ទស្សនៈព្រឹត្តិការណ៍ខ្មែរ

ហេតុ​អ្វី​ អ.ស.ប រក​​​ផែនទី​បោន ដែល​កម្ពុជា​តម្កល់​ទុក​មិន​ឃើញ?

សំឡេង ០៥:១៦
ការ​បង្ហាញ​ផែនទី​ដោយ​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​០២ កក្កដា ឆ្នាំ​២០១៥
ការ​បង្ហាញ​ផែនទី​ដោយ​​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា នៅ​ក្នុង​សន្និសីទ​កាសែត ថ្ងៃ​ទី​០២ កក្កដា ឆ្នាំ​២០១៥ RFI/Siv Channa

អង្គការ​សហប្រជាជាតិ ឲ្យ​កម្ពុជា​ខ្ចី​​ផែនទី​ចំនួន​១៨​ផ្ទាំង។ ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ ផែនទី​ទាំង​១៨​ផ្ទាំង​នេះ មិន​មែន​ជា​ផែនទី​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​ដែល​កម្ពុជា​សុំ​ខ្ចី​​នោះ​ទេ​។ ផែនទី​ដែល​កម្ពុជា​សុំ​ខ្ចី ត្រូវ​បាន​អង្គការ​សហប្រជាជាតិ​គូស​បញ្ជាក់​ថា ​មិន​អាច​រក​ឃើញ​ទេ​។ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ​ដែល​ថា ផែនទី​ជា​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​យក​ទៅ​តម្កល់​នៅ​អង្គការ​​សហប្រជាជាតិ​​បាត់​ ទើប​រក​មិន​ឃើញ? ឬ​ថា មែន​ទែន​ទៅ កម្ពុជា​មិន​ធ្លាប់​បាន​តម្កល់​ទុក​ផែនទី​បោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់នោះ នៅ​អង្គការ​សហប្រជាជាតិ​ទេ​? ហើយ​ប្រសិន​បើ​កម្ពុជា​មិន​បាន​តម្កល់​ផែនទី​នៅ​អង្គការ​សហប្រជាជាតិ​ទេ សួរ​ថា​តើ​គេ​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ?

ផ្សាយពាណិជ្ជកម្ម

កាល​ពី​ថ្ងៃ​ទី​០៦​ខែ​កក្កដា លោកនាយករដ្ឋ​មន្ដ្រី​ហ៊ុន សែន បាន​ស្នើ​ទៅ​កាន់​អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ ​អនុញ្ញាត​ឲ្យ​កម្ពុជា​ខ្ចី​​​ផែនទី​បោន ខ្នាត ១​លើ​១០០​ពាន់ បោះ​ពុម្ព​ដោយ​ក្រុម​ភូមិ​សាស្ត្រ​ឥណ្ឌូចិន​។ ជា​ផែនទី​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ និង​ជា​ផែនទី​ដែល​ជន​ជាតិ​ខ្មែរ​ទាំង​អស់​ជឿជាក់​ថា ​រដ្ឋាភិបាល​សម័យ​សង្គមរាស្រ្ត​និយម ​យក​ទៅ​តំកល់​នៅអង្គការ​សហប្រជាជាតិ នៅ​ឆ្នាំ​១៩៦៤​។

ប៉ុន្តែ​ជា​ការ​កត់​សម្គាល់ អង្គការ​សហប្រជាជាតិ​មិន​អាចរក​ឃើញ​ផែនទីបោន ខ្នាត​១​លើ​១០០​ពាន់​​ដែល​កម្ពុជា​សុំ​ខ្ចី​នោះ​​ទេ​។ បើ​តាម​លិខិត​របស់​​លោក បាន គីមូន ចុះ​ថ្ងៃ​ទី​០៥​សីហា អង្គការ​សហប្រជាជាតិ​រក​ឃើញ​តែ​ផែនទី​មួយ​ចំនួន​ប៉ុណ្ណោះ ពី​កន្លែង​ផ្ទុក​ឯកសារ​របស់​បណ្ណាល័យ ដាក ហាម៉ាស្កូហ្សូល ដែល​អាច​មាន​ប្រយោជន៍​ចំពោះ​រដ្ឋាភិបាល​កម្ពុជា​។ ផែនទី​ដែល​រក​ឃើញ​នោះ​មាន​ចំនួន​១៨​ផ្ទាំង​​។ ប៉ុន្តែ​វា​មិន​មែន​ជា​ផែនទី​បោន ខ្នាត​១​លើ​១រយ​ពាន់ ស្ដី​ពី​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង ដែល​កម្ពុជា​ស្នើ​សុំ​ខ្ចី​នោះ​ទេ​។ វា​គឺ​ជា​ផែនទី​ស្ដី​ពី​ការ​ទម្លាក់​គ្រាប់​បែក​របស់​អាមេរិក​និង​វៀតណាម​ខាង​ត្បូង ចូល​ក្នុង​ទឹក​ដី​កម្ពុជា​ នៅ​សម័យ​សង្គម​រាស្ត្រ​និយម​។

វា​ជា​រឿង​គួរ​ឲ្យ​ភ្ញាក់​ផ្អើល នៅ​ពេល​អង្គការ​សហប្រជាជាតិ​រក​មិន​ឃើញ​ផែនទីបោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់ ​ដែល​កម្ពុជា​អះអាង​ថា យក​ទៅ​តម្កល់​ទុក នៅ​ឆ្នាំ​១៩៦៤​​។ បើ​ដូច្នេះ តើ​វា​អាច​ទៅ​រួច​ដែរ​ឬ​ទេ​ដែល​ថា ផែនទី​​នោះ​​​បាត់​ ទើបគេ​​រក​មិន​ឃើញ?

តាម​ពិត នៅ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​១៩៦៤ រដ្ឋាភិបាល​កម្ពុជាពិត​ជា​​បាន​ផ្ដល់​សំណុំ​ឯកសារ​មួយ​ឈុត ក្នុង​នោះ​មាន​ទាំង​ផែនទី​ផង ជូន​ទៅ​បេសកជន​របស់​អង្គការ​សហប្រជាជាតិ​ពិត​មែន​។ កាល​ណោះ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​បញ្ជូន​បេសកជន​មក​កម្ពុជា​ដើម្បី​ពិនិត្យ​ទី​កន្លែង​ដែល​កម្ពុជា​ប្ដឹង​​ថា ​រងគ្រោះ​ដោយ​​ការ​ទម្លាក់​គ្រាប់​បែក​ឥត​ឈប់ឈរ ពី​សំណាក់​សហរដ្ឋ​អាមេរិក​។ ប៉ុន្តែ​ការ​ផ្ដល់​ឯកសារ​ទៅ​អង្គការ​សហប្រជាជាតិ ដើម្បី​ជា​ជំនួយ​ផ្លូវ​ច្បាប់​សម្រាប់​បណ្ដឹង​ត​ទល់​ជាមួយ​អាមេរិក គឺ​មិន​អាច​ចាត់​ទុក​ថា ​ជា​ការ​តម្កល់​ទុក​ដោយ​​មាន​ការ​ទទួល​ស្គាល់​ជា​អន្ដរជាតិ​​នោះ​ទេ​។

ចុះ​បើ​ដូច្នេះ សួរ​ថា​តើ​ផែនទី​បោន ខ្នាត​មួយ​លើ​មួយ​រយ​ពាន់​ដែល​កម្ពុជា​អះអាង​ថា ព្រះបាទ​នរោត្តម​សីហនុ តម្កល់​ទុក​នៅ​អង្គការ​សហប្រជាជាតិ​នោះ នៅ​ឯណា? ហេតុ​អ្វី​ទើប​គេ​រក​មិនឃើញ​? ឬ​ថា មែន​ទែន​ទៅ កម្ពុជា​មិន​ធ្លាប់​បាន​តម្កល់​ទុក​ផែនទី​បោន​ខ្នាត​មួយ​លើ​មួយ​រយ​ពាន់នោះ នៅ​អង្គការ​សហប្រជាជាតិ​ទេ​? ហើយ​ប្រសិន​បើ​កម្ពុជា​មិន​បាន​តម្កល់​ផែនទី​នៅ​អង្គការ​សហប្រជាជាតិ​ទេ សួរ​ថា​តើ​គេ​គួរ​ធ្វើ​យ៉ាង​ណា​ចំពោះ​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ?

បូរណភាព​ទឹកដី​របស់​កម្ពុជា មិន​អាច​រំលោភ​បាន​ដាច់​ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​១​លើ​១​រយ​ពាន់ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់ឆ្នាំ​១៩៥៣ ហើយ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ជា​អន្ដរជាតិ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣ ដល់​ឆ្នាំ​១៩៦៩​។ នេះ​ជា​ខ្លឹមសារ​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ ដែល​ជន​កម្ពុជា​ចងចាំ និង​ជឿជាក់​យ៉ាង​មុត​មាំ ជា​ច្រើន​ជំនាន់​មកហើយ​។

ប្រសិន​បើ​ផែនទី​ខ្នាត​១​លើ​១​រយ​ពាន់ ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នោះ គ្មាន​ការ​ទទួល​ស្គាល់​ជា​អន្ដរជាតិ​ទេ​ វា​គ្មាន​អត្ថន័យ​ផ្នែក​ច្បាប់អ្វី ​ដើម្បី​ចាប់​បង្ខំ​ប្រទេសដទៃ ជាពិសេស​ប្រទេស​ជិតខាង ឲ្យ​អនុវត្ត​តាម​នោះ​ដែរ​។ ជាក់​ស្ដែង នៅ​ក្នុង​ការងារ​កំណត់​និង​បោះ​បង្គោល​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​សព្វ​ថ្ងៃ កម្ពុជា​បាន​ចុះ​កិច្ច​ព្រមព្រៀង​និង​សន្ធិសញ្ញានានា មិន​តិច​ជាង​៥​ទេ​។

មែន​ទែន​ទៅ បើ​មិន​និយាយ​ពី​សច្ចភាព​ មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នៅ​មាន​ចំណុច​ខ្វះ​ខាត​ច្រើន។ ខ្វះ​ខាត​ព្រោះ​មាត្រា​នេះ បាន​ចង​កម្ពុជា​ឲ្យ​ប្រើ​ប្រាស់​ផែនទី​ខ្នាត​១​លើ​១រយ​ពាន់ ដែល​ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣ ដល់​ឆ្នាំ​១៩៥៣​។ មាត្រា​នេះ​អនុញ្ញាត​ឲ្យ​កម្ពុជា​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ពីរ​ប៉ុណ្ណោះ គឺ​ប្រទេស​វៀតណាម និង​ប្រទេស​ឡាវ​។ ប៉ុន្តែ​មាត្រា​ដដែល​នេះ កម្ពុជា​មិន​អាចប្រើ​ប្រាស់​ជាមួយ​ប្រទេស​ថៃ​បាន​ទេ​។ ការ​កំណត់​ព្រំដែន​ជាមួយ​ប្រទេស​ថៃ ត្រូវ​​ប្រើ​ប្រាស់​ផែនទី​ខ្នាត​១​លើ​២​រយ​ពាន់​ តាម​រយៈ​អនុស្សរណៈ​យោគយល់​ដែល​កម្ពុជា​បាន​ធ្វើជាមួយ​ប្រទេស​ថៃ​​។

ផ្អែក​តាម​បញ្ហា​ចម្រូង​ចម្រាស់​ដូច​បាន​លើក​ឡើង​នេះ រដ្ឋាភិបាល​កម្ពុជា​និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ គួរ​តែ​ពិចារណា​លទ្ធភាព​នៃការ​ធ្វើ​វិសោធនកម្ម​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​នេះ​ឡើង​វិញ​។ ជា​ការ​ពិត​ហើយ​ថា វា​មិន​មែន​ជា​រឿង​ចាំ​បាច់​បន្ទាន់​ដែល​ទាមទារ​ដាច់​ណាត់​ឲ្យ​ធ្វើ​នោះ​ទេ​។ ប៉ុន្តែ​វា​ជា​រឿង​ដែល​គួរ​ធ្វើ ដើម្បី​ឲ្យ​ការ​អនុវត្ត​ជាក់​ស្ដែង អនុលោម​យ៉ាង​ពិត​ប្រាកដ​ទៅ​តាម​ច្បាប់​កំពូល​នៃ​ប្រទេស​ និង​ដើម្បី​បញ្ចៀស​ទំនាស់​ព្រំដែន​នា​ពេល​ខាង​មុខ​ជាមួយ​ប្រទេស​ជិត​ខាង និង​ជា​ពិសេស​ជាមួយ​ខ្មែរ​គ្នា​ឯង​។ ការ​ធ្វើ​វិសោធនកម្ម​​រដ្ឋធម្មនុញ្ញ មិន​មែន​ជា​រឿង​គួរ​ឲ្យ​ខ្លាច​រអារ​ទេ ប្រសិន​បើរួម​គ្នា​​ធ្វើ​ប្រកប​ដោយ​គតិបណ្ឌិត​ ដោយ​តម្កល់​ផល​ប្រយោជន៍​ជាតិ​ជា​ធំ​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI