អានតួអត្ថបទ
កម្ពុជា

GMAC​និង​សហជីព​នៅ​តែ​ទទូច​ឲ្យ​រដ្ឋសភា​ពិចារណា​លើ​សំណើ​រៀង​ៗ​ខ្លួន​មុន​សិក្ខាសាលា​ពិគ្រោះ​យោបល់​ចាប់​ផ្ដើម

ក្រុម​មេដឹកនាំ​សហជីព​ចូល​រួម​ស្តាប់​បទបង្ហាញ​របាយការណ៍​ស្រាវ​ជ្រាវ​ស្តីពី​ប្រាក់​ខែ​គោល​របស់​កម្មករ​ នា​ពេល​កន្ល​ង​មក។
ក្រុម​មេដឹកនាំ​សហជីព​ចូល​រួម​ស្តាប់​បទបង្ហាញ​របាយការណ៍​ស្រាវ​ជ្រាវ​ស្តីពី​ប្រាក់​ខែ​គោល​របស់​កម្មករ​ នា​ពេល​កន្ល​ង​មក។ @/Facebook
ដោយ៖ អេង គីមហុង
១៤ នាទី

តាម​ការ​គ្រោង​ទុក​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ គឺ​ជា​ថ្ងៃ​ចុងក្រោយ​ដែល ភាគី​ពាក់ព័ន្ធ​ដឹកនាំ​ដោយ​គណៈ​កម្មការ​ជំនាញ​រដ្ឋសភា រៀប​ចំ​សិក្ខា​សាលា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​សហជីព។ មួយ​ថ្ងៃ​មុន​កិច្ច​ពិគ្រោះ​យោបល់​ចាប់​ផ្ដើម​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ GMAC ​ជំរុញ​ជា​ថ្មី​ទៀត​ឲ្យ រដ្ឋសភា ពិចារណា​កែ​សម្រួល​ទៅ​លើ​មាត្រា​មួយ​ចំនួន​ ដែល​ GMAC យល់​ថា​ ផ្ដល់​ភាព​ងាយ​ស្រួល​ទៅ​ក្រុម​សហជីព។ ដោយ​ឡែក​កាល​ពី ពីរ​ថ្ងៃ​មុន ក្រុម​សហជីព​និង​អង្គការ​សង្គម​ស៊ីវិល​ជាង​២០ ក៏​បាន​ជំរុញ​ជា​ថ្មី​ឲ្យ​រដ្ឋសភា​ទទួល​យក​សំណើ​របស់​ពួកគេ​ដាក់​បញ្ជូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ។

ផ្សាយពាណិជ្ជកម្ម

ទាំង​GMAC​និង​សហជីព​នៅ​តែ​បន្ត​អះអាង​ពី​ភាព​មិន​អាច​ខ្វះ​បាន​ចំពោះ​អ្វី​ដែល​ពួក​គេ​ទាម ទារ​ដោយហេតុ​ផល​ថា ធ្វើ​ដើម្បី​ប្រយោជន៍​និយោជិត​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ដ៏​ធំ​បំផុត​របស់​កម្ពុជា។ ក្នុង​នោះ​GMAC ចង់​ឲ្យ​មាន​ការ​កែ​សម្រួល​ទៅ​លើ​បី​មាត្រា ដោយ​មាន​មាត្រា​១០ ១៩ ២០​ដែល GMAC យល់​ថា ផ្ដល់​ភាព​ងាយ​ស្រួល​ទៅ​ក្រុម​សហជីព។

លោក ខេន លូ ប្រធានGMAC បាន​សង្កត់​ធ្ងន់​ថា សមាគម​និយោជក រាប់​បញ្ជូល​ទាំង​GMAC​ ត្រូវ​មាន​ការ​ប្រយ័ត្ន​អំឡុង​ពេល​ពិគ្រោះ​យោបល់​ ដើម្បី​ធានា​ថា ច្បាប់​នេះ​នៅ​ពេល​អនុម័ត​រួច​នឹង​ផ្ដល់​ប្រយោជន៍​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​នៅ​គ្រប់​វិស័យ ជា​ពិសេស​ឧស្សាហកម្ម​កាត់ដេរ​ ពីព្រោះ​មាន​ប្រជាជន​រាប់​លាន​នាក់ ដែល​កំពុង​រស់នៅ​ពឹង​ផ្អែក​លើ​វិស័យ​នេះ។

ក្រុម​សហជីព​ចាត់​ទុក​សិក្ខាសាលា​ពិគ្រោះ​យោបល់នេះ ​ធ្វើ​ឡើង​គ្រាន់​តែ​បង្គ្រប់​កិច្ច​ប៉ុណ្ណោះ នឹង​បាន ចោទ​ប្រកាន់​ថា គណៈកម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំង​ពីរ ដែល​ធ្លាប់​បាន​ពិភាក្សា​ជាច្រើន​ដង​មក​ហើយ​ លើ​សេចក្ដី​ព្រាង​ច្បាប់​នេះ​គ្មាន​ឃើញ​កែ​ប្រែ​អ្វី​ជា​ដុំ​កំភួន​នោះ​ទេ។ ពួកគេ​បាន​រិះគន់​សិក្ខាសាលា​ធ្វើ​ឡើង​តែ​មួយ​ព្រឹក ដោយ​គ្មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​សហជីព​ផ្ដល់​យោបល់​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ។

តែ​យ៉ាង​ណា​ក៏​ដោយ​មន្ត្រី​ជំនាញ​អះអាង​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​មិន​អាច​ពន្យា​ពេល​បាន​ទៀត​ទេ​ហើយ​ការ​ពិគ្រោះ​យោបល់​នៅ​ស្អែក​នេះ នឹង​ប្រមូល​មតិ​យោបល់​បន្ថែម​ពី​ភាគី​ពាក់ព័ន្ធ​ដាក់​បញ្ជូល​ទៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​នេះ។ សេក្ដី​ព្រាង​ច្បាប់​សហជីព​ដែល​ត្រូវ​បាន​ពន្យា​ពេល​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។ ​តាម​គម្រោង​ក្រោយ​សិក្ខាសាលា​បញ្ចប់​គណៈ​កម្មការ​ចំពោះ​កិច្ច​នៃ​គណបក្ស​ទាំងពីរ​ជួប​គ្នា​បន្ត​ទៀត​ជាមួយ​ភាគី​រដ្ឋាភិបាល​ដើម្បី​ពិភាក្សា​ទៅ​លើ​សេចក្ដី​ច្បាប់​មួយ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ