ពលរដ្ឋប៊ូឌីញ ៧គ្រួសារនៅមិនទាន់ទទួលយកសំណងពីក្រុមហ៊ុន
ចុះផ្សាយនៅថ្ងៃ៖
ប្រជាពលរដ្ឋដែលរស់នៅអគារប៊ូឌីញ ស ចំនួន ៧គ្រួសារ នៅតែមិនព្រមចាកចេញ គិតមកដល់ថ្ងៃទី ១៤ កក្កដានេះ បន្ទាប់ពីប្រជាជន ៤៨០ គ្រួសារបានរើចេញ ទៅនៅកន្លែងថ្មី។ ការមិនព្រមចាកចេញរបស់ប្រជាពលរដ្ឋ ៧គ្រួសារនេះ គឺដោយសារតែពួកគាត់ទាមទារសំណងបន្ថែម លើសំណងចាស់ដែលមានស្រាប់ចំនួន ១៤០០ ដុល្លារ ក្នុងមួយម៉ែត្រការេ តែអាជ្ញាធរបញ្ជាក់ថា បញ្ហានេះក្រុមហ៊ុន នឹងប្រជាពលរដ្ឋបានជជែកគ្នា និងដោះស្រាយគ្នាអស់ហើយ។
អត្ថបទដោយៈ តាន់ គឹមច័ន្ទវាសនា និងហេង ពុធីរៈ
អ្នកស្រី ឈុម សាគង អាយុ៦០ឆ្នាំ ជាពលរដ្ឋ១ រូបក្នុមចំនោមប្រជាជន ៧គ្រួសារផ្សេងទៀត ដែលមិនព្រមរើចេញ បានប្រាប់វិទ្យុបារាំងថា ការចាកចេញណាមួយអាចធ្វើទៅបាន លុះត្រាតែគាត់ទទួលបានសំណងសមស្របជាងនេះ ដែលអាចទិញផ្ទះ១ បានសមរម្យសម្រាប់សមាជិក១០នាក់នៃគ្រួសាររបស់គាត់។ អ្នកស្រី សង្ឃឹមថាក្រុមហ៊ុនជប៉ុន Arakawa នឹងដោះស្រាយអោយសមស្របទៅតាមអ្វីដែលអ្នកស្រីចង់បាន ព្រោះអ្នកស្រីមានការជឿជាក់ថាក្រុមហ៊ុនមិនធ្វើអ្វីអោយប៉ះពាល់ដល់ក្រុមគ្រួសារដែលមិនព្រមរើចេញនោះទេ។ ខណៈដែលមានសេចក្តីរាយការណ៍ថាមានការកាត់ផ្តាច់ចរន្តអគ្គីសនីនៅទីនោះ អ្នកស្រីអះអាងថា គ្មានការផ្តាច់ចរន្តអគ្គីសនី និងទឹកនោះទេ ផ្ទុយទៅវិញការប្រើប្រាស់គ្មានការបង់ថ្លៃថែមទៀត។
ដោយឡែកលោក ខៀវ ប៊ុនធឿន អ្នកលក់បាយ និងម្ហូបអាហារនៅអាគារប៊ូឌីញ កំពុងតែរើអីវ៉ាន់ចេញពីផ្ទះដែលធ្លាប់រស់នៅ២៧ ឆ្នាំ ទៅស្នាក់នៅផ្ទះជួលជាបណ្តោះអាសន្នសិន អោយដឹងថា ការដែលក្រុមហ៊ុនឲ្យតម្លៃ១៤០០ដុល្លា ក្នុង១ម៉ែតការ៉េ គឺសមរម្យអាចទទួលយកបាន។ តែយ៉ាងណាក៏ដោយ លោកនៅតែមានក្តីអាឡោះអាល័យ ពេលដែលដឹងថា អគារប៊ូឌីញនឹងត្រូវបានវាយកំទេចនៅពេលខាងមុខ។
បើតាមលោក សេង ឡូត អ្នកនាំពាក្យក្រសួងដែនដី បានបញ្ជាក់ប្រាប់វិទ្យុបារាំងនៅរសៀលថ្ងៃ ១៤ កក្កដានេះថា ក្រសួងបានធ្វើការផ្សព្វផ្សាយទៅប្រជាពលរដ្ឋឲ្យរើចេញពីលំនៅដ្ឋានរបស់ខ្លួន ដើម្បីឲ្យក្រុមហ៊ុនធ្វើការរៀបចំទៅតាមគម្រោងផែនការ។ តាមការរៀបចំកន្លងមកជារួមចំពោះតម្លៃក្រសួងបានធ្វើការជជែកគ្នាជាមួយប្រជាពលរដ្ឋ និងក្រុមហ៊ុនរួចមកហើយ ថែមទាំងមានការវាស់វែង និងកំណត់ទៅតាមបច្ចេកទេសច្បាស់លាស់ និង តាមទីតាំងទាំងអស់ដល់ប្រជាជនដែលរស់នៅអាគារប៊ូឌីញផងដែរ។
គួររំលឹកថា ពលរដ្ឋដែលសម្រេចរើចេញ បានព្រមព្រៀងលក់បន្ទប់ស្នាក់នៅរបស់ពួកគេទៅឲ្យក្រុមហ៊ុនក្នុងតម្លៃ១,៤០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ ហើយក្រសួងដែនដីបានកំណត់ឲ្យប្រជាពលរដ្ឋ ចាប់ផ្ដើមរើចេញចាប់ពីថ្ងៃទី៦ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៧ ដើម្បីធ្វើយ៉ាងណាអោយបងប្អូនរើចេញឱ្យទាន់ពេលវេលា ក្រុមហ៊ុនអាចនឹងរៀបចំគម្រោងអភិវឌ្ឍន៍ ទៅតាមពេលវេលាដែលបានកំណត់។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ