ភាគីវៀតណាមស្នើកម្ពុជាឲ្យជួយសហគមន៍ជនវៀតណាម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងជំនួបជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន និងលោក ង្វៀន ហ៊្វូជុង អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម កាលពីថ្ងៃម្សិលមិញ ភាគីវៀតណាមបានស្នើឲ្យកម្ពុជាជួយសហគមន៍ជនជាតិវៀតណាម និងអនុវត្តភាពស្មើគ្នាចំពោះសហគមន៍ជនវៀតណាម ដែលរស់នៅកម្ពុជា ដើម្បីរួមចំណែកក្នុងការរីកចម្រើនរបស់ប្រទេស។
ការស្នើពីភាគីវៀតណាមនេះ ធ្វើឡើងក្នុងដំណើរទស្សនៈកិច្ចរយៈពេល៣ថ្ងៃ ពីថ្ងៃទី២០ កក្កដា ដល់ថ្ងៃទី២២ កក្កដា របស់ លោក ង្វៀន ហ៊្វូជុង (Nguyen Phu Trong) អគ្គលេខាធិការគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាមតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា។
គេហទំព័រព័ត៌មានវៀតណាមចុះផ្សាយថ្ងៃទី២១ ខែកក្កដា ថាក្នុងពេលជួបប្រជុំរវាងភាគីវៀតណាម និងកម្ពុជា នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក ង្វៀន ហ៊្វូជុងបានស្នើទៅលោកហ៊ុន សែនឲ្យជួយសហគមន៍ជនជាតិវៀតណាម និងអនុវត្តភាពស្មើគ្នាចំពោះសហគមន៍ជនវៀតណាម ដែលរស់នៅកម្ពុជា។
លោកអ៊ាង សុផល្លែត ជំនួយការលោកនាយករដ្ឋមន្ត្រីមិនអាចសុំការបញ្ជាក់បន្ថែមបានទេនៅថ្ងៃទី២១ ខែកក្កដានេះ។ ប៉ុន្តែលទ្ធផលនៃកិច្ចប្រជុំដែលផ្សាយនៅលើទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រីកម្ពុជាវិញឲ្យដឹងថា រដ្ឋាភិបាលវៀតណាម បានសម្រេចផ្តល់ជំនួយជាថវិកាចំនួន២៥លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីសាងសង់អគារអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។
លោកង្វៀន ហ៊្វូជុង បាន ស្នើសុំអោយប្រទេសទាំងពីរជំរុញការតភ្ជាប់អោយកាន់តែស៊ីជម្រៅតាមរយៈវិស័យផ្សេងៗ ដោយធ្វើយ៉ាងណាពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរអោយកើនឡើងដល់ ៥ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២៥ខាងមុខ។
បើគិតត្រឹមឆ្នាំ២០១៦នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំប្រមាណ៣ពាន់លានដុល្លារ ហើយវៀតណាមបានវិនិយោគចំនួន១៩០គម្រោង ដែលមានទំហំទឹកប្រាក់២.៩ពាន់លានដុល្លារ។
គួរជម្រាបជូនថាក្នុងដំណើរទស្សនៈកិច្ចនៃមន្ត្រីសំខាន់ៗរបស់កម្ពុជា ទៅប្រទេសវៀតណាម ភាគីវៀតណាមក៏តែងតែស្នើឲ្យកម្ពុជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សហគមន៍ជនវៀតណាមនៅក្នុងប្រទេសកម្ពុជា ដើម្បីដោះស្រាយជីវិតរបស់ពួកគេ ដែលនេះគឺជាការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ