អ្នកវិភាគ&សហជីព៖ កម្ពុជាអាចនឹងខាតលុយ១០០លានដុល្លារ/ឆ្នាំ និងការងារកម្មករខ្ទង់ម៉ឺននាក់ពីការដក EBA
ចុះផ្សាយនៅថ្ងៃ៖
អឺរ៉ុបបានសម្រេចជាផ្លូវការដកការអនុគ្រោះពន្ធពីកម្ពុជាលើទំនិញចំនួន៤០ប្រភេទ ក្នុងនោះនឹងយកពន្ធលើផលិតផលសម្លៀកបំពាក់ខ្លះ ឯផលិតផលធ្វើដំណើរវិញយកពន្ធទាំងអស់។ គិតជាទឹកប្រាក់ ផលិតផលទាំងអស់នេះ មានតម្លៃនាំចេញដល់ទៅជាង១ពាន់លានដុល្លារអាមេរិក។ អ្នកវិភាគសេដ្ឋកិច្ចនិងមេសហជីពនៅកម្ពុជា បានវាយតម្លៃជាបឋមថា ការសម្រេចយកពន្ធខ្លះវិញនេះ គឺធ្វើឱ្យកម្ពុជាត្រូវបង់ពន្ធនាំចេញទៅអឺរ៉ុបប្រមាណ១០០លានដុល្លារ/ឆ្នាំ ព្រមទាំងអាចបាត់បង់ការងាររបស់កម្មករក្នុងខ្ទង់ម៉ឺននាក់ថែមទៀត។
លោកចាន់ សុផល អ្នកជំនាញផ្នែកសេដ្ឋកិច្ច និង ជានាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានលើកឡើងថា នៅពេលនេះ កម្ពុជាត្រូវបង់ពន្ធលើទំនិញនាំទៅអឺរ៉ុបចំនួន២០% នៃទំនិញនាំចេញសរុប ហើយ៨០% ទៀតនៅរួចពន្ធដដែល។ លោកបានវាយតម្លៃជាបឋមថា ពន្ធលើទំនិញ២០%នេះមានកម្រិតប្រហែល១០០លានដុល្លារក្នុង១ឆ្នាំ។ សម្រាប់លោកចាន់ សុផល បរិមាណនេះមិនច្រើនពេកទេ បើគិតក្នុងបរិបទសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ពោល គឺវាត្រូវជា១,១% នៃការនាំចេញសម្លៀកបំពាក់និងស្បែកជើងសរុប ១,២% នៃការចំណាយថវិកាជាតិ និងត្រូវជា ០,៣៥% នៃផលិតផលសរុបក្នុងស្រុក (GDP) ដែលនេះវាមិនធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាថមថយខ្លាំង ឬក៏ដួលរលំនោះឡើយ។
ចំណែក លោកអាត់ ធន់ ដែលជាប្រធានសហភាពការងារកម្ពុជាវិញក៏យល់ឃើញថា កម្ពុជានឹងខាតលុយ១០០លានដុល្លារក្នុងការបង់ពន្ធនាំចូលទំនិញទៅកាន់សហភាពអឺរ៉ុបផងដែរ។ បន្ថែមពីលើការខាតបង់ថវិកា លោកអាត់ ធន់ ក៏មើលឃើញថា វានឹងប៉ះពាល់ដល់ការងាររបស់កម្មករខ្មែរចូលខ្ទង់ម៉ឺននាក់ តែលោកមិនហ៊ានកំណត់ឱ្យជាក់លាក់ថាចំនួនប៉ុន្មាននោះទេ។ តាមលោកអាត់ ធន់ បច្ចុប្បន្ន កម្ពុជាមានកម្មករ កម្មការិនីជាង៨០ម៉ឺននាក់ដែលកំពុងបម្រើការងារនៅក្នុងរោងចក្រជាង១ពាន់២រយរោងចក្រ ក្នុងនោះរោងចក្រផលិតសម្លៀកបំពាក់នាំចេញទៅទីផ្សារសហភាពអឺរ៉ុបមានប្រមាណ៦០០រោងចក្រ។
ចំពោះការវាយតម្លៃទាំងនេះ ក្រសួងពាណិជ្ជកម្មកម្ពុជាមិនទាន់បញ្ជាក់ឱ្យដឹងយ៉ាងណានៅឡើយទេ។ លោកសៀង ថៃ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃព្រហស្បតិ៍នេះថា ក្រសួងពាណិជ្ជកម្មកំពុងរង់ចាំទទួលឯកសារផ្លូវការនៃការដកប្រព័ន្ធអនុគ្រោះពន្ធEBAពីសហភាពអឺរ៉ុបជាមុនសិន ទើបវាយតម្លៃការខាតបង់តាមក្រោយ។
កាលពីថ្ងៃទី១២ កុម្ភៈ គណៈកម្មការអឺរ៉ុបបានសម្រេចដកការអនុគ្រោះពន្ធពីកម្ពុជាលើផលិតផលខ្លះក្នុងវិស័យកាត់ដេរនិងដេរស្បែកជើង និងទាំងស្រុងលើផលិតផលធ្វើដំណើរ និងស្ករ។ ផលិតផលទាំងអស់នេះ នាំចេញពីកម្ពុជាទៅអឺរ៉ុបក្នុងតម្លៃសរុបប្រមាណជាង១ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ ចំពោះផលិតផលធ្វើដំណើរ លោកអត់ ធន់ មិនអាចវាយតម្លៃបានឡើយថា នឹងអាចខាតបង់ថវិកា និងការងារកម្មករចំនួនប៉ុន្មាននោះ។ ប៉ុន្តែ លោកគូសបញ្ហាក់ថា រោងចក្របង្កើតផលិតផលធ្វើដំណើរមានប្រមាណ១រយរោងចក្រ ហើយនាំចេញក្នុងទំហំទឹកប្រាក់ជាង១ពាន់ដុល្លារអាមេរិក តែការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបមានចំនួនតិចជាងការនាំចូលទៅទីផ្សារអាមេរិក។ ជុំវិញបញ្ហានេះ លោកហេង សួរ អ្នកនាំពាក្យក្រសួងការងារកម្ពុជាមិនទាន់អាចសុំការបញ្ជាក់បាននៅឡើយទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ