៏ចម្រូងចម្រាស់និងផ្ទៃដីជាក់ស្តែង។
ថ្វីបើមានការពិនិត្យផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជាជាមួយប្រទេសវៀតណាមចំនួនពីរលើករួចមកហើយក្តី ហើយបើទោះជាប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែន បានប្រកាសបិទបញ្ចប់ថានឹងមិនមានការផ្ទៀតផ្ទាត់ផែនទីព្រំដែនរវាងប្រទេសទាំងពីរតទៅទៀតក៏ដោយ ប៉ុន្តែបញ្ហានេះមិនអាចបញ្ចប់អាយ៉ៃឆ្លើយឆ្លងរវាងរដ្ឋាភិបាល-និយាយជារួម- និយាយដោយឡែក អាយ៉ៃរវាងគណបក្សកាន់អំណាចគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិដែលជាគណបក្សប្រឆាំងនោះទេ។
ដូច្នេះសំណួរ សួរថាតើធ្វើយ៉ាងណាដើម្បីបញ្ចប់ការខ្វែងគំនិតរវាងខ្មែរនិងខ្មែរលើបញ្ហាព្រំដែនកម្ពុជា-វៀតណាមនេះ?
ជាបឋមគេត្រូវក្រឡេកមើលឡើងវិញថាហេតុអ្វីបានជាការផ្ទៀងផ្ទាត់ផែនទីដែលកម្ពុជាខ្ចីពីអង្គការសហប្រជាជាតិនិងខ្ចីពីប្រទេសបារាំងមិនអាចលាងជម្រះគំនិតផ្ទុយគ្នារវាងអ្នកនយោបាយខ្មែរលើសំណុំរឿងផែនទីនេះបាន។
ពិតមែនហើយវាក៏ព្រោះតែអ្នកនយោបាយខ្មែរដឹងច្បាស់ថាទំនាស់ព្រំដែនរវាងប្រទេសវៀតណាមជាប់របងកម្ពុជានៅតែជាឆ្នាំងបាយនយោបាយដែលគេមិនអាចវាយបំបែកឆ្នាំងនេះចោលដោយងាយៗនោះទេ។
ពោលគឺមិនថាគណបក្សប្រជាជនកម្ពុជាឬគណបក្សសង្គ្រោះជាតិនោះទេ បញ្ហាព្រំដែនជាមួយប្រទេសវៀតណាម និយាយឲ្យចំគឺបញ្ហាផែនទីជាមួយប្រទេសនេះតែម្តង គណបក្សទាំងពីរសុទ្ធតែអាចទាញយកផលចំណេញ ស្រូបបានការគាំទ្រនិងប្រជាប្រិយភាពមួយចំណែកណាមួយនោះមិនខានឡើយ។ មូលហេតុដោយសារអ្នកនយោបាយខ្មែរនៅតែជឿនិងយល់ថាទំនាស់ព្រំដែនជាមួយប្រទេសវៀតណាមងាយនឹងរំញោចទឹកចិត្តប្រជាពលរដ្ឋជាតិនិយមបំផុត។
ប៉ុន្តែមួយវិញទៀតរដ្ឋាភិបាលហាក់ដូចជាប្រញ៉ាប់ប្រញ៉ាល់ពេកក្នុងការសន្និដ្ឋានថាការផ្ទៀងផ្ទាត់ផែនទីព្រំដែនកម្ពុជា វៀតណាម នោះគ្រប់គ្រាន់សមល្មមអាចនឹងធ្វើការសន្និដ្ឋានចុងក្រោយបាន។ប្រញ៉ាប់ប្រញ៉ាល់ពេកដោយសារតែនៅក្នុងផ្នត់គំនិតរបស់ពលរដ្ឋខ្មែរខ្លះនៅមិនទាន់ទុកចិត្តទាំងស្រុង មិនទាន់ជឿជាក់ទាំងស្រុងលើសមត្ថកម្មរបស់រដ្ឋាភិបាលស្របពេលដែលគណបក្សប្រឆាំងបានព្យាយាមបង្ហាញភស្តុតាងផ្សេងៗទៀត។ ប្រញ៉ាប់ប្រញ៉ាល់ពេកដោយសារតែពលរដ្ឋកម្ពុជាខ្លះនៅរង់ចាំមើលសេចក្តីអះអាងពីអ្នកជំនាញផែនទីពីគ្រប់ភាគីនយោបាយ និងសេចក្តីបញ្ជាក់ពីអ្នកជំនាញការអន្តរជាតិ។
ទោះជាបែបនេះក្តីដើម្បីបញ្ចប់ការខ្វែងគំនិតលើផែនទីព្រំដែនកម្ពុជាវៀតណាមនេះ មានតែប្រជាពលរដ្ឋកម្ពុជាខ្លួនឯងទេជាអ្នកកំណត់និងស្វែងយល់ឲ្យច្បាស់ពីការធ្វើអាជីវកម្មផ្នែកនយោបាយបែបណាមួយលើចំណោទព្រំដែននេះ។ ដ្បិតពលរដ្ឋកម្ពុជាមួយចំនួនគឺជាសក្សីនៃការប្រែប្រួលលើបន្ទាត់ព្រំដែន។ ពលរដ្ឋកម្ពុជាគ្រប់រូបមានតួនាទីស្វែងយល់ ធ្វើការស្រាវជ្រាវឲ្យបានច្បាស់លាស់ហើយវិនិច្ឆ័យឲ្យប្រាកដប្រជាពីភាពត្រឹមត្រូវពិតប្រាកដលើកំណត់ព្រំដែនកម្ពុជាវៀតណាម ឬព្រំដែនជាមួយប្រទេសជិតខាងដទៃទៀតដូចជាថៃនិងឡាវ ជាដើម។ចំណេះដឹងរបស់ប្រជាពលរដ្ឋកម្ពុជាលើបញ្ហាព្រំដែនគឺជាសម្ពាធមួយផ្នែកលើអ្នកនយោបាយឲ្យបញ្ចប់ការខ្វែងគំនិតគ្នា។
បន្ថែមពីនោះទៀតគណបក្សខ្វែងគំនិតគ្នាមានតួនាទីជំរុញការផ្ទៀងផ្ទាត់ឲ្យបានប្រាកដប្រជារវាងផែនទីព្រំដែនកម្ពុជា វៀតណាមដែលអាចទុកចិត្តបាននៅលើក្រដាស ជាមួយនឹងផ្ទៃដីជាក់ស្តែង។ ហើយការផ្ទៀងផ្ទាត់ផែនទីលើក្រដាសជាមួយនឹងផ្ទៃដីជាក់ស្តែងគួរតែធ្វើជាចំហ ដោយមានការចូលរួមពីតំណាងប្រជាពលរដ្ឋ សង្គមស៊ីវិលដែលមានជំនាញព្រំដែន បក្សនយោបាយដែលមិនចុះសម្រុងគ្នា រួមទាំងមានការចូលរួមពីអ្នកជំនាញការព្រំដែនជាតិនិងអន្តរជាតិផងដែរ៕
អត្តបទវិភាគរបស់គង់ សុឋានរិទ្ធ
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ