កម្មករទាមទារដំឡើងប្រាក់ខែដើម្បីរស់
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទិវាពលកម្មអន្តរជាតិនេះ កម្មកររាប់ពាន់នាក់ នៅក្នុងប្រទេសកម្ពុជា បានហែក្បួនបាតុកម្ម ដើម្បីទាមទារអោយរាជរដ្ឋាភិបាលជួយដោះស្រាយបញ្ហាមួយចំនួន ក្នុងនោះមាន ការដំឡើងប្រាក់ខែ ការគោរពលក្ខខណ្ឌការងារ និងការបង្កើតតុលាការការងារ។
សេចក្តីរាយការណ៍របស់ គី សុខលីម ពីភ្នំពេញ
កម្មករ-កម្មការនីប្រមាណជា ពី២ទៅ៣ពាន់នាក់ បានចូលរួមដង្ហែក្បួនបាតុកម្ម កាលពីព្រឹកមិញ នៅក្នុងទីក្រុងភ្នំពេញ ដើម្បីទាមទារការដំឡើងប្រាក់ខែ និងការគោរពលក្ខខណ្ឌការងារ។
ក្បួនដង្ហែរបស់ក្រុមកម្មករទីមួយបានប្រមូលផ្តុំគ្នានៅវត្តភ្នំ រួចហើយដើរសំដៅទៅកាន់អគាររដ្ឋសភាថ្មី។ រីឯក្រុមកម្មករមួយទៀតបានប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាចាស់ រួចហើយដើរសំដៅទៅអគាររដ្ឋសភាថ្មីដូចគ្នា។
ក្រៅពីការទាមទារដំឡើងប្រាក់ខែ និងការគោរពលក្ខខណ្ឌការងារ កម្មករបានទាមទារអោយមានការកាត់បន្ថយម៉ោងធ្វើការរបស់កម្មករ ពី៤៨ម៉ោង មកនៅត្រឹមតែ៤៤ម៉ោង ក្នុងមួយសប្តាហ៍ ទាមទារអោយបញ្ឈប់ការរើសអើង ចំពោះតំណាងសហជីព និងទាមទារអោយមានការបង្កើតតុលាការការងារ។
កម្មករកាត់ដេរនៅក្នុងប្រទេសកម្ពុជាទទួលបានប្រាក់ខែអប្បបរមាជាង៥០ដុល្លារអាមេរិក។ ដោយសង្កេតឃើញប្រាក់ខែអប្បបរមាមានចំនួនតិចតួចពេក បើប្រៀបធៀបទៅនឹងតម្លៃទំនិញ នៅលើទីផ្សារនោះ កម្មករទាមទារសូមដំឡើងប្រាក់បៀវត្សរ៍អប្បបរមា ២០ដុល្លារបន្ថែមទៀត។
បើទោះបីជាក្បួនដង្ហែរបស់កម្មករបានចាប់ផ្តើមក្នុងកន្លែងខុសគ្នាក៏ដោយ ក៏ពួកគេបាននាំយកញត្តិទាមទាររបស់ពួកគេ សំដៅទៅកាន់អគាររដ្ឋសភាដូចគ្នាដែរ។ នៅទីនេះតំណាងរាស្រ្តគណបក្សសមរង្ស៊ីចាំទទួលយកញត្តិរបស់ក្រុមសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។ ចំពោះតំណាងរាស្រ្តគណបក្សកាន់អំណាច គេពុំឃើញមានវត្តមាននៅទីនោះទេ។
នៅថ្ងែនេះដែរ គណបក្សសមរង្ស៊ីបានទាមទារអោយរាជរដ្ឋាភិបាលដោះស្រាយបញ្ហាមួយចំនួនជូនកម្មករដូចជា ការដំឡើងប្រាក់បៀវត្សរ៍ជូនកម្មករ ថៅកែត្រូវតម្កល់ប្រាក់ សម្រាប់បើកជូនកម្មករ នៅពេលរោងចក្របិទទ្វារ និងការបង្កើតតុលាការការងារជាដើម។
ឆ្លើយតបទៅនឹងការទាមទារខាងលើ លោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានពន្យល់ថា រដ្ឋាភិបាលបានដំឡើងប្រាក់បៀវត្សរ៍ ជារៀងរាល់ឆ្នាំ ជូនមន្រ្តីរាជការហើយ។ បច្ចុប្បន្ននេះ មន្រ្តីរាជការមានប្រាក់ខែជាមធ្យមជាង៨០ដុល្លារ។ ទាក់ទងទៅនឹងប្រាក់ខែកម្មករវិញ ក្រសួងពាក់ព័ន្ធកំពុងគិតគូរពិចារណា។ លោកទិត សុធា បានបន្ថែមទៀតថា កម្មករទាមទារដំឡើងប្រាក់ខែ ប៉ុន្តែ ថៅកែវិញ ពួកគេក៏ពិបាកដែរ ក្នុងកាលៈទេសៈវិបត្តិសេដ្ឋកិច្ចនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ