ជំនួបរវាងរដ្ឋមន្ត្រី និងពលរដ្ឋរស់នៅអគារប៊ូឌីញស ឈានដល់ការជជែកលើចំនួនទឹកប្រាក់ជាថ្នូរនឹងការចាកចេញ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
គិតរហូតមកដល់ថ្ងៃនេះ នៅមិនទាន់ការស្រុះស្រួលគ្នាណាមួយលើការអភិវឌ្ឍអគារប៊ូឌីញស នៅឡើយទេបន្ទាប់ពី លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជួបប្រជុំជាថ្មីទៀត ជាមួយប្រជាពលរដ្ឋជិត ៥០០គ្រួសារ ដែលកំពុងរស់នៅអគារប៊ូឌីញស នៅព្រឹកថ្ងៃសុក្រនេះ។ ត្បិតតែមិនទាន់មានការស្រុះស្រួលណាមួយក៏ពិតមែន ប៉ុន្តែជំនួបនេះ ឈានទៅដល់ការជជែកលើចំនួនទឹកប្រាក់ជាថ្នូរក្នុងការចាកចេញ។
បើតាមលទ្ធផលបឋមនៃកិច្ចប្រជុំ ភាពមិនទាន់ចុះសម្រុងគ្នានេះ ដោយសារប្រជាពលរដ្ឋបង្កើនទំហំទឹកប្រាក់សំណងដែលមានស្រាប់ចំនួន ៦ម៉ឺនដុល្លារ ។ លោកជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា ប្រសិនបើពលរដ្ឋព្រមទទួលសំណង ៦ម៉ឺនដុល្លារ ជាថ្នូរការចាកចេញគឺពលរដ្ឋនឹងរស់នៅក្នុង ទំហំផ្ទៃក្រឡា ៤៧,៥ម៉ែត្រការ៉េនៃបន្ទប់ស្នាក់នៅ។
លោក ជា សុផារ៉ា បានជួយសម្រួលទៀតថា ប្រសិនបើពលរដ្ឋទទួលយកសំណងទាំងអស់គ្នាជាថ្នូរក្នុងការចាកចេញនោះគឺលោកមានគំនិតបញ្ចូលលុយទៅក្នុងគណនីធនាគារប្រជាពលរដ្ឋទាំងអស់តែម្ដង ដោយមិនប្រគល់ជាលុយសុទ្ធផ្ទាល់ដៃនោះទេក្រែងប្រជាពលរដ្ឋយកទៅប្រើប្រាស់ខុសគោលដៅ។
លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់បានបន្ថែមថា ក្នុងចំណោមពលរដ្ឋជិត ៥០០គ្រួសារនេះគឺ ៨៨ភាគរយហើយព្រមទទួលលុយជាថ្នូរក្នុងការចាកចេញ ១២ភាគរយដែលស្មើនឹង ៥៩គ្រួសារជំទាស់មិនព្រមចាកចេញគឺទទួលយកការអភិវឌ្ឍនៅនឹងកន្លែង។ ដោយសារតែបញ្ហានេះហើយ ទើបលោក ជា សុផារ៉ា ផ្ដល់ឱកាសឲ្យពលរដ្ឋទៅជជែកគ្នាសិន។
សូមបញ្ជាក់ថា គិតរហូតមកដល់ពេលនេះ អគារប៊ូឌីញស មានភាពចាស់ទ្រុឌទ្រោមណាស់ទៅហើយដោយកសាងឡើងតាំងពីឆ្នាំ ១៩៦៣ ។ ប្រឈមនឹងអាយុកាលច្រើនបែបនេះ ទើបក្រសួងដែនដី គ្រោងនឹងធ្វើការអភិវឌ្ឍឡើងវិញជាមួយក្រុមហ៊ុនជប៉ុនArakawa ក្នុងតម្លៃ ៨០លានដុល្លារ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ