កម្ពុជាជួយសម្រួលដល់អ្នកទេសចរជាង៥០០នាក់ ឲ្យធ្វើដំណើរតាមយន្តហោះ បន្ទាប់ពីនាវាដែលពួកគេជិះត្រូវបានរើសអើងចតពីប្រទេសដទៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នាវាទេសចរណ៍ខ្នាតយក្សមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ Westerdam នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចូលចតនៅកំពង់ផែខេត្តព្រះសីហនុហើយ បន្ទាប់ពីមានការអនុញ្ញាតពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈនាវាមួយនេះ មិនត្រូវបានស្វាគមន៍ពីសំណាក់ប្រទេស និងកោះចំនួន៦ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ ក្រោមហេតុផលបារម្ភពីការឆ្លងមេរោគកូរ៉ូណា។ ការអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ នៅពេលនេះ ត្រូវលោក ហ៊ុន សែន ប្រាប់កាសែត Fresh Newsថា ជាសកម្មភាពមនុស្សធម៌មួយ ក្នុងការបង្ហាញប្រាប់ទៅពិភពលោកថា កម្ពុជាមិនរើសអើងជាតិសាសន៍ និងជួយសង្គ្រោះអ្នកដែលកំពុងត្រូវការជំនួយ។
នាវាទេសចរណ៍ខ្នាតយក្សដ៏ប្រណិតមួយគ្រឿងរបស់សហរដ្ឋអាមេរិកឈ្មោះ Westerdam នេះមានផ្ទុកអ្នកទេសចរ និង បុគ្កលិកបំរើការងារសរុបជាង២២០០នាក់ រួមមាន៤១ ជាតិសាសន៍ ក្នុងនោះ មានជនជាតិអាមេរិកច្រើនជាងគេ រហូតដល់៦៥១នាក់ បន្ទាប់មកជនជាតិកាណាដា ២៧១នាក់ និងអង់គ្លេស១២៧នាក់ រួមនឹងជាតិសាសន៍ដទៃផ្សេងទៀត។ នាវាទេសចរណ៍នេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Holland America ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
លោក ឃាង ភិរម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុបានថ្លែងថា គោលបំណងនៃការចូលចតរបស់នាវានេះ គឺមិនមែនចូលមកកំសាន្តនោះទេ តែដើម្បីផ្ទេរអ្នកដំណើររបស់ខ្លួនមួយចំនួន ដែលត្រូវការដោះដូរមធ្យោបាយធ្វើដំណើរតាមរយៈយន្តហោះវិញ។ ជាក់ស្តែងមកទល់នឹងមានពេលនេះមានអ្នកដំណើរជាង៥០០នាក់ដែលសម្រេចប្តូរមធ្យោបាយធ្វើដំណើរបស់ពួកគេ ដោយកម្ពុជា មិនយកថ្លៃទិដ្ឋាការ (Visa) និងសេវាកម្មផ្សេងៗនោះឡើយ។
តាមអ្នកនាំពាក្យរូបនេះ ការងារនៅចំពោះមុខពេលនេះ រដ្ឋបាលខេត្តបានរៀបចំក្រុមការងារចំពោះកិច្ច រួមមានមន្ត្រីនគបាលអន្តោប្រវេសន៍ អ្នកជំនាញការពីស្ថាតទូតអាមេរិក និងពិសេសមន្រ្តីជំនាញសុខាភិបាល ឡើងទៅពិនិត្យដល់លើនាវាផ្ទាល់ ហើយប្រសិនបើមានករណីសង្ស័យមានជំងឺរណាមួយ នឹងត្រូវយកសំណាកទៅតាមដាន និងពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រភ្លាមៗ។
លោក ឃាង ភិរម្យ បន្តថាក្រុមការងារខេត្តព្រះសីហនុក៏បានរៀបចំរថយន្តក្រុង ប្រមាណ៣០ គ្រឿងសម្រាប់ដឹកជញ្ជូនអ្នកដំណើរជាង៥០០នាក់នេះ ពីនាវាទៅកាន់ព្រលានយន្តហោះកងកេងខេត្តព្រះសីហនុ ហោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងហោះហើរបន្តទៅកាន់ប្រទេសគោលដៅដែលពួកគេបានកំណត់។ ទោះយ៉ាងណា អភិបាលខេត្តព្រះសីហនុបានបញ្ជាក់ប្រាប់អ្នកកាសែតដែរថា ការងារនេះ គឺត្រូវធ្វើឡើងរយៈពេលតែ១ថ្ងៃប៉ុណ្ណោះ ដោយមិនអនុញ្ញាតឲ្យអ្នកទេសចរទាំងនោះស្នាក់នៅខេត្តព្រះសីហនុទេ។
ទាក់ទងទៅនឹងការអនុញ្ញាតរបស់កម្ពុជាឲ្យនាវាអាមេរិកចូលចតនៅពេលនេះ លោក Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាដែរ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកផងដែរ ដោយលោកបានអរគុណដល់រដ្ឋាភិបាលកម្ពុជា ព្រមទាំងបញ្ជាក់ថា ទូតអាមេរិក បានបញ្ជូនក្រុមការងារ ទៅកាន់ខេត្តព្រះសីហនុ ដើម្បីធ្វើការជាមួយនាវា Westerdam និងអាជ្ញាធរកម្ពុជា ក្នុងការជួយពលរដ្ឋអាមេរិក ឲ្យបានចាកចេញ និងឲ្យពួកគេវិលទៅកាន់គោលដៅនានារៀងៗខ្លួនវិញ បន្ទាប់ពីបានចូលមកកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ