កម្ពុជា-អាកាសធាតុ

ក្រសួង​ធន​ធាន​ទឹក៖ កម្ពុជា​នឹង​រង​ឥទ្ធិពល​ព្យុះ​ត្រូពិក«ដំរី»នៅសប្តាហ៍នេះ

លោក ​ចាន់ ​យុត្ថា​ ​អ្នក​នាំពា​ក្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម​។
លោក ​ចាន់ ​យុត្ថា​ ​អ្នក​នាំពា​ក្យ​ក្រសួង​ធន​ធាន​ទឹក​និង​ឧត្តុ​និយម​។

នៅ​សប្តាហ៍​នេះ តំបន់​ខ្លះ​នៃ​ប្រទេស​កម្ពុជា នឹង​មាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់​បោក ដោយសារ​តែ​ឥទ្ធិពល​នៃ​ព្យុះ​ត្រូពិក​មួយ​ឈ្មោះ​ថា ​«ព្យុះដំរី»។ យ៉ាង​ណា​ក៏​ដោយ លោក ចាន់ យុត្ថា អ្នក​នាំ​ពាក្យ​ក្រសួងធន​ធាន​ទឹក និង​ឧតុនិយម អះអាង​ថា នឹង​មិន​បង្ក​ផល​ប៉ះពាល់​ដល់​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស ​និង​ដំណើរ​ការ​រៀប​ចំ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​នៅ​ភ្នំពេញ​ឡើយ។​

ផ្សាយពាណិជ្ជកម្ម

លោក ​ចាន់ ​យុត្ថា ​អ្នក​នាំ​ពាក្យ​ក្រសួង​ធន​ធាន​ទឹក​ និង​ឧតុ​និយម​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​នៅ​ថ្ងៃសុក្រ​នេះ ថា ព្យូ​ត្រូពិក​ឈ្មោះ «ដំរី» នេះ បាន​បោក​បក់​ចេញ​ពី​ប្រទេស​ហ្វី​លី​ពីន​ និង​វិវត្ត​ក្លាយ​ជា​ព្យុះ​ត្រូ​ពិក​ឆ្លង​កាត់ ​ផ្ទៃ​សមុទ្រ​ចិន​ខាង​ត្បូង ​ហើយ​ឆ្ពោះ​មក​កាន់​ឆ្នេរ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម។ ព្យុះ​ត្រូពិក​ដំរី​នេះ ត្រូវ​បាន​រំពឹង​ថា​នឹង​ចូល​មក​ដល់​ប្រទេស​កកម្ពុជា​ នៅ​អំឡុង​ព្រលប់​ថ្ងៃ​សៅរ៍ សប្តាហ៍នេះ។​

យ៉ាង​ណា​ក៏​ដោយ មន្ត្រីជំនាញ​រូប​នេះ​បាន​បញ្ជាក់​ថា បើ​តាម​ការ​ព្យាករណ៍ ​ខ្យល់​«ព្យុះដំរី»​នេះ ​នឹង​មិន​បង្អាក់ដល់ដំណើការនៃការបា្ររព្ធ​ព្រះ​រាជ​ពិធី​បុណ្យ​អុំទូក​ ​ដែល​កំពុង​ប្រារព្ធ​នៅ​ភ្នំពេញ​ឡើយ​ នៅ​ថ្ងៃ​ទី​មួយ ​និង​ថ្ងៃ​ទី​ពីរ​នៃ​ព្រះ​រាជ​ពិធី ។ ក៏​ប៉ុន្តែ​សម្រាប់​ថ្ងៃ​ទី​បី​ ពោល​គឺ​ថ្ងៃ​ទី ៤​វិច្ឆិកា ​លោក ចាន់ យុត្ថា ថា អាច​ចាប់​ផ្ដើម​មាន​ភ្លៀង​ធ្លាក់​នៅ​ក្បាល​ព្រលប់ ហើយ​ថា រហូត​មក​ទល់​ពេល​នេះ ក្រសួង​ធន​ធាន​ទឹក កំពុង​បន្ត​តាម​ដាន។

ស្រប​ពេល​ជាមួយ​គ្នា​ដែល​កម្ពុជា​កំពុង​ទទួល​រង​នូវ​ខ្យល់​ជំនោរ​ឦសាន ឬ​ជ្រលង​សម្ពាធ​ទាប ដូច្នេះ​ហើយ​ខ្យល់​បោក​បក់​ដែល​បង្ក​ពី ​«ព្យុះ​ដំរី» ​នេះ​នឹង​មិន​សូវ​បង្ក​ជា​ផលប៉ះពាល់ នោះ​ទេ។ តែ​នៅ​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​ ភ្លៀង​នឹង​ចាប់​ផ្ដើម​ធ្លាក់​រាយ​ប៉ាយ ​ចាប់​ពី​ថ្ងៃ​ទី៥​ ដល់​ថ្ងៃទី១០​ ខែវិច្ឆិកា។ នេះ​បើតាម​លោក​ ចាន់ យុត្ថា។

ចំណែក​តំបន់​ដែល​រងឥទ្ធិពល​«ព្យុះ​ដំរី»​នេះ​ច្រើន ​រួម​មាន​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​វៀត​ណាម ​តំបន់​មាត់​សមុទ្រ ​និង​តំបន់​ទំនាប​កណ្ដាល​ប៉ែក​ខាងកើតនិង​ត្បូង រួម​មាន៖ រាជ​ធានី​ភ្នំពេញ កណ្តាល កំពង់ស្ពឺ តាកែវ កំពង់​ឆ្នាំង ស្វាយ​រៀង ព្រៃវែង និង​ត្បូងឃ្មុំ នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ហើយ​បង្ក​ជា​ជំនន់​ទឹក​ភ្លៀង។ ដោយ​ឡែក​នៅ​តំបន់មាត់​សមុទ្រ​វិញ លោក ចាន់ យុត្ថា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ប្រជានេសាទ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ជៀស​វាង​គ្រោះ​ថ្នាក់​ជាយ​ថា​ហេតុ​។

តាមគេហ​ទំព័រ ​AccuWeather ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ បាន​សរសេរ​ថា ​ នៅ​ហ្វីលីពីន ខ្យល់​«ព្យុះដំរី» បាន​បង្ក​ជា​ការ​រអិល​បាក់​ដី ​ការរំខាន​ដល់​អាកាសចរណ៍ ​និង​សកម្មភាព​នាវាចរណ៍​ និងបណ្ដាល​ឱ្យ​មនុស្ស​ពីរ​នាក់​ស្លាប់។ ​ចំណែក​នៅប្រទេស​វៀតណាម​វិញ ​អំឡុងថ្ងៃ​សុក្រ ​និង​ថ្ងៃ​សៅរ៍ អាជ្ញាធរ​បាន​ព្យាករណ៍​ថា អាច​នឹង​មាន​ការ​រអិល​បាក់ដី ​ព្យុះ​បោក​បក់ ​និង​ភ្លៀង​ខ្យល់​ ​ នៅពេល​«ព្យុះដំរី»​នេះ ធ្វើ​ដំណើរ​មក​ដល់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI