អាជ្ញាធរខេត្តកំពង់ឆ្នាំងតម្រូវឲ្យជនជាតិវៀតណាមនៅលើទឹកបឹងទន្លេសាបទៅនៅលើគោកឲ្យអស់ត្រឹមចុងឆ្នាំនេះ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
តាមផែនការដែលបានគ្រោងទុក អាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែតុលានេះ បានអនុវត្តវិធានការរបស់ខ្លួន ដោយធ្វើការបម្លាស់ទីជនជាតិវៀតណាម ជាង២០០០គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក ក្នុងបឹងទន្លេសាបនោះ ឲ្យទៅរស់នៅលើដីគោកវិញឲ្យអស់ត្រឹមចុងឆ្នាំនេះ។ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា ទីតាំងថ្មី ដែលជនជាតិវៀតណាមត្រូវទៅរស់នៅនោះ គឺនៅមិនឆ្ងាយពីទីតាំងចាស់នោះឡើយ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ការធ្វើបម្លាស់ទីជនជាតិវៀតណាមចំនួន២,៣៩៧គ្រួសារ ដែលរស់នៅលើផ្ទះបណ្ដែតទឹក ឲ្យទៅនៅលើគោកវិញនេះ គឺមានកិច្ចសហការជាមួយ សមាគមវៀតណាមនៅកម្ពុជា ដោយសមាគមនេះបានសហការជាមួយដៃគូឯកជន ដើម្បីផ្ដល់ទីតាំងសម្រាប់តាំងលំនៅថ្មីរបស់ជនជាតិវៀតណាមទាំងនោះ។
ទីតាំងថ្មីដែលជនជាតិវៀតណាមទាំងនោះត្រូវទៅរស់នៅ គឺមានចំងាយតែប្រមាណមួយគីឡូម៉ែត្រពីកន្លែងចាស់ប៉ុណ្ណោះ ហើយខ្លះទៀត ត្រូវកំណត់ឲ្យទៅរស់នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ដោយមានទំហំដី៤០ហិកតា ដែលសមាគមវៀតណាម បានសហការជាមួយដៃគូឯកជន ដោយជួលឲ្យពួកគេរស់នៅ។ នេះបើតាមអភិបាលខេត្តកំពង់ឆ្នាំង។
តាមផែនការរបស់អាជ្ញាធរខេត្តកំពង់ឆ្នាំង ការបម្លាស់ទីជនជាតិវៀតណាមឲ្យចេញពីបឹងទន្លេសាបនេះ គឺបានជូនដំណឹងតាំងពីឆ្នាំ២០១៥មកម្ល៉េះ ដោយដាក់កំហិតត្រូវជម្លៀសចេញឲ្យអស់នៅចុងឆ្នាំ២០១៨នេះ។ កន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅម្តុំផ្សារក្រោម និងនៅតំបន់ឆ្នុកទ្រូ ស្ថិតក្នុង ស្រុកបរិបូរណ៌ និងនៅស្រុកកំពង់ត្រឡាច ជាដើម។
ការធ្វើបម្លាស់ទីជនជាតិវៀតណាម ឲ្យចេញពីផ្ទះបណ្តែតទឹកលើបឹងទន្លេសាប គឺក្រោមហេតុផលលើកកម្ពស់សោភ័ណភាពបរិស្ថាន ដែលធ្វើឲ្យប៉ះពាល់សុខភាព ជាពិសេសទឹកប្រើប្រាស់។ នេះជាការបញ្ជាក់របស់អាជ្ញាធរខេត្ត។
បើតាមអាជ្ញាធរខេត្ត ពីដំបូងឡើយ នៅពេលអាជ្ញាធរចេញសេចក្ដីជូនដំណឹង និងនៅពេលអនុវត្តការងារនេះ ក៏មានការតវ៉ាពីក្រុមជនជាតិវៀតណាមដូចគ្នាផងដែរ ប៉ុន្ដែអាជ្ញាធរអះអាងថា ខ្លួនបានប្រើប្រាស់វិធានការរដ្ឋបាលយ៉ាងតឹងរឹងបំផុត ដើម្បីជម្លៀសជនជាតិវៀតណាមទាំងនោះចេញពីលើទឹកបឹងទន្លេសាបឲ្យអស់នៅត្រឹមចុងឆ្នាំនេះទៅតាមផែនការកំណត់។
ជាការកត់សម្គាល់ វត្តមានរបស់ជនជាតិវៀតណាម នៅលើទឹកបឹងទន្លេសាប ដែលជាជង្រុកត្រីរបស់ខ្មែររាប់ទសវត្សរ៍មកហើយនោះ ត្រូវបានអង្គការសង្គមស៊ីវិល ធ្វើការរិះគន់ថា បានធ្វើឲ្យខូចខាតដល់ផលប្រយោជន៍ធនធានធម្មជាតិរបស់ខ្មែរ តាមរយៈការបោះកាកសំណល់ចោលទៅក្នុងទឹក ការបង្ហៀរប្រេងម៉ាស៊ីនកាណូត ជារៀងរាល់ថ្ងៃ និងការបំពុលបរិស្ថានទឹកផ្សេងៗទៀត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ