អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

របត់ថ្មីនៃទំនាក់ទំនងកម្ពុជា និងវៀតណាម

សំឡេង ០៥:៣៨
ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា វៀតណាម ចុះហត្ថលេខាលើឯកសារក្រោយកិច្ចប្រជុំនៅភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥។
ប្រធានគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោកកម្ពុជា វៀតណាម ចុះហត្ថលេខាលើឯកសារក្រោយកិច្ចប្រជុំនៅភ្នំពេញ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥។ ©Channa Siv
ដោយ៖ ឯម មាឃ

 ព្រឹត្តិការណ៍ថ្មីៗបាន​បង្វែរ​រាត្រី​ទឹកឃ្មុំ​រវាង​កម្ពុជា និង​វៀតណាម ឱ្យទៅជា​រាត្រី​ទឹកខ្មេះ។ ជម្លោះទឹកដី និង​ការ​ប្រជែង​ឥទ្ធិពល​គ្នា​ក្នុងចំណោម​មហាអំណាច កំពុង​បណ្ដាច់​ចំណង មិត្តភាព​នៃ​ប្រទេស​ទាំងពីរ​ដែល​ធ្លាប់តែ​ផ្អែម​ត្រជាក់​អស់​រយៈពេល៣៦ឆ្នាំ។ របត់​ថ្មី​នៃ​ទំនាក់ទំនង​ទ្វេភាគី​នេះ បានចាប់ផ្តើម​ពី​ការតវ៉ា​របស់​កម្ពុជា ចំពោះ​ទង្វើ​វៀតណាម​នៅតាម​តំបន់​ព្រំដែន​ចម្រូងចម្រាស់។  

ផ្សាយពាណិជ្ជកម្ម

 

ព្រឹត្តិការណ៍​ទាំងឡាយ​ដែល​បានកើត​ឡើងជា​បន្តបន្ទាប់ តាំងពី​ឆ្នាំ២០១២ ដល់​ឆ្នាំ២០១៥នេះ ហាក់​បញ្ជាក់ប្រាប់​ប្រជាជន​កម្ពុជា​ថា របត់​ថ្មី​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​វៀតណាម បានចាប់ផ្តើម​ហើយ។កម្រិត​នៃ​ភាពចុះ​សម្រុង​គ្នា​រវាង​ប្រទេស​ទាំង​ពីរបាន​ដាំ​ក្បាល​ចុះ​ឥតឈប់ឈរ។

កម្ពុជា​ដែល​ធ្លាប់តែ​ជា​មិត្ត​ជិតស្និទ្ធ​នឹង​វៀតណាម​ក្រោយ​ការដួលរលំ​ទៅ​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​របស់​ខ្មែរក្រហម បានបង្ហាញ​ជំហរ​គាំទ្រ​ចិន ជាង​គាំទ្រ​វៀតណាម។ ជាក់ស្តែង ស្របតាម​បំណង​មហាអំណាច​ចិន កម្ពុជា​មិន​ព្រម​ដាក់បញ្ចូល​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ទៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី២១នៅ​ភ្នំពេញ ក្នុង​ខែវិច្ឆិកា ឆ្នាំ២០១២ឡើយ។ ចិន​ប្រាថ្នា​ដោះស្រាយ​ជម្លោះព្រំដែន​ទឹកជា​មួ​យស​មា​ជិ​ក​អាស៊ាន​មួយចំនួន ដូចជា​វៀតណាម និង​ហ្វីលីពីន​ជាដើម តាមបែប​ទ្វេភាគី ជាជាង​តាមបែប​ពហុភាគី។ កង្វះ​ជំហរ​រួម​ក្នុងចំណោម​សមាជិក​អាស៊ាន​ទាំង១០ ទាក់ទង​នឹង​សំណុំ​រឿងនេះ បានធ្វើឱ្យ​សមាគម​អាស៊ាន​ដែលមាន​កម្ពុជា​ជា​ប្រធាន​នៅពេលនោះ មិន​អាចធ្វើ​សេចក្តីថ្លែងការណ៍​រួម បាន។ វា​ជា​លើក​ទី១ក្នុង​ប្រវត្តិសាស្ត្រ៤៥ឆ្នាំ​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​ភាគ​អាគ្នេយ៍​នេះ។

លើសពីនេះ​ទៀត ក្នុង​រយៈពេល២ឆ្នាំ​ចុងក្រោយ កម្ពុជា​បាន​ផ្ញើ​កំណត់​ទូត​តវ៉ា​ជាង១០ដង ដើម្បី​ទាមទារ​ឱ្យ​វៀតណាម​បញ្ឈប់​សកម្មភាព​ដែល​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​នានា​ស្តីពី​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ ការចរចា​ដោះស្រាយ​វិវាទ​ព្រំដែនម្តងៗ គឺជា​ញឹកញាប់​តានតឹង និង​បញ្ចប់​ដោយ​គ្មាន​លទ្ធផល​ធំដុំ ដូចជា​ការប្រជុំ៣ថ្ងៃ​ក្នុង​ក្រុងភ្នំពេញ​ដែល​ទើបបាន​បិទ​នៅ​ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៥ម្សិលមិញ​ជាដើម។  កម្ពុជា​លែង​យោគយល់​ចំពោះ​វៀតណាម​ទៀតហើយ៖ ការចាប់​បញ្ជូន​ចេញពី​កម្ពុជា​ជា​ហូរហែ​នូវ​ជនអន្តោប្រវេសន៍​ខុសច្បាប់ និង​ការ​រើ​សំបុក​វៀតណាម​ចេញពី​ក្នុង​ទន្លេ​នៅ​ឃុំ​អរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល កាលពី​ខែមិថុនា ឆ្នាំ២០១៥ ជា​សក្ខីកម្មខ្លះៗនៃ​ការអនុវត្ត​ច្បាប់​របស់​កម្ពុជា។

តាមពិត នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១២ ការអបអរ​ខួប​ទី៤៥ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា និង​វៀ​ណា​ម ដែល​បានចាប់ផ្តើម​ជា​ផ្លូវការ​នៅ​ឆ្នាំ១៩៦៧ បាន​ធ្វើឡើង​រួមគ្នា​យ៉ាង​ឱឡារិក។ វា​ជា​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​គោក​លេខ៣១៤ ចន្លោះ​ខេត្តកំពត​របស់​កម្ពុជា និង​ខេត្ត​កៀង​យ៉ាង​របស់​វៀតណាម ដោយមាន​ការចូលរួម​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី ង្វៀន តាន់​យុង​ផង។ ផ្ទុយទៅវិញ ការ​រម្លឹក​ខួប​លើក​ទី៤៨នៃ​ទំនាក់ទំនង​ការទូត​កម្ពុជា​វៀតណាម នៅ​ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៥ គឺ​មិនត្រូវ​បានរៀបចំ​ទេ។ ពេលនោះ ភាព​ស្ងៀមស្ងាត់​បាន​ចូលមក​ជំនួស​ទម្លាប់​ពោល​សរសើរ​ចំណងមិត្តភាព សាមគ្គីភាព និង​ភាពជា​បងប្អូន​រវាង​ប្រជាជាតិ​ទាំងពីរ។

រឹតតែ​គួរឱ្យ​សម្គាល់​ទៀត គឺ​ពេល​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី៦៤ ថ្ងៃ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥។ លោក ហ៊ុន សែន ប្រធាន​ថ្មី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែង​សុន្ទរកថា៩ទំព័រ ដោយ​គ្មាន​ពាក្យ​វៀតណាម​ទាល់តែសោះ។ នាយករដ្ឋមន្ត្រី​កម្ពុជា​គ្រាន់តែ​គូសបញ្ជាក់ថា គណបក្សកាន់អំណាច«គាំទ្រ​ពេញទំហឹង​ចំពោះ​ការប្តេជ្ញាចិត្ត​មោះមុត​របស់​រាជរដ្ឋាភិបាល ក្នុង​កិច្ចការ​ការពារ​អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី ជាពិសេស​ការខិតខំ​ដោះស្រាយ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេសជិតខាង ដោយ​ឈរលើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ ច្បាប់​ជាតិ ច្បាប់​អន្តរជាតិ និង​ឯកសារ​គតិយុត្ត​ពាក់ព័ន្ធ​នានា» ដើម្បី​ធើ្វ​ឱ្យ​ព្រំដែន​មាន​ស្ថិរភាព សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង​អភិវឌ្ឍន៍។

ក្នុងនាម​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​របស់​ចិន ថាមពល​កម្ពុជា​ត្រូវបាន​ពង្រឹង​បន្តិចម្តងៗ តាមរយៈ​ជំនួយ​សេដ្ឋកិច្ច យោធា និង​នយោបាយ ពី​មហាអំណាច​ពិភពលោក​នៅ​អាស៊ី​នេះ។ កម្ពុជា​មិន​រុញ​រា​ក្នុងការ​គាំទ្រ​យុទ្ធសាស្ត្រ​របស់​ចិន​យ៉ាង​ពេញទំហឹង​វិញ​ទេ។ ការណ៍​នេះ​បាន​រុញច្រាន​កម្ពុជា​ឱ្យ​កាន់តែ​ឃ្លាតឆ្ងាយ​ពី​វៀតណាម​ដែលជា​និច្ចកាល​ច្រឹប​យក​ទឹកដី​ខ្មែរ​ជា​បន្តបន្ទាប់។

ចំពោះ​វៀតណាម ការគាបសង្កត់​កម្ពុជា​ដោយ​កម្លាំង​គឺ​ងាយ ប៉ុន្តែ​ការ​ទប់​ទល់នឹង​ចិន​ក្នុង​ជម្លោះ​ដណ្តើម​ប្រជុំ​កោះ​ស្ព្រា​ត​លី​គឺ​មិនអាច​ទេ។ ដូច្នេះ វៀតណាម​ត្រូវយក​អាមេរិក​ធ្វើ​ខែល ខណៈ​សហរដ្ឋអាមេរិក​ក៏ត្រូវ​ការ​វៀតណាម​ដែរ ដើម្បី​រក្សា​អំណាច​ខ្លួន​ក្នុង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វី​ក ទល់នឹង​កំណើន​ឥទ្ធិពល​ចិន។ អាមេរិក​មិន​ត្រឹមតែ​បាន​បង្កើន​ជំនួយ​សេដ្ឋកិច្ច​ឱ្យ​វៀតណាម​ទេ ថែមទាំង​កាត់បន្ថយ​ទណ្ឌកម្ម​យោធា​ខ្លះ​អតីត​គូសត្រូវ​របស់ខ្លួន​ទៀតផង។ ទំនាក់ទំនង​ទ្វេភាគី​នេះ​រឹងមាំ​ឡើង ពេល​ប្រធាន​គណបក្ស​កុម្មុយនីស្ត​វៀតណាម ង្វៀន ភូ​ជុង (Nguyễn Phú Trọng) ធ្វើ​ទស្សនកិច្ច​នៅ​សេត​វិមាន នៅ​ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៥។

ដោយមាន​បង្អែករៀងៗខ្លួន កម្ពុជា និង​វៀតណាម លែង​ចុះសម្រុង​គ្នា​ទៀតហើយ។ របត់​ថ្មី​នៃ​ទំនាក់ទំនង​ខុស​ប្រក្រតី​រវាង​ប្រទេស​ទាំងពីរ​ស្ថិតក្រោម​ឥទ្ធិពល​ជម្លោះព្រំដែន​ដែល​ចាក់ឫស​ចេញពី​ការ​ប្រជែង​អំណាច​គ្នា​ក្នុងចំណោម​ប្រទេស​មហាអំណាច​ពិភពលោក​ដូចជា​ចិន និង​អាមេរិក​ជាដើម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ