កម្ពុជា-សេដ្ឋកិច្ច

ធនាគារ​ពិភពលោក៖ កម្ពុជា​ជោគ​ជ័យ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ តែ​ប្រឈម​ភាព​ងាយ​រង​គ្រោះ

លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា
លោកស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា @សហការី
ដោយ៖ វ៉ា សំណព្វ
១៨ នាទី

ធនាគារ​ពិភព​លោក (World Bank Group) នៅ​ថ្ងៃ​ទី ១៧ សីហា​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​ថ្មី ស្តី​ពី កំណើន​ប្រកប​ដោយ​ស្ថេរភាព​និង​បរិយាប័ន្ន ជា​តម្រូវ​ការ​នា​ពេល​ខាង​មុខ​សម្រាប់​កម្ពុជា។ ជា​របាយការណ៍​ដែល​បង្ហាញ​ពី​បញ្ហា​ប្រឈម​និង​ឱកាស​សម្រាប់​ស្ថេរភាព កំណើន និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា​ពី​ពេល​នេះ រហូត​ដល់​១០​ឆ្នាំ​ខាង​មុខ។ ប៉ុន្តែ​របាយការណ៍​បាន​ព្រមាន​ថា ពលរដ្ឋ​កម្ពុជា​ជាង​ពាក់​កណ្តាល នៅ​តែ​ងាយ​រង​គ្រោះ​ធ្លាក់​ទៅ​ក្នុង​ភាព​ក្រីក្រ។

ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​កម្ពុជា​បាន​កើន​ឡើង​ក្នុង​អត្រា ៧.៦% ពី​ឆ្នាំ ១៩៩៤​ដល់​ឆ្នាំ ២០១៥ ដែល​កំណើន​នេះ​បាន​ធ្វើ​ឲ្យ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​លំដាប់​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ពិភព​លោក គឺ​មាន​ចំណាត់​ថ្នាក់​ទី​៦ ដែល​វា​បាន​ជួយ​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​យ៉ាង​ធំ គឺ​ពី ៤៧.៨% ក្នុង​ឆ្នាំ ២០០៧ មក​នៅ​ត្រឹម​១៣.៥%​ក្នុង​ឆ្នាំ ២០១៤។ ប៉ុន្តែ​របាយការណ៍​របស់​ធនាគារ​ពិភព​លោក (World Bank Group) ស្តី​ពី ការ​វិនិច្ឆ័យ​ស្ថានភាព​ប្រទេស​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី ១៧ សីហា​នេះ បាន​ព្រមាន​ថា ជាង​ពាក់​កណ្តាល​នៃ​ប្រជាជន​កម្ពុ​ជា ដែល​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប នៅ​តែ​ប្រឈម​នឹង​ភាព​ងាយ​រង​គ្រោះ ហើយ​អាច​ធ្លាក់​ទៅ​ក្រោម​បន្ទាត់​នៃ​ភាព​ក្រីក្រ​វិញ។ នោះ​បើ​រដ្ឋាភិបាល​និង​ភាគី​ពាក់​ព័ន្ធ​មិន​ប្រញ៉ាប់​ប្រញ៉ាល់​ក្នុង​ការ​ធ្វើ​គោល​នយោបាយ​ពី​ពេល​នេះ រហូត​ដល់​១០​ឆ្នាំ​ខាង​មុខ។

លោក​ស្រី អ៊ីនហ្គូណា ដូប្រាចា (Inguna Dobraja) ប្រធាន​គ្រប់​គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា “ជាង​ពីរ​ទសវត្សរ៍​កន្លង​មក​នេះ ការ​សម្រេច​បាន​របស់​កម្ពុជា​ក្នុង​កំណើន​សេដ្ឋកិច្ច និង​ការ​ប្រសើរ​ឡើង​នៃ​ការ​រស់​នៅ​របស់​ប្រជាជន​ខ្លួន គឺ​ជា​ការ​ដ៏​គួរ​ឲ្យ​កត់​សម្គាល់។ ប៉ុន្តែ​ការ​ប្រឈម​នានា នឹង​កើត​មាន​នា​ពេល​ខាង​មុខ ដោយ​សារ​តែ​កម្ពុជា​មាន​បំណង​ប្រាថ្នា​ចង់​បាន​ការ​ប្រកួត​ប្រជែង​សេដ្ឋកិច្ច​ខ្លាំង​ជាង​មុន ការ​បង្កើន​ផលិត​ភាព​ផលិត ការ​កសាង​ស្ថាប័ន​រឹង​មាំ​និង​មាន​ប្រសិទ្ធិភាព និង​ការ​ពង្រីក​ឱកាស​សម្រាប់​ប្រជាជន​កម្ពុជា​គ្រប់​រូប”។ លោក​ស្រី​បន្ត​ថា “ក្រុម​ធនាគារ​ពិភព​លោក​នឹង​បន្ត​គាំ​ទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​កម្ពុជា ក្នុង​ការ​រក្សា​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​បរិយាប័ន្ន និង​កាត់​បន្ថយ​ភាព​ក្រីក្រ”។

របាយការណ៍​ស្តី​ពី កំណើន​ប្រកប​ដោយ​ស្ថេរភាព​និង​បរិយាប័ន្ន​ជា​តម្រូវ​ការ​នា​ពេល​ខាង​មុខ​សម្រាប់​កម្ពុជា បាន​រក​ឃើញ​ថា កម្ពុជា​ស្ថិត​នៅ​ក្នុង​លំដាប់​ទី​១៨០ ក្នុង​ចំណោម​ប្រទេស​១៨៩​ដោយ​ត្រូវ​ចំណាយ​ពេល ៨៧​ថ្ងៃ មុន​នឹង​អាច​ចាប់​ផ្តើម​អាជីវកម្ម​ណា​មួយ។ ហើយ​សិស្ស​ថ្នាក់​ទី​៦ ចំនួន ៣៩% មាន​ពិន្ទុ​ទាប​ចំពោះ​សមត្ថភាព​អាន​ភាសាខ្មែរ​កម្រិត​បឋម និង​ប្រមាណ​ជា ១ភាគ៣​ នៃ​កុមារ​កម្ពុជា​អាយុ​ក្រោម​៥ឆ្នាំ​ គឺ​មាន​ជម្ងឺ​ក្រេស​ក្រិន​។ របាយការណ៍​ក៏​បាន​រក​ឃើញ​ដែរ​ថា ​ប្រទេស​កម្ពុជា ​គឺ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១០​លើ​ពិភព​លោក​ក្នុង​ការ​ចំណាយ​ប្រាក់​ហោ​ប៉ៅ​ខ្លួនឯង​ លើ​ផ្នែក​សុខភាព​ ស្មើ​នឹង​៦០%​ នៃ​ថ្លៃ​ចំណាយ​សុខភាព​សរុប​។

ធនាគារ​ពិភពលោក​បាន​ព្រ​មាន​ថា​ បើ​កម្ពុជា​ចង់​រក្សា​កំណើន​ប្រកប​ដោយ​ស្ថេរភាព​ កម្ពុជា​ត្រូវ​ផ្តោត​ខ្ពស់​បន្ថែម​ទៀត​លើ​ការ​អប់រំ​ និង​ការ​ប្រកួត​ប្រជែង​ ដែល​ជំរុញ​ការ​បង្កើត​ការ​ងារ​ និង​វិនិយោគ​ពីពេល​នេះ ​រហូត​ដល់​១០​ឆ្នាំ​ខាង​មុខ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI