របាយការណ៍៖ ក្រុមស្ត្រី LBT ភាគច្រើនទទួលរងអំពើហិង្សាពីគ្រួសារតាំងពីនៅវ័យក្មេង
សហគមន៍ឥន្ទធនូកម្ពុជា នៅថ្ងៃសុក្រនេះ បានបង្ហាញរបាយការណ៍មួយ ដែលស្ដីពីស្ថានភាពរបស់ក្រុមស្ត្រី LBT ដែលមានដូចជាស្ត្រីស្រលាញ់ស្ត្រី ស្ត្រីស្រលាញ់ភេទទាំងពីរ និងស្ត្រីប្ដូរយេនឌ័រជាបុរស។ របាយការណ៍ដែលជាការស្រាវជ្រាវពីខែកុម្ភះ រហូតដល់ខែមេសា ឆ្នាំ២០១៩ បង្ហាញឲ្យឃើញថា ក្រុមស្ត្រីទាំងនោះភាគច្រើនទទួលរងអំពើហិង្សាពីគ្រួសារ។
ចុះផ្សាយនៅថ្ងៃ៖
តាមរយៈរបាយការណ៍នៃការស្រាវជ្រាវរបស់សហគមន៍ឥន្ទធនូកម្ពុជា ដែលបានធ្វើកិច្ចសម្ភាសន៍ជាមួយនឹងក្រុមស្ត្រី LBT ចំនួន៦១នាក់ មកពីខេត្តចំនួន៨នៃប្រទេសកម្ពុជា បង្ហាញថា មានក្នុងក្រុមស្ត្រី LBT នេះ ចំនួន៣១នាក់ ដែលមានអាយុក្រោម៣៥ឆ្នាំ បានទទួលរងអំពើហិង្សាពីគ្រួសារតាំងពីនៅវ័យក្មេងម្ល៉េះ។
អំពើហិង្សាទាំងនោះត្រូវបានរបាយការណ៍សម្គាល់ថា មានច្រើនបែបច្រើនទម្រង់។
ក្នុងការស្រាវជ្រាវ សហគមន៍បានលើកឡើងថា ក្រុមស្ត្រី LBT អាយុក្រោម៣៥ឆ្នាំនោះ មានចំនួន៨១% ជួបប្រទះអំពើហិង្សាតាមរយៈផ្លូវចិត្ត ហើយមាន១០% ទទួលរងនូវអំពើហិង្សាផ្លូវភេទ និងចំនួន៣៥%ទៀត គឺជាក្រុមដែលធ្លាប់គិតចង់សម្លាប់ខ្លួន ឬក៏ធ្លាប់សម្លាប់ខ្លួនហើយតែមិនបានសម្រេច។
របាយការណ៍ដដែលបានរៀបរាប់ពីស្ថានភាពហិង្សានីមួយៗបន្ថែមទៀតថា ក្រុមស្ត្រីដែលទទួលរងអំពើហិង្សាលើផ្លូវចិត្តនោះក៏ព្រោះតែ នៅក្នុងស្ថានភាពគ្រួសារ ស្ត្រីទាំងនោះរមែងទទួលបានការរើសអើង និងមិនទទួលបានការរាប់រកពីសមាជិកគ្រួសារទេ នេះគឺកើតឡើងនៅពេលដែលពួកគាត់បង្ហាញពីអត្តសញ្ញាណយេនឌ័ររបស់ខ្លួន។ ឯអំពើហិង្សាលើផ្លូវភេទវិញ គឺកើតឡើងនៅពេលក្រុមស្ត្រី LBT ត្រូវបានសមាជិកក្រុមគ្រួសាររបស់ពួកគាត់បង្ខិតបង្ខំឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយបុរសដែលពួកគាត់មិនស្រលាញ់។ ការធ្វើបែបនេះគឺ ដើម្បីបំពេញបំណងរបស់គ្រួសារ។
ក្រៅពីអំពើហិង្សាលើផ្លូវចិត្ត និងផ្លូវភេទនោះ ក៏មានអំពើហិង្សាលើផ្លូវកាយ ដែលក្រុមស្ត្រីទាំងនោះទទួលរងការវាយដំពីសមាជិកគ្រួសារ ក៏ដូចជាអំពើហិង្សាលើសេដ្ឋកិច្ច ដែលក្រុមស្ត្រីទាំងនោះ ត្រូវបានឪពុកម្ដាយ ដកហូតទ្រព្យសម្បត្តិមិនឲ្យប្រើប្រាស់ ឬចាយវាយជាដើម។ នេះបើតាមការស្រាវជ្រាវ។
ក្រោមរូបភាពនៃការរើសអើង មើលងាយ ស្អប់ខ្ពើមដែលចេញមកពីគ្រួសារទាំងនេះ ការស្រាវជ្រាវបានបញ្ជាក់ថា ជាទូទៅក្រុមស្ត្រី LBT រមែងតែទទួលបានការបាក់ទឹកចិត្តចំពោះខ្លួនឯង។
របាយការណ៍បានកត់សម្គាល់ថា ក្នុងសង្គមកម្ពុជា មានរាជរដ្ឋាភិបាល ក៏ដូចជាប្រជាជនទូទៅអះអាងថា ពួកគេទទួលស្គាល់ដោយមើលឃើញពីស្ថានភាពនៃការរើសអើងក្រុមស្ត្រី LBT មានការថយចុះ និងមានលក្ខណៈល្អប្រសើរច្រើន ប៉ុន្តែធាតុពិតទៅ ក្រុមស្ត្រី LBT ផ្ទាល់គឺមិនបានមើលឃើញយ៉ាងដូច្នោះទេ។ ផ្ទុយទៅវិញ ពួកគាត់មើលឃើញថា សង្គមគឺនៅតែបន្តរើសអើង មើលងាយ និងស្អប់ខ្ពើមពួកគាត់ដដែល៕
អត្ថបទដោយ៖ ងួន វឌ្ឍនៈបណ្ឌិត
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ