ហេតុអ្វីខ្មែរខ្វះកម្មករជំនាញ?
ចុះផ្សាយនៅថ្ងៃ៖
នៅស្រុកខ្មែរ ទាំងមន្ត្រីរដ្ឋនិងទាំងរាស្ត្រសាមញ្ញ សុទ្ធតែបានទទួលស្គាល់ថា ប្រទេសរបស់ខ្លួន នៅមិនទាន់មានធនធានមនុស្សដែលចេះជំនាញបច្ចេកទេសគ្រប់គ្រាន់នៅឡើយទេ។ ទន្ទឹមនឹងការខ្វះកម្មករជំនាញនៅក្នុងស្រុក, ពលករនៃប្រទេសក្រីក្រមួយនេះ ថែមទាំងបានចាកចេញពីស្រុកកំណើត ទៅធ្វើការនៅបរទេសរាប់សិបសែនអ្នកនាក់ទៀតផង។ តើអ្វីទៅជាឫសគល់នៃបញ្ហានេះ? ហើយថាតើខ្មែរនៅតែបន្តខ្វះកម្មករជំនាញបច្ចេកទេសរហូតដល់ពេលណា?
មុននឹងផ្តើមយល់ពីបញ្ហាទាំងនេះ គេគួរត្រូវពញ្ញាក់ខ្លួនបន្តិចសិនថា កម្ពុជាដ៏កម្សត់នេះ ទើបតែងើបផុតពីសង្គ្រាម គឺទើបតែបានប៉ុន្មានទសវត្សរ៍ដ៏ខ្លីតែប៉ុណ្ណោះ។ សង្គ្រាមរវាងទសវត្ស១៩៧០ ការកាប់សម្លាប់សម័យខ្មែរក្រហម និងសង្គ្រាមស៊ីវិលក្រោមមកទៀត គឺបានកិនកម្ទេចធនធានមនុស្សនិងអ្នកជំនាញបច្ចេកទេសខ្មែរ អស់ជាច្រើនលាននាក់។ ដូច្នេះ ការដែលគេនិយាយថា ខ្មែរខ្វះធនធានមនុស្ស គឺគ្មានអ្វីរឿងប្លែកនោះទេ។
បច្ចុប្បន្ន ទន្ទឹមនឹងកម្ពុជាបានស្គាល់សន្តិភាព ស្ថេរភាព, ការពង្រឹងវិស័យធនធានមនុស្សនិងអ្នកបច្ចេកទេស គឺជារឿងចាំបាច់មិនអាចខ្វះបានសម្រាប់ទម្រសេដ្ឋកិច្ចជាតិបន្ថែមទៀត។ ក៏ប៉ុន្តែ សព្វថ្ងៃ កម្ពុជា លំបាកនឹងងើបមុខរួចពីបញ្ហានេះណាស់ ដ្បិតថា មានរឿងស្មុគស្មាញជាច្រើន ដែលកំពុងតែរួមរឹត។
តែបើគេនិយាយដាច់ដោយឡែកតែពីរឿងការបណ្តុះបណ្តាលអ្នកបច្ចេកទេស គឺត្រូវប្រឈមឧបសគ្គយ៉ាងតិច ២ ជាចម្បង។ ទី១ គឺកត្តាទំនោរផ្នត់គំនិតសង្គម ដែលគេដឹងនិងមើលឃើញជាទូទៅ ថាយុវជនខ្មែរ ដែលជាចំនួនសក្តានុពល គឺមិនសូវចង់រៀនផ្នែកបច្ចេកទេសវិជ្ជាជីវៈប៉ុន្មាននោះទេ។ ផ្ទុយពីនេះ ពួកគេច្រើនតែរៀនតាមគ្នា ឬចង់រៀនផ្នែកចំណេះដឹងទូទៅ និងដោយសម្លឹងមើលតែការងារក្នុងបន្ទប់ម៉ាស៊ីនត្រជាក់។ ជាមួយគ្នានេះ គឺនៅពេលថ្មីៗតែម្តង រដ្ឋមន្ត្រីក្រសួងការងារ ក៏បានទទួលស្គាល់ដែរថា ព័ត៌មានជុំវិញការរៀនបច្ចេកទេសវិជ្ជាជីវៈ គឺមិនទាន់បានជ្រាបដល់យុវជនគ្រប់ច្រកល្ហកនៅឡើយដែរ។
បញ្ហាទី២ បើទោះបីយុវជនទាំងនោះ ប្រាថ្នាចង់រៀនផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈនិងបច្ចេកទេសក៏ដោយ ក៏ទំនងជាមិនទាន់មានសាលាសម្រាប់បង្រៀនពួកគេ បានគ្រប់គ្រាន់នៅឡើយដែរ។ ព្រោះបើផ្នែកឯកជនបើកសាសាប្រភេទនេះ គឺអាចមានតម្លៃថ្លៃ ហើយបើរំពឹងទៅលើសាលារដ្ឋ ប្រហែលជាមិនទាន់មានគ្រាប់គ្រាន់ទេ។
ជាក់ស្តែង នៅស្រុកខ្មែរសព្វថ្ងៃ គឺមានគ្រឹះស្ថានបណ្តុះវិជ្ជាជីវៈ និងមជ្ឈមណ្ឌលបច្ចេកទេស មានប្រមាណជាង៣០០ ដែលជាង១១០ ស្ថិតក្រោមភ្នែកច្រមុះរបស់ក្រសួងការងារ។ ក្នុងនោះទៀតសោត ក៏រាប់បញ្ចូលដែរ ទាំងវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស ចំនួន២ និងវិទ្យាល័យបច្ចេកទេស ចំនួន១១ ដែលស្ថិតក្រោមក្រសួងអប់រំ។ ចំពោះសាលារៀនទាំងនេះទៀតសោត ក៏មិនទាន់ប្រាដកថាមានគ្រូបណ្តុះបណ្តាលជំនាញ និងសម្ភារៈបរិក្ខារបម្រើឲ្យការរៀនសូត្រ បានគ្រប់គ្រាន់នោះដែរ។ ព្រោះសូម្បីតែវិទ្យាល័យបច្ចេទេសទាំង១១ ក៏ដំណើរការបង្រៀនបានតែខ្លះប៉ុណ្ណោះ ហើយមួយចំនួនទៀត គឺនឹងបើកបវេសនាកាល សម្រាប់ឆ្នាំសិក្សាថ្មី ឆ្នាំ២០១៨ និង២០១៩ខាងមុខឯណោះ។ វិទ្យាល័យបច្ចេកទេសដែលគ្រោងនឹងទទួលកូនសិស្សទាំងនោះ មាននៅភ្នំពេញ ព្រៃវែង កំពត និងបន្ទាយមានជ័យ ជាដើម។
ចំណែកសាលាបង្រៀនផ្នែកឯកជនវិញ គឺមិនតិចតួចបំផុត ហើយសាលាបច្ចេកទេសខ្លះ គឺជាសាលាដែលឈ្មុសឈ្មុលបង្កើតឡើងដោយអង្គការក្រៅរដ្ឋាភិបាល។ ដូចបានបញ្ជាក់មុននេះស្រាប់ ការបង្រៀនបណ្តុះបណ្តាលពីសំណាក់ឯកជន គឺចំណាយថ្លៃណាស់ ពិសេសគឺសម្ភារៈបរិក្ខារសម្រាប់ការរៀនសូត្រតែម្តង ដែលផ្នែកឯកជនដែលគិតពីប្រយោជន៍ចំណេញ គឺកម្រងនឹងប្រផុយបង្កើតសាលាប្រភេទនេះណាស់។
អាស្រ័យហេតុនេះ ដំណោះស្រាយ គឺជៀសមិនផុត ពីការលូកដៃឲ្យស៊ីជម្រៅ ពីសំណាក់រដ្ឋាភិបាល ដើម្បីជំរុញឲ្យផ្នែកបណ្តុះបណ្តាលបច្ចេកទេស ដើរជឿនលឿនទៅមុខបាន។ ការដែលអាចធ្វើឲ្យទៅមុខបាននៅក្នុងផ្នែកនេះ គឺចាំបាច់ខានមិនបាននូវឆន្ទៈនយោបាយ និងផែនការយុទ្ធសាស្ត្រច្បាស់លាស់ ជាពិសេសទៅទៀត គឺប្រភពថវិកាវិនិយោគ ក្នុងចំនួនច្រើន។
យ៉ាងណាក៏ដោយចុះ ការមានសាលាបច្ចេកទេសវិជ្ជាជីវៈ កាន់តែច្រើននិងសម្បូរបែប គឺមានសារៈសំខាន់ណាស់។ ព្រោះថា ក្រៅពីបណ្តុះអ្នកបច្ចេកទេសកាន់តែច្រើន និងធ្វើឲ្យពលរដ្ឋមានសមត្ថភាពរកការងារធ្វើលឿននិងប្រាក់ខ្ពស់សមរម្យនោះ វាថែមទាំងជាទម្រនៃផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្មជាតិទៀតផង។ មិនតែប៉ុណ្ណោះ មានសាលាបច្ចេកទេសច្រើន គឺទំនងជាអាចកាត់បន្ថយចំណាកស្រុកបានច្រើន ព្រោះថា កម្មករជំនាញ នឹងមានការងារធ្វើនៅក្នុងស្រុក ហើយកាលណាដែល សម្បូរធនធានអ្នកបច្ចេកទេស ក៏នឹងងាយទាក់ទាញអ្នកវិនិយោគទុន មកបើកឧស្សាហកម្មនៅកម្ពុជាបានច្រើនផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ