ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ព្រះរាជ​ពិធី​បុណ្យ​អុំទូក អត្ថន័យ​ចាស់ ​ក្នុង​បរិបទ​ថ្មី​!

សំឡេង ០៤:៣៣
ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ចូលរួម​ពិធី​បុណ្យ​អុំទូក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។
ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​ចូលរួម​ពិធី​បុណ្យ​អុំទូក​នៅ​ក្នុង​រាជធានី​ភ្នំពេញ​។ RFI/ Siv Channa

ជា​ដំណឹង​ល្អ​មួយ សម្រាប់​ពលរដ្ឋ​ខ្មែរ ដែល​ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំ​បុក និង​សំពះ​ព្រះខែ អាច​ប្រារព្ធ​ឡើង​វិញ ក្នុង​ឆ្នាំ​២០១៦ បន្ទាប់​ពី​ខក​ខាន​ជា​ច្រើន​ឆ្នាំ។ រដ្ឋា​ភិបាល​រំពឹង​ថា ពិធី​បុណ្យ​រយៈ​ពេល​បី​ថ្ងៃ នៅ​បរិវេណ​មុខ​ព្រះ​បរមរាជ​វាំង ក្នុង​ឆ្នាំ​នេះ នឹង​អាច​ស្រូប​ទាញ​អ្នក​ចូលរួម​មក​ពី​បណ្តា​ខេត្ត និង​រាជធានី មក​ទស្សនា​រីករាយ មិន​តិច​ជាង ២លាន​នាក់​ទេ​។ ប៉ុន្តែ​ក្នុង​អត្ថន័យ​អបអរ និង​ការ​ប្រមូល​ផ្តុំ នៅ​រាជ​ធានី​ភ្នំពេញ គេ​មិន​សូវ​ឃើញ​មាន​មនុស្ស​ម្នា មក​ចូល​រួម​ច្រើន​កុះករ​ដូច​ឆ្នាំ​មុន​ៗ​ទេ ក្នុង​បរិបទ​ថ្មី​ចុង​ក្រោយ​នេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​កម្ពុជា ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ ជា​បុណ្យ​ប្រពៃណី​ជាតិ​ប្រចាំឆ្នាំដ៏​ធំ​ ដែល​ទាក់​ទាញ​មនុស្ស​យ៉ាង​ច្រើន ឲ្យ​មក​ប្រមូល​ផ្តុំ​គ្នា នៅ​ក្នុង​រាជធានី​ភ្នំពេញ។ ព្រះ​រាជពិធី​នេះ ​ប្រព្រឹត្ត​ទៅ ​នៅ​ថ្ងៃ​ពេញ​បូណ៌មី ខែ​កត្តិក ជា រដូវ​ស្រូវ​ក្នុង​ស្រែ​កំពុង​តែ​ទុំ ​និង​រដូវ​ទឹក​ស្រក​ហូរ​ចេញ​ពី​ទន្លេមេគង្គ នៅ​ខែវិច្ឆិកា។ ពិធី​នេះ មាន​តាំង​ពី​សម័យ​មហា​អង្គរ រហូត​មក ដោយ​ព្រះ​មហាក្សត្រ ដើរ​តួនាទី​សំខាន់​សម្រាប់ ​ព្រះរាជ​ពិធី និង​ប្រជា​រាស្រ្ត​ខ្មែរ។ នេះ​ជា​អត្ថ​ន័យ​ចាស់ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ​ដែល​មិន​ទាន់​មាន​អ្វី​ប្រែ​ប្រួល​នៅ​ឡើយ​។

ជា​ការ​ពិត តម្លៃ​ផ្លូវ​ចិត្ត របស់​ព្រះ​រាជ​ពិធី​អុំទូក គឺ​ស្ថិត​នៅ​ត្រង់ ទស្សន​វិជ្ជា​ ដែល​បង្កប់​ដោយ​អត្ថន័យ ដឹង​គុណ​ទន្លេ និង​បុព្វបុរស​ខ្មែរ​ក្នុង​ជំនឿ​សាសនា​ ការ​បង្រួប​បង្រួម​ជាតិ សាមគ្គី​ភាព សន្តិភាព និង​ការ​អបអរ​សាទរ​ជ័យ​ជំនះ​លើ​សត្រូវ​ឈ្លាន​ពាន​ទឹកដី។ ប៉ុន្តែ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់ ​ក្នុង​អត្ថន័យ​អបអរ និង​ការ​ប្រមូល​ផ្តុំ ពិធី​បុណ្យ​អុំទូក​រយៈ​ពេល​បី​ថ្ងៃ ក្នុង​ឆ្នាំ​២០១៦ នេះ ហាក់​ដូចជា មិន​សូវ​មាន​មនុស្ស​ម្នា មក​ចូល​រួម​ច្រើន​កុះករ នៅ​រាជធានី​ភ្នំពេញ ​ដូច​ឆ្នាំ​មុន​ៗ​ទេ។

មាន​ហេតុ​ផល​សំខាន់​មួយ​ចំនួន ដែល​នាំ​ឲ្យ​ ទំហំ​នៃ​អ្នក​ចូលរួម​ពិធី​បុណ្យ​អុំទូក ខុស​ប្លែក​ពី​ឆ្នាំ​មុនៗ ! ហេតុ​ផល ដំបូង គឺ​ការ​រៀបចំ​ពិធី ដែល​ផ្តើម​ប្រែប្រួល​មិន​ទៀង​ទាត់ នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។​ ព្រះ​រាជ​ពិធី​នេះ ត្រូវ​បាន​លុប​ចោល​ចំនួន ៤ឆ្នាំ គឺឆ្នាំ ២០១១ ២០១២ ២០១៣ និង​២០១៥ ដោយ​មូល​ហេតុ​ផ្សេង​ៗ។ ទន្ទឹម​គ្នា​នេះ ពល​រដ្ឋ​ទី​ក្រុង​ជា​ច្រើន បែរ​ជា​ផ្តើម​ធុញ​ទ្រាន់ ហើយ​ជ្រើស​យក​ការ​ចាក​ចេញ​ពី​រាជធានី ទៅ​រក​ទី​កំសាន្ត​តាម​បណ្តា​ខេត្ត ឬ​ក្រៅ​ប្រទេស​វិញ។ ស្រប​ពេល​នេះ នៅ​តាម​បណ្តា​ខេត្ត​ផ្សេង​ទៀត​ដូចជា ខេត្ត​សៀមរាប បាត់​ដំបង ព្រៃវែង ជា​ដើម ក៏​មាន​រៀបចំ​កម្មវិធី​អុំទូក កំដរ​ពលរដ្ឋ​ក្នុង​ខេត្ត​របស់​ខ្លួន ដែល​មិន​មាន​បំណង​ចូល​រាជធានី​ដែរ។​ មួយ​វិញ​ទៀត ព្រឹត្តិការណ៍​ផ្អើល​រត់​ជាន់​គ្នា​ស្លាប់​ជាង ៣០០​នាក់ នៅ​លើ​ស្ពាន​កោះ​ពេជ្រ ក្នុង​ឆ្នាំ​២០១០ នៅ​តែ​តាម​លង​បន្លាច​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន និង​ក្រុម​គ្រួសារ​សាច់​ញាតិ​ជន​រង​គ្រោះ។ ហេតុ​ផល​មួយ​ទៀត គឺ​ពលរដ្ឋ​ទូទៅ​ភាគ​ច្រើន​ នៅ​តែ រអា​ពី​សុវត្ថិភាព​របស់​ខ្លួន ក្នុង​ការ​ចូលរួម​ពិធី​ប្រមូល​ផ្តុំ​ ដោយសារ​ឥទ្ធិពល​នៃ​ការ​ព្រមាន និង​បង្រ្កាប​ពី​រដ្ឋាភិបាល ទៅ​លើ​រាល់​ការ​ប្រមូល​ផ្តុំ​របស់​បក្ស​ប្រឆាំង​ថ្មី​ៗ​នេះ។ នៅ​មុន​ពិធី​បុណ្យ​អុំទូក បក្ស​ប្រឆាំង​ ដែល​ធ្លាប់​តែ​ស្រែក​តវ៉ា​ក្តុង​ក្តាំង ក៏​បិត​ម៉ាត់​ឈឹង ទំនង​ជា​ដឹង​ហើយ​ថា ប្រតិកម្ម និង​សកម្មភាព​ប្រមូល​ផ្តុំ​របស់ បក្ស​ប្រឆាំង​ក្នុង​រដូវ​នេះ អាច​មាន​ឥទ្ធិពល​ដល់​ការ​រៀបចំ​ពិធី​បុណ្យ​អុំទូក ឬ​ក៏​អាច​នាំ​ឲ្យ​លុប​ចោល ដូច​ឆ្នាំ​២០១៥។

ប្រសិន​បើ​បុណ្យ​អុំទូក បន្ត​អាក់​ខាន​ទៀត ឬ​បន្ត​ក្នុង​បរិយាកាស​តាន​តឹង​ ទោះ​ចង់ ឬ​មិន​ចង់ ពលរដ្ឋ​ខ្មែរ បន្តិច​ម្តង​ៗ កំពុង​បាត់បង់ មោទនភាព​ជាតិ​របស់​ខ្លួន​ លើ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក ដែល​ជា​មរកត​ដូន​តា​មួយ និង​ទំនង​ជា​ស្តែង​ថា សន្តិភាព និង​ការ​អភិវឌ្ឍ នៅ​កម្ពុជា មាន​ដែន​កំណត់​នៅ​ឡើយ។

យ៉ាង​ណា​ក៏​ដោយ ចំនួន​មនុស្ស​ចូលរួម ក្នុង​ពិធី​បុណ្យ​អុំទូក​ឆ្នាំ​ ២០១៦ នេះ អាច​នឹង​ឆ្លើយ​តប​ រំពឹង​ទុក របស់​រដ្ឋ​មន្រ្តី​ក្រសួង​ទេសចរ ដែល​ថ្លែង​ថា នឹង​មាន​អ្នក​ចូលរួម​ទស្សនា​យ៉ាង​តិច ២​លាន​នាក់។ ក្នុង​ឆ្នាំ​នេះ បន្ទាប់​ពី​ការ​ប្រកាស​របស់ លោក​នាយក​រដ្ឋ​មន្រ្តី​ខ្មែរ ក្នុង​ខែ​កញ្ញា ប្តេជ្ញា​រៀបចំ​ពិធី​បុណ្យ​អុំទូក ឲ្យ​ទាល់​តែ​បាន​ បើ​ទោះ​បី​ជា​កម្ពស់​ទឹក​នៅ​សល់​តែ​ ២ម៉ែត្រ​ក៏​ដោយ មន្រ្តី​ក្រោម​ឱវាទ​របស់​លោក បាន​ព្យាយាម​បង្ហាញ​ការ​យក​ចិត្ត​ទុក​ដាក់​ខ្លាំង និង​ដាក់​ចេញ​ជា​សកម្មភាព​ជាក់​ស្តែង​ជាង​ឆ្នាំ​មុន ទៅ​លើ​វិធាន​ការ​សន្តិសុខ និង​កិច្ច​ការពារ បញ្ចៀស​បញ្ហា​អវិជ្ជមាន​ទាំង​ឡាយ​ដល់ ពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរ​បរទេស ដែល​ចូលរួម ពិធី។ ទោះ​បី​ជា​យ៉ាង​នេះ​ក្តី កីឡាករ​អុំទូក ឬ​ចំណុះ​ទូក​ចាស់​ៗ​ខ្លះ មិន​មាន​ពេល​ត្រៀម​ខ្លួន​រាប់​ខែ​មុន​ពេល​ប្រណាំង​ទូក​ទេ ម៉្លោះ​ហើយ​ទើប ពេល​កៀក​ថ្ងៃ​ប្រកួត ទូក​ង​ខ្លះ ត្រូវ​បង្ខំ​ចិត្ត​ ដើរ​ចាប់​កីឡាករ​មុខ​ថ្មី យ៉ាង​តក់​ក្រហល់​ ដើម្បី​អាច​គ្រប់​ចំណុះ ទើប​អាច​ប្រកួត​បាន។​

ក្នុង​ផ្នត់​គំនិត​របស់​ប្រជាពលរដ្ឋ​ខ្មែរ ចុង​ក្រោយ​នេះ​ គឺ​ពួក​គេ​ផ្តល់​ តម្លៃ​ផ្លូវ​ចិត្ត​ខ្លាំង លើ ពិធី​បុណ្យ​អុំទូក ដោយ​ស្នើ​ថា គួរ​តែ​រក្សា និង​រៀបចំ​ជា​រៀង​រាល់​ឆ្នាំ បន្ទាប់​ពី ពិធី​ប្រចាំ​ឆ្នាំ​នេះ ប្រែ​ក្លាយ​ជា​ពិធី​បុណ្យ​ដ៏​កម្រ​កន្លង​មក​។

ពិត​ហើយ​ថា ពិធី​បុណ្យ​អុំទូក អាច​រៀបចំ​បាន​ជា​រៀង​រាល់​ឆ្នាំ ដោយសារ​បរិបទ​សង្គម​មាន​សន្តិភាព និង​សាមគ្គី​ធម៌។ ​ដូច្នេះ​វា​មិន​ទាន់​ហួស​ពេល​ទេ ​ដែល​អ្នក​តម្រង់​ទិស​ទាំង​ឡាយ រៀន​ផ្តល់​សទ្ធា​ល្អ​ និង​អត់​ឱន​គ្នា ដើម្បី​ចាប់​យក​សាមគ្គី​ធម៌ ប្រោះ​ព្រំ​ប្រទេស​ខ្មែរ​ដ៏​ក្មេង​ខ្ចី​មួយ​នេះ ​កុំ​ឲ្យ​នៅ​ក្រិន ហើយ​អាច​លូត​លាស់​ល្អ​ពេញ​លក្ខណៈ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI