កម្ពុជា-អភិវឌ្ឍន៍

លោក ជា សុផារ៉ា ៖ ជាង ៩០% នៃ​ពលរដ្ឋ ៤៩៣ គ្រួសារ រស់នៅ​លើ​អគារប៊ូឌិញស ចង់​បាន​លុយ​​ ហើយ​ដើរចេញ

អគារសហកម្មសិទ្ធិប៊ូឌិញ ស ដែលនឹងត្រូវអភិវឌ្ឍន៍នៅឆ្នាំ២០១៧ (រូបភាព whitebuilding.org)
អគារសហកម្មសិទ្ធិប៊ូឌិញ ស ដែលនឹងត្រូវអភិវឌ្ឍន៍នៅឆ្នាំ២០១៧ (រូបភាព whitebuilding.org)

បន្ទាប់​ពី​​ចុះ​ស្រង់​ស្ថិតិ​​ពលរដ្ឋ​កំពុង​រស់នៅ​លើ​អគា​រ​សហកម្មសិទ្ធិ​ប៊ូឌិញ ស រក​ឃើញ​តួលេខ​ផ្លូវការ​សរុប ៤៩៣គ្រួសារ ក្រសួង​រៀបចំ​ដែនដី ក៏​រកឃើញ​ដែរ​ថា ជាង ៩០% នៃ​ពលរដ្ឋ​ទាំង​នោះ ចង់​បាន​សាច់​ប្រាក់ ច្រើន​ជាង ទទួល​យក​ជម្រើស​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​រៀបចំ​ដែនដី នឹង​កោះ​ប្រជុំ​ជាមួយ​ពលរដ្ឋ​ដើម្បីពន្យល់​លម្អិ​ត​រឿង​គម្រោង​អភិវឌ្ឍ​បន្ថែម​ទៀត បន្ទាប់​ពី​ពលរដ្ឋ​ឯកភាព​លើ​ទំហំ​​កាន់​កាប់​ជាក់​ស្តែង ដែល​បាន​វាស់វែង​រួច​ហើយ​ កាល​ពី​ដើម​ខែធ្នូ ឆ្នាំ២០១៦។

ផ្សាយពាណិជ្ជកម្ម

លោក ជា សុផារ៉ា រដ្ឋមន្រ្តី​​ក្រសួង​​រៀបចំ​​ដែនដី នគរូប​នីយកម្ម និង​សំណង់​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ នៅ​ថ្ងៃព្រហស្បតិ៍​ (ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០១៦) នេះថា ជាង ៩០% នៃ​ពលរដ្ឋ សរុប ៤៩៣ គ្រួសារ កំពុង​រស់នៅ​លើ​អគារសហកម្មសិទ្ធិ ប៊ូឌីង ស ចង់​បាន​សាច់​ប្រាក់​ ហើយ​សុ​ខចិត្ត​ដើរ​ចេញ ខណៈ​ពលរដ្ឋ​ប្រមាណ ៧% ទៀត​ ព្រម​ទទួល​យក​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​។

លោក ជា សុផារ៉ា បន្ថែមថា ក្នុងសប្តាហ៍នេះ ក្រសួង​រៀបចំដែនដី នឹងផ្តើម បិត​ផ្សាយ​ស្ថិតិ​ផ្លូវការ របស់​ពលរដ្ឋ​កំពុងរស់​នៅ​លើ​អគារប៊ូឌិញ សរុប​ជិត ៥០០​គ្រួសារ ដោយ​ទុក​ពេល​ជូន ១៥​ថ្ងៃ ដើម្បី​ឲ្យពួកគាត់ តវ៉ាលើ​​ទំហំផ្ទះ ដែល​កាន់​កាប់​ជាក់ស្តែង បន្ទាប់ពី​ក្រសួង​ចុះ​ស្រង់​ស្ថិតិ កាលពីថ្ងៃ ៣ខែធ្នូ ឆ្នាំ២០១៦ ក្នុង​គោលបំណង​ផ្តល់​វិញ្ញាបនបត្រ​​សម្គាល់​កម្មសិទ្ធិ​ឯកជន​​នៃ​អគារ​សហកម្ម​សិទ្ធិ​នេះ។ ហើយ​ក្រសួង​ នឹង​កោះ​ប្រជុំ​ជាមួយ​ពលរដ្ឋ​លម្អិត​រឿង​ការ​អភិវឌ្ឍ​គ​​ម្រោង​​ម្តងទៀត ក្រោយ​រយៈពេល​បិត​ផ្សាយ​បាន​​បញ្ចប់។
រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បញ្ជាក់ថា ដើម្បីអភិវឌ្ឍគម្រោងនេះ ក្រសួង​ ត្រូវការ​ការ​ឯកភាព​គ្នា មួយ​រយ​ភាគរយ លើជម្រើស​ណាមួយ ពីពលរដ្ឋ ប្រសិន​បើមាន​កា​រជំទាស់តែ ពីរគ្រួសារ ក៏ត្រូវ​គាំង​ចោល​គម្រោងទាំងអស់ដែរ ព្រោះ អាគារប៊ូឌិញ​​ត្រូវការ វាយកំទេច​ចោល​ទាំងមូល​។ លោក ជា សុផារ៉ា អះ​អាង​ថា លោក​​អាចនឹង​បញ្ចុះបញ្ចូល ពលរដ្ឋ​ភាគតិចឲ្យ​ឯកភាព​តាម​គេ​ភាគច្រើន ៩០% ព្រោះ​ការ​​ឯកភាព​ដុំៗ​ចឹង មិ​ន​អាច​អនុវត្ត​គម្រោង​បាន​ទេ ហើយ​វា​ជា​ហានិភ័យ​ខ្ពស់​ដែរ បើ​ទោះបី​ជា រដ្ឋាភិបាល​មាន​បំណង​ឲ្យ​ពលរដ្ឋ​​អភិវឌ្ឍ​នៅនឹង​កន្លែង​។ ហើយ​​ចំពោះ​ការ​កំណត់ថ្លៃ​អគារ​សម្រាប់​គ្រួសារ​និមួយៗ ដែល​ចង់​យក​ទឹកប្រាក់ ក្រសួង​នឹង​ រក​ក្រុមហ៊ុន​អចលនទ្រព្យ​ឯករាជ្យ​មកវាយ​តម្លៃ ដោយ​ផ្អែកលើ​​ស្ថានភាព​បច្ចុប្បន្ន ចំពោះ ​អគារ​​ប៊ូ​ឌី​ញ ស្ថិត​ក្នុង​បរិវេណ​​សង្កាត់​​ទន្លេបាសាក់ ខណ្ឌចំការមន និង​បាន​កសាង​ឡើង​តាំង​ពី​ឆ្នាំ​​១៩៦៣ ។
តំណាង​សហគមន៍​ពលរដ្ឋ​អគារប៊ូឌិញ លោកស្រី ឌី សុផាន់ណារ៉ាមានី បាន​បញ្ជាក់​ថា គ្រួសារ​ភាគច្រើន ដែល​ជ្រើស​យក​សាច់​ប្រាក់ ដោយ​សារ​មាន​តម្រូវ​ការ​ផ្ទាល់​ខ្លួន ខណៈ​គ្រួសារ​មួយ​ចំនួន​យល់ឃើញ​ថា ការអភិវឌ្ឍ​នៅ​ក​​ន្លែង​កណ្តាល​ទីក្រុង-ទី​ប្រជុំជន ​នឹង​ក្លាយ​ជា​លំ​នៅដ្ឋាន​ដ៏​ប្រសើរ​មួយ​នៅ​ថ្ងៃ​អនាគត។
គួរ​ជម្រាប​ថា ក្រសួង​រៀបចំ​ដែនដី និង​ក្រុមហ៊ុន​ជប៉ុន Arakawa គ្រោង​នឹង​អភិវឌ្ឍ​នៅ​ទីតាំង​អគារប៊ូឌិញស ក្នុង​ទឹកប្រាក់​​ជិត ៨០​លាន​ដុល្លារ​សហរដ្ឋ​។ ការ​សាងសង់​អាច​នឹង​ចាប់ផ្តើម​នៅដើម​ឆ្នាំ២០១៧ ហើយ​​ស៊ី​ពេលជិត ៤ឆ្នាំ រាប់បញ្ចូល ការ​​សាង​សង់​​ទីតាំង​​ស្នាក់​​នៅ​បណ្តោះ​​​អាសន្ន ក្នុង​​សង្កាត់​ទឹកថ្លា រាជធានី​ភ្នំពេញ និង​​គម្រោង​សាងសង់​អគារ​ប៊ូ​ឌី​ង​​ថ្មី​​មាន​កម្ពស់ ២១ជាន់ មានទីតាំង​​ចំណត ៣ជាន់ កន្លែង​​លក់​ដូរ ១ជាន់ និង​​កន្លែង​ស្នាក់​នៅ ៥ជាន់ ដែល​​បន្ទប់​ស្នាក់​នៅ​​នីមួយៗ មាន​​ទំហំ​ធំ​​ជាង​​មុន ១០%។ ចំណែក​ចាប់ពី ជាន់ទី៩ ​ឡើង​ទៅ នឹង​​ផ្តល់​​ជា​​កម្មសិទ្ធិ​វិនិយោគ​​របស់​​ក្រុមហ៊ុន​​ជប៉ុន​ Arakawa៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI