ក្រសួងធនធានទឹក និងឧតុនិយម ក្រើនរំលឹកពលរដ្ឋទៅលេង អង្គរសង្រ្កាន្ត ឲ្យប្រុងប្រយត្នបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ នៅថ្ងៃអាទិត្យ ទី១៦ មេសា
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃព្រហស្បតិ៍ បានជូនដំណឹងថា កម្ពុជា នឹង មានបាតុភូតភ្លៀងកក់ខែ អំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ជាពិសេសភ្លៀងខ្លាំងនៅពេលយប់។ លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា នៅខេត្តសៀមរាប នាថ្ងៃទី១៦ មេសា ខាងមុខ អាចនឹងមាន ភ្លៀងកក់ខែបន្តិចបន្តួច តែអ្វីដែលគួរឲ្យបារម្ភ គឺបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ អាចនឹងកើតឡើងព្រមជាមួយគ្នា។ លោក ណែនាំថា ប្រសិនបើ ឃើញមេឃរកកលភ្លៀង ពពកខ្មៅអ៊ួរអាប់ សូមពលរដ្ឋ ប្រុងប្រយត្ន ហើយត្រូវរត់រកកន្លែងមានសុវត្ថិភាពទើបជាការប្រសើរ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសុក្រនេះថា ថ្ងៃចុងក្រោយ នៃបុណ្យចូលឆ្នាំខ្មែរ ពោលគឺ ថ្ងៃអាទិត្យ ទី១៦ ខែមេសា ខាងមុខ តំបន់ទំនាបកណ្តាល នៅខេត្តសៀមរាប ដែលកំពុងរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្ត អាចនឹងកើតមាន បាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់ ខណៈ កម្ពុជា កំពុងរងបាតុភូតភ្លៀងកក់ខែ លោក បន្ថែមថា ប្រសិនបើឃើញ មេឃរកកលភ្លៀង ពពកខ្មៅអ៊ួរអាប់ នៅពេលថ្ងៃ សូមពលរដ្ឋ បង្កើនការប្រុងប្រយត្ន ប្រញប់រត់ រកកន្លែងមានសុវត្ថិភាពដូចជា ចូលជ្រកនៅក្នុងប្រាសាទ និងមិនត្រូវឈរនៅក្រោមដើមឈើឡើយ។ យ៉ាងណាក៏ដោយ ស្ថានភាពអាកាសធាតុ តែងមានការប្រែប្រួលពី មួយថ្ងៃទៅមួយថ្ងៃ ដូច្នេះ ក្រសួងនឹង ធ្វើបច្ចុប្បន្នភាព ព័ត៌មានអាកាសធាតុរៀងរាល់ថ្ងៃ ហើយប្រសិនបើមាន អ្វីប្រែប្រួលខ្លាំង ក្រសួង និងជូនដំណឹងជាបន្ទាន់ ដើម្បីរក្សាសុវត្ថិភាពពលរដ្ឋ ដែលកំពុងធ្វើដំណើរកំសាន្តក្នុងអំឡុងបុណ្យចូលឆ្នាំខ្មែរ។
បើតាមក្រសួងធនធានទឹក និងឧតុនិយម ក្នុងអំឡុងពេលបុណ្យចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា កម្ពុជា អាចនឹងមានភ្លៀងកក់ខែ ពីមធ្យម ទៅច្រើន ជាពិសេសនៅពេលយប់ នាតំបន់ខ្ពង់រាប ចំណែកតំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងកក់ខែ ពីតិច ទៅមធ្យម។ បាតុភូត ភ្លៀងកក់ខែនេះ មិនគ្រប់ដណ្តប់ទូទាំងប្រទេសទេ ហើយខ្យល់កន្ត្រាក់ក៏មិនសូវកើតមានដែរ តែក៏អាចកើតមានដោយកន្លែងៗ ជួនភ្លៀងពេលថ្ងៃ អាចមានខ្យល់កន្ត្រាក់ដែរ។ ជាធម្មតា រដូវវស្សានៅកម្ពុជា តែងចាប់ផ្តើម នៅសប្តាហ៍ទីពីរ នៃខែឧសភា តែក្នុងឆ្នាំ២០១៧ នេះ រដូវវស្សា នឹងចាប់ផ្តើមនៅសប្តាហ៍ទីមួយ ពោលគឺ មកលឿនជាង បណ្តាឆ្នាំកន្លងមក។
អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បានកត់សម្គាល់ថា ក្នុងឆ្នាំ២០១៧នេះ កម្ពុជា មានសីតុណ្ហភាពអតិបរមាមធ្យម ស្ថិតក្នុងរង្វង់ ៣៤ អង្សារសេ គឺ ល្អប្រសើរ បើធៀបនឹង បណ្តា១០ឆ្នាំកន្លងមក ដែលឆ្នាំខ្លះ អាចកើនឡើងដល់ ៣៩ អង្សារសេ ឬ ៤១អង្សារសេ។
គួរជម្រាបថា តាមរបាយការណ៍ របស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបង្ហាញថា កាលពីឆ្នាំមុន ភ្លៀងកក់ខែ លាយឡំនឹងផ្គររន្ទះ ខ្យល់កន្ត្រាក់ ចាប់តាំងពីពាក់កណ្តាលខែមីនា រហូតដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០១៦ បានកើតឡើង ២១លើក ក្នុង ១០ខេត្ត បានសម្លាប់ជីវិតមនុស្ស ៦ នាក់ បង្ករបួសស្នាម ២៧នាក់ និងធ្វើឲ្យ រលំផ្ទះធ្ងន់ធ្ងរ ១០៧ ខ្នង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ