ក្រសួងការពារជាតិនឹងនាំអ្នកកាសែតជាតិនិងអន្តរជាតិទៅបញ្ជាក់ពីការពិតនៃមូលដ្ឋានទ័ពចិននៅព្រះសីហនុ
លោកឧបនាយករដ្ឋមន្រ្តីទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានអនុញ្ញាតឱ្យក្រុមអ្នកកាសែតជាតិ និងអន្តរជាតិចូលទៅទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុនៅថ្ងៃសុក្រ ស្អែកនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជានៅក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្រ្តីនៅព្រឹកមិញ។ តាមលោកផៃ ស៊ីផាន វត្តមានរបស់ក្រុមអ្នកកាសែតនេះ គឺដើម្បីផ្ទៀងផ្ទាត់ឱ្យបានច្បាស់ថា តើមានការសាងសង់មូលដ្ឋានទ័ពចិននៅទីនោះដែរឬទេ។
ចុះផ្សាយនៅថ្ងៃ៖
អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោកផៃ ស៊ីផាន បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ក្រុមអ្នកកាសែតនេះ នឹងលាងជម្រះនូវការសង្ស័យអំពីការសាងសង់មូលដ្ឋានកងទ័ពចិននៅក្នុងខេត្តព្រះសីហនុ និង ជាការបង្ហាញពីតម្លាភាព និង ភាពស្មោះត្រង់របស់កម្ពុជាផងដែរ។ បើទោះជាបែបនេះក្តី លោកផៃ ស៊ីផាន បានគូសបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចដ៏កម្រនេះ គឺមានតែក្រុមអ្នកកាសែតជាតិ និង អន្តរជាតិតែប៉ុណ្ណោះ ដោយមិនអញ្ជើញ និង អនុញ្ញាតឱ្យមានចូលរួមពីមន្រ្តីស្ថានទូតបរទេស ឫភាគីណាទៀតឡើយ។
ការដឹកនាំក្រុមអ្នកកាសែតទៅខេត្តព្រះសីហនុដោយផ្ទាល់នេះ គឺជាសក្ខីភាពមួយបន្ថែមទៀតរបស់រដ្ឋាភិបាលកម្ពុជាក្នុងការលាងជម្រះឱ្យស្អាតនូវព័ត៌មានដែលកម្ពុជា និង ចិនចុះកិច្ចព្រមព្រៀងសំងាត់អនុញាតឱ្យចិនអាចដាក់មូលដ្ឋានកងទ័ពរបស់ខ្លួននៅក្នុងខេត្តព្រះសីហនុ។ កាសែតអាមេរិកាំង The Wall Street Journal បានចុះផ្សាយពីរឿងនេះ ហើយបានលម្អិតថា កម្ពុជាបានអនុញ្ញាតឲ្យចិនប្រើប្រាស់មូលដ្ឋានយោធាសមុទ្ររាម ខេត្តព្រះសីហនុ រយៈពេល៣០ឆ្នាំ ហើយអាចបន្តសុពលភាពជាស្វ័យប្រវត្តិរៀងរាល់១០ឆ្នាំម្ដង។ កាសែតអាមេរិកមួយនេះបន្តថា មូលដ្ឋានកងទ័ពចិន នឹងមានកន្លែងស្ដុកអាវុធ ព្រមទាំងកន្លែងចតនាវាចម្បាំងផងដែរ។
ប្រមុខរដ្ឋាភិបាល ក្រសួងការបរទេស និង ក្រសួងការពារជាតិកម្ពុជា សុទ្ធតែបានចេញមកទាត់ចោលនូវព័ត៌មាននេះ ដោយចាត់ទុកថា ជាព័ត៌មានប្រឌិតដ៏អាក្រក់បំផុតប្រឆាំងនឹងកម្ពុជា។ ចំណែក រដ្ឋាភិបាលចិនក៏មិននៅស្ងៀមដែរ។ ក្រសួងការបរទេស និង ក្រសួងការពារជាតិចិនតាមរយៈអ្នកនាំពាក្យសុទ្ធតែបានច្រានចោលព័ត៌មាននេះ និង បានប្រាប់ទៅភាគីពាក់ព័ន្ធដទៃកុំឱ្យបកស្រាយបំផ្លើសអំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ចិន។
បើទោះបីចាត់ទុកព័ត៌មានដែលផ្សាយដោយកាសែត The Wall Street Journal ថាជាព័ត៌មានប្រឌិតប្រឆាំងនឹងកម្ពុជាក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកម្ពុជា មិនមានគម្រោងប្តឹងកាសែតអាមេរិកមួយនេះទេ។ ផ្ទុយទៅវិញ គឺរដ្ឋាភិបាលកម្ពុជាចង់ឱ្យបណ្តាញព័ត៌មានជួយផ្សព្វផ្សាយព័ត៌មានពិតឱ្យបានច្រើន ដើម្បីឆ្លើយតបទៅនឹងព័ត៌មានប្រឌិតនេះ។ នេះបើតាមលោកផៃ ស៊ីផាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ