កម្ពុជា

លោក​​ អាត់ ធន់៖ តួលេខ ១៥៣​ដុល្លារ មិន​បាន​ឆ្លុះ​បញ្ចាំង​ឆន្ទៈ​ថៅកែ និង​កម្មករ​ទេ

លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU)

នៅ​ទី​បំផុត​ទៅ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ បាន​សម្រេច​កំណត់​ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​ឆ្នាំ​២០១៧ គឺ ១៥៣​ដុល្លារ។ ទាំង​ភាគី​រដ្ឋាភិបាល និង​និយោជក សុទ្ធ​តែ​សម្តែង​ការ​គំាទ្រ​លទ្ធផល​នេះ។ តែ​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា មិន​ទាន់​ពេញ​ចិត្ត​នឹង​តួលេខ​នេះ​ទេ។ តំណាង​សហជីព​កម្មករ​រូប​នេះ ចាត់​ទុក​ថា តួលេខ​នេះ មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ថៅកែ និង​កម្មករ​ឡើយ។​

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ បាន​សម្រេច​កំណត់​ ប្រាក់​ឈ្នួល​អប្បបរមា​កម្មករ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​ឆ្នាំ​២០១៧ គឺ ១៥៣​ដុល្លារ។ ជា​តួលេខ បាន​មក​ពី លទ្ធផល​បោះឆ្នោត​ របស់​គណៈកម្មការ​ប្រឹក្សា​ការងារ គាំទ្រ​ ១៤៨​ដុល្លារ និង​ប្រាក់​បន្ថែម​ចំនួន ៥ដុល្លារ ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា។ ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី នឹង​ចាប់​ផ្តើម​អនុវត្ត​ចាប់​ពី ថ្ងៃ​ទី១ ខែ​មករា ឆ្នាំ​២០១៧​តទៅ។

ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​កំណត់​ប្រាក់​ឈ្នួល​កម្មករ នា​ទី​ស្តីការ​ក្រសួង នៅ​ថ្ងៃ​ទី​២៩ កញ្ញា រដ្ឋ​មន្រ្តី​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង ចាត់​ទុក​ថា នេះ​ជា​ព័ត៌មាន​ល្អ​មួយ​ សម្រាប់​កម្មករ​យក​ទៅ​ជម្រាប​ជូន​អ្នក​ផ្ទះ នៅ​ឯ​ស្រុក​កំណើត ហើយ​ឆ្លង​បុណ្យ​ភ្ជុំ​ដោយ​រីក​រាយ។

ទាំង​ភាគី​រដ្ឋាភិបាល​កម្ពុជា និង​និយោជក សុទ្ធ​តែ​រីក​រាយ​គាំទ្រ​តួលេខ​នេះ​ ហើយ​សង្ឃឹម​ថា កម្មករ​នឹង​ទទួល​យក​ដោយ​មិន​មាន​ការ​តវ៉ា។

ឆ្លើយ​តប​ភ្លាម​ៗ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា (CCAWDU) បញ្ជាក់ថា កម្មករ​ភាគច្រើន​មិន​ទាន់​ពេញ​ចិត្ត​នឹង​លទ្ធផល​នេះ​ឡើយ ព្រោះ​វា​តិច​ជាង​រំពឹង​ទុក ១៧១ដុល្លារ និង​តួលេខ ១៧៩,៦ដុល្លារ ផ្អែក​តាម​របាយការណ៍ អង្គការ​អន្តរជាតិ​ខាង​ការងារ (ILO)។ ចំណែក​លទ្ធភាព​តវ៉ា លោក​បន្ថែម​ថា វា​ក៏​ពិបាក​ធ្វើ​ឡើង​ដែរ​ ដោយ​សារតែ​តំណាង​សហជីព​ភាគ​ច្រើន ដែល​ជា​អ្នកចរចា​សុទ្ធ​តែ​រង​បណ្តឹង​នៅ​តុលាការ ហើយ​កម្មករ​ក៏​មាន​ការ​រឹត​បន្តឹង​ពី​ថៅកែ និង​អាជ្ញាធរ។

លោក អាត់ ធន់ បាន​ចាត់​ទុក​ថា តួលេខ ១៥៣ ដុល្លារ ដែល​បាន​មក​ពី​សម្លេង​បោះឆ្នោត​គាំទ្រ លទ្ធផល ២២ លើ ២៤ សម្លេង (តួលេខ ១៤៨ដុល្លារ) មិន​បាន​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ ថៅកែ និង​កម្មករ ព្រោះ​បើ​ផ្អែក​លើ លទ្ធផល​បោះឆ្នោត​ជា​សម្ងាត់ សូម្បី​តែ​ក្រុម​និយោជក ក៏​មិន​បាន​បោះ​ឆ្នោត​គាំទ្រ តួលេខ ១៤៧ ដុល្លារ ដែល​ស្នើ​ដោយ ភាគី​ថៅកែ​ខ្លួន​ឯង​ដែរ។ លើស​ពី​នេះ​ទៀត​ មាន​ត្រឹម​តែ ២​សម្លេង​ប៉ុណ្ណោះ​ ក្នុង​ចំណោម​តំណាង​កម្មករ ៧រូប​ បាន​បោះឆ្នោត​គាំទ្រ ប្រាក់​ឈ្នួល​កម្មករ ១៧១ ដុល្លារ ដែល​ស្នើ​ដោយ​តំណាង​កម្មករ។

អង្គ​បោះឆ្នោត នៃ​គណៈកម្មការ​ប្រឹក្សា​ការងារ មាន​សមាសភាព ភាគី​តំណាង​និយោជក ៧​រូប ភាគី​កម្មករ​និយោជិត ៧រូប និង​រាជ​រដ្ឋាភិបាល ១៤រូប តែ​នៅ​ថ្ងៃ​នេះ មន្រ្តី​រដ្ឋាភិបាល ៤​នាក់ បាន​អវត្តមាន ដោយ​សារ​ជាប់​បេសកម្ម​។

គួរ​ជម្រាប​ថា ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្មករ​កាត់ដេរ នៅ​កម្ពុជា ត្រូវ​បាន​ រាប់ ចាប់​ពី ៤០ដុល្លារ ក្នុង​ឆ្នាំ​១៩៩៧ កើន​ដល់ ១០០​ដុល្លារ ក្នុង​ឆ្នាំ​២០១៤ កើន​ត្រឹម ១២៨​ដុល្លារ ក្នុង​ឆ្នាំ​២០១៥ និង​១៤០​ដុល្លារ ក្នុងឆ្នាំ​២០១៦៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI