ករណីពុលស្រាស្លាប់មនុស្សនៅខេត្តកំពង់ឆ្នាំងទាញសញ្ញាអាសន្ន ពីសុវត្តិភាពចំណីអាហារនៅកម្ពុជា
មានមនុស្ស ១៣នាក់បានស្លាប់ ក្នុងចំណោមមនុស្ស ៦២នាក់ បានពុលស្រាស នៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ នេះជាករណីថ្មីមួយទៀតនៃការពុលស្រាស ដែលតែងតែកើតឡើងជាញឹកញាប់នារយៈពេលពេលពីរបីឆ្នាំកន្លងមកនេះ។ មិនត្រឹមតែករណីពុលស្រាសនេះទេ មានករណីផ្សេងទៀតដូចជា ពុលផ្អកត្រីប្រៃ ពុលនំកញ្ចប់ ទឹកក្រូច ជាដើម។ បញ្ហានេះជាសញ្ញាបញ្ជាក់ប្រាប់ថា សុវត្តិភាពចំណីអាហារ និងសុខភាពសាធារណៈជាបញ្ហាដែលត្រូវពិនិត្យមើលឡើងវិញជាបន្ទាន់។
ចុះផ្សាយនៅថ្ងៃ៖
នេះមិនមែនជាលើកទី១ ហើយក៏មិនមែនជារឿងថ្មីដែរ មានករណីទាំងអស់នេះកើតឡើង។មានហេតុផលមួយចំនួន ដែលគេអាចលើកយកមកពន្យល់បាន។ ដួចជាចំណីអាហារខ្វះសុវត្ថិភាព និងគុណភាព មានន័យថា ចំណីអាហារគ្រប់ប្រភេទ ដែលយើងបរិភោគមិនដឹងជាបង្កប់ដោយសារធាតុគីមីពុលអ្វីខ្លះទេ? ចំណីអាហារខ្លះទៀតខូចគុណភាព និងខ្វះអនាម័យ។
ជាក់ស្តែង ក្រៅពីពុលស្រាស ស្លាប់មនុស្ស ១៣នាក់ នៅខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី ៧ធ្នូ, ថ្ងៃម្សិលមិញក៏មានដែរ ករណីពុលផ្អកកូនត្រីប្រៃ នៅខេត្តសៀមរាប ដែលបណ្ដាលឲ្យ ពលរដ្ឋ ៣០នាក់ និងព្រះសង្ឃ ៦អង្គ មានអាការៈក្អួតចង្អោរធ្ងន់ធ្ងរ ហើយបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ដោយឡែក កាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ សិស្សានុសិស្សតូចៗ នៃសាលាបឋមសិក្សាតាតៃ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណ ៨០នាក់ មានអាការៈពុល ក្អួតចង្អោរ រហូតបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីមានវិទ្យាស្ថានមួយបានទៅចែកម្ហូបអាហារ ដូចជាបាយឆាកញ្ចប់ សាច់ក្រក និងទឹកដោះគោនៅទីនោះ។
ករណីពុលស្រាសក្នុងខេត្តកំពង់ឆ្នាំង ករណីពុលផ្អកត្រីប្រៃ និង នំកញ្ជប់ ទឹកក្រូច ដែលធ្វើឲ្យមនុស្សឈឺ និងស្លាប់បន្តបន្ទាប់សុទ្ធសឹងជាឧទាហរណ៍ជាក់ស្តែងនៃកង្វះសុវត្ថិភាពចំណីអាហារ។ បើទោះបីជាពេលខ្លះផលវិបាកមិនបានបង្ហាញភ្លាមៗ ប៉ុន្តែ ករណីខាងលើដែលកំពុងកើតឡើងនៅពេលនេះជាសញ្ញាបញ្ជាក់ថា សុវត្តិភាពចំណីអាហារ និង សុខភាពរបស់មនុស្សទូទៅកំពុងចុះទន់ខ្សោយគួរឲ្យព្រួយបារម្ភ ។
ប្រឈមមុខនឹងបញ្ហានេះ អាជ្ញាធរសុខាភិបាល និងសមត្ថកិច្ចផ្សេងទៀត ដែលមានតួនាទីត្រួតពិនិត្យសុខភាព និងចំណីអាហារត្រូវតែបង្កើនការយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាទៅលើបញ្ហាសុខភាពសាធារណៈ ជាពិសេសការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារដែលដាក់លក់នៅលើទីផ្សារ គឺជាការងារចាំបាច់មិនអាចខ្វះបាន ដើម្បីធានាថា ចំណីអាហារដែលគ្រប់គ្នាបរិភោគមានថាមពលសម្រាប់ទ្រទ្រង់រាងកាយ តែមិនមែនជាថ្នាំពុលដែលបំផ្លាញសុខភាពនោះឡើយ។
ជាការកត់សម្គាល់ មួយថ្ងៃក្រោយពីមានករណីពុលស្រាស្លាប់មនុស្សនេះ ក្រសួងសុខាភិបាលក៏បានធ្វើការក្រើនរំលឹក ជូនដល់ប្រជាជនទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នការពិសារស្រាដែលបានផលិត ឬបានបិទដោយមិនមានលក្ខណៈបច្ចេកទេសត្រឹមត្រូវ រួមទាំងការការពារផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ខ្លួន ដើម្បីឱ្យជៀសផុតពីករណីពុលស្រានេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ