កម្ពុជា-សេដ្ឋកិច្ច

​សហភាព​អឺរ៉ុប​បញ្ជាក់​ឡើង​វិញ​ពី​ហេតុផល​មួយ​ចំនួន​នៃ​ការ​ព្យូរ​EBA​ បន្ទាប់​ពី​កម្ពុជា​រិះគន់​ថា​ជា​ការ​អនុវត្តន៍​ស្តង់​ដា​ពីរ​

តំណាង​សហ​ភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ បាន​រំឭក​ឡើង​វិញ​ពី​បញ្ហា​មួយ​ចំនួន​ដែល​បាន​នាំ​ឱ្យ​មាន​ការ​ចាប់​ដំណើរ​ការ​នីតិ​វិធី​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នៃ​ការ​អនុគ្រោះ​ដល់​កម្ពុជា​លើ​គ្រប់​ទំនិញលើក​លែង​តែអាវុធ ឬ​ហៅ​កាត់​ថាEBA។ ការ​បញ្ជាក់​ជា​ថ្មី​របស់​តំណាង​ប្រទេស​លោក​សេរី​ចំនួន​២៨នេះ គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​ប្រមុខ​ការ​ទូត​កម្ពុជា បាន​ធ្វើ​ការ​រិះគន់​ជា​ថ្មី​ម្តង​ទៀត​ចំពោះ​សហភាព​អឺរ៉ុប​ថា​ជា​ការ​អនុវត្តន៍​ស្តង់​ដា​ពីរ​។ 

សហភាពអឺរ៉ុប
សហភាពអឺរ៉ុប @សហការី
ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​អ៊ីម៉ែល​ឆ្លើយ​តប​នឹង​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​ទី៦​ខែ​មីនា​នេះ សហភាព​អឺរ៉ុប​មិន​បាន​ឆ្លើយ​តប​ចំៗ ចំពោះ​ការ​លើក​ឡើង​របស់​កម្ពុជា​ដែល​ថា សហភាព​អឺរ៉ុប​អនុវត្តន៍​ស្តង់​ដា​ពីរ​នោះ​ទេ​។ ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ឡើង​វិញ​ពី​មូល​ហេតុ​ចំបងៗ​ដែល​ធ្វើ​ឲ្យ​ប្រទេស​លោក​សេរី​ទាំង​២៨​នេះ សម្រេច​ចិត្ត​ផ្តើម​នីតិវិធី​ផ្អាក​ការអនុគ្រោះ​ពន្ធដល់កម្ពុជាលើគ្រប់​មុខ​ទំនិញ លើកលែងតែអាវុធ EBA។

ការ​ព្រួយ​បារម្ភ​របស់​សហភាព​អឺរ៉ុប បាន​ផ្តោត​លើ​វិស័យ​សំខាន់​បី​គឺ​សិទ្ធិ​នយោបាយ​និង​ការ​ធ្លាក់​ចុះ​លំហ​ប្រជា​ធិបតេយ្យ​និង​សង្គម​ស៊ីវិល​។ បញ្ហា​ពលកម្ម​និង​ការ​កាត់​បន្ថយ​សេរីភាព​ខាង​សមាគម​និង​សេរីភាព​ជួប​ប្រជុំ​។ និង​ការ​ព្រួយ​បារម្ភ​លើ​សម្បទាន​ដី​សេដ្ឋកិច្ច​ជា​ពិសេស​នៅ​ក្នុង​វិស័យ​ស្ករ​ស​។

បើ​តាម​សហ​ភាព​អឺរ៉ុប ទាំង​នេះ​គឺ​ជា​វិស័យ​ដែល​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​សន្ធិ​សញ្ញា​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​ការងារ​អន្តរជាតិ​ដែល​កម្ពុជា​បាន​ចុះ​ហត្ថលេខា​និង​ផ្តល់​សច្ចាប័ន​ដើម្បី​ទទួល​បាន​ផល​ប្រយោជន៍​ពី​EBA​។

សូម​បញ្ជាក់​ថា នៅ​ចំពោះ​មុខ​ឯក​អគ្គ​រដ្ឋទូត​និង​អ្នក​ការ​ទូត​ដែល​បាន​ចូល​រួម​សន្និសីទ​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​កាល​ពី​ថ្ងៃទី៥មីនា លោក ប្រាក់ សុខុន បាន​រិះគន់​សហភាព​អឺរ៉ុប​អំពី​ដំណើរ​ការ​ត្រួត​ពិនិត្យ EBA​នេះ​ ។ ប្រមុខ​ការ​ទូត​កម្ពុជា បាន​ហៅ​ដំណើរ​ការ​នេះ​ថា «ជា​ការ​អនុវត្តន៍​នូវ​ស្តង់​ដារ​ពីរ​មក​លើ​កម្ពុជា​។

សម្រាប់ លោក ប្រាក់ សុខន សហភាព​អឺរ៉ុប​មាន​ការ​ស្ទាក់​ស្ទើរ​ចាត់​វិធាន​ការ​ប្រឆាំង​នឹង​ប្រទេស​អាស៊ាន​ដទៃ​ទៀត​ចំពោះ​ការ​ធ្លាក់​ចុះ​សិទិ្ធ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​។ ការ​ធ្លាក់​ចុះ​សិទ្ធិ​មនុស្ស សំដៅ​ដល់​ប្រទេស​ភូមា និង​ខ្វះ​ប្រព័ន្ធ​ពហុ​និយម​ឬ​ជា​ប្រទេស​ឯកបក្ស​សំដៅ​ដល់​ឡាវ​។

 

លោក ប្រាក់ សុខុន បាន​កត់​សម្គាល់​ទៀត​ថា សហភាព​អឺរ៉ុប​ចង់​បាន​ពហុ​និយម​នៅ​ក្នុង​ប្រទេស​កម្ពុជា​នេះ​ប៉ុន្តែ សហភាព​អឺរ៉ុប​នៅ​តែ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​ពាណិជ្ជ​កម្ម​ជាមួយ​ប្រទេស​មួយ​ដែល​គ្មាន​ពហុបក្ស​នៅ​ក្នុង​តំបន់​។

 

ក៏​ប៉ុន្តែ បើ​តាម​សហ​ភាព​អឺរ៉ុប កម្ពុជា​នៅ​តែ​មាន​ឱកាស​ទទួល​បាន​ការ​អនុគ្រោះ​បន្ត​ទៀត ប្រសិន​បើ​កម្ពុជា​ព្រម​កែ​លម្អ​ស្ថាន​ភាព​មួយ​ចំនួន​នៅ​ដំណាក់​កាល​ចុង​ក្រោយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI