កម្ពុជា-សេដ្ឋកិច្ច

​World Bank៖ កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច ៧% នៅ​ឆ្នាំ​២០១៨ តែ​នឹង​ធ្លាក់​ចុះ​បន្តិច​វិញ​នៅ​ឆ្នាំ​ក្រោយ​

ធនាគារពិភពលោក (World Bank)
ធនាគារពិភពលោក (World Bank) @សហការី

ធនាគារ​ពិភពលោក World Bank នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​០៤​តុលា​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ស្តី​ពី កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ី​ហ្វិក ដែល​ក្នុង​នោះ​ក៏​មាន​កម្ពុជា​ដែរ​។ ធនាគារ​ពិភពលោក​បាន​វាយ​តម្លៃ​ថា កម្ពុជា​សម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ប្រមាណ​ជា ៧% នៅ​ឆ្នាំ​២០១៨​។ តួ​លេខ​នេះ បាន​កើន​ឡើង​បន្តិច បើ​ធៀប​នឹង​ឆ្នាំ​២០១៧ ដែល​មាន​ត្រឹម​តែ ៦.៩% ។ យ៉ាង​ណា​ក៏​ដោយ​ អ្នក​ជំនាញ​បាន​ព្រមាន​ថា កំណើន​នេះ​នឹង​ធ្លាក់​ចុះ​បន្តិច​នៅ​ឆ្នាំ​ក្រោយ ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះ​ពាល់​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ 

ផ្សាយពាណិជ្ជកម្ម

សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​ព្យាករណ៍​ថា នឹង​កើន​ត្រឹម​កម្រិត ៧% ក្នុង​ឆ្នាំ​២០១៨ ដែល​តួ​លេខ​ថ្មី​នេះ បាន​កើន​ឡើង ០,១% បើ​ធៀប​នឹង​ការ​វាយ​តម្លៃ​ពី​មុន​ដែល​មាន​ត្រឹម​តែ ៦.៩% ក្នុង​ឆ្នាំ​២០១៧​។ ការ​កើន​ឡើង​នេះ​ គឺ​ដោយ​ឈរ​លើ​ទស្សនៈសុទិដ្ឋិ​និយម​របស់​វិនិយោគិន និង​ការ​កើន​ឡើង​នូវ​ចំណាយ​របស់​រដ្ឋា​ភិបាល​កម្ពុជា​។ និន្នា​ការ​នេះ នឹង​រួម​ចំណែក​ធ្វើ​ឲ្យ​អត្រា​ភាព​ក្រីក្រ​នៅ​កម្ពុជា​បន្ត​ធ្លាក់​ចុះ​ថែម​ទៀត​។ នេះ​បើ​តាម​របាយការណ៍​របស់​ធនាគារ​ពិភពលោក World Bank ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​០៤​តុលា ស្តី​ពី កំណើន​សេដ្ឋកិច្ច​នៅ​អាស៊ីបូព៌ា និង​ប៉ាស៊ីហ្វិក​។

របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា សេដ្ឋកិច្ច​ប្រទេស​កម្ពុជា​នៅ​តែ​បន្ត​លូត​លាស់​យ៉ាង​ស្វាហាប់ ដោយ​មាន​បរិស្ថាន​អំណោយ​ផល​ទូទាំង​សកលលោក ដែល​បាន​ជួយ​ទ្រទ្រង់​មួយ​ផ្នែក​ធំ​។ ក្នុង​នោះ នៅ​អំឡុង​កន្លះ​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០១៨​នេះ កំណើន​នៃ​ការ​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ បន្ត​សម្រេច​បាន​កំណើន​ខ្ពស់​ជា​លើក​ទី​២ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ជាប់ៗ​គ្នា​។ ក្នុង​រយៈ​ពេល​៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៨​នេះ កម្ពុជា​បាន​នាំ​ចេញ​ផលិតផល​សម្លៀក​បំពាក់ ទំនិញ​សម្រាប់​ការ​ធ្វើ​ដំណើរ និង​ផលិតផល​ស្បែក​ជើង កើន​បាន ១៦.២% ដែល​ចំនួន​នេះ​កើន​ឡើង​ពីរ​ដង​ក្នុង​រយៈ​ពេល​២​ឆ្នាំ​មក​នេះ​។ កំណើន​នេះ​ក៏​មិន​អាច​ផាត់​ចេញ​នូវ​ការ​មក​ដល់​នៃ​ភ្ញៀវ​ទេសចរបរទេស ដែល​បាន​កើន​ឡើង​ដល់​៣​លាន​នាក់​នៅ​៦​ខែ​ឆ្នាំ​២០១៨ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស ១៤.៣% និង​ប្រាក់​បញ្ញើ​របស់​ផ្នែក​ឯកជន ២២.៤% ។ ក្រៅ​ពី​នេះ លំហូរ​ចូល​នូវ​មូល​ធន​នៅ​តែ​បន្ត​កើន​ឡើង ស្រប​ពេល​លំហូរ​ចូល​នៃ​ការ​វិនិយោគ​ពី​បរទេស​ដោយ​ផ្ទាល់​និង​ធំៗ បាន​បន្ត​ធ្វើ​ជា​គ្រឹះ​ដ៏​រឹង​មាំ​នៃ សកម្មភាព​អភិវឌ្ឍន៍​វិស័យ​សំណង់​នៅ​កម្ពុជា​។

ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ អ្នក​ជំនាញ​បាន​ព្រមាន​ថា កំណើន​នេះ​នឹង​ថយ​ចុះ​បន្តិច​នៅ​ពីរ​ឆ្នាំ​ក្រោយ គឺពី ៧% នៅ​ឆ្នាំ​២០១៨ មក​នៅ​ត្រឹម ៦.៨% នៅ​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០ ប្រសិន​បើ​សេដ្ឋកិច្ច​កម្ពុជា​រង​ផល​ប៉ះ​ពាល់​ពី​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ ឬ EBA ពី​សហ​ភាព​អឺរ៉ុប និង​សហ​រដ្ឋ​អាមេរិក ក៏​ដូច​ជា​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន​និង​សហរដ្ឋអាមេរិក​។ អ្នក​ជំនាញ​ក៏​បាន​ព្រមាន​ដែរ​ថា ការ​ស្រុត​ចុះ​ជា​គំហុក​ណា​មួយ​ក្នុង​សេដ្ឋកិច្ច​នៃ​ប្រទេស​ចិន នឹង​ធ្វើ​ឲ្យ​ធ្លាក់​ទឹក​ចិត្ត​ខ្លាំង​ក្នុង​ទស្សនវិស័យ ស្តី​ពី កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​។ អ្នក​ជំនាញ​បាន​ណែ​នាំ​ថា ដើម្បី​រក្សា​ឲ្យ​បាន​នូវ​កំណើន​សេដ្ឋកិច្ច​លឿន និង​បន្ថយ​ការ​ពឹង​ពាក់​ខ្លាំង​ហួស​ហេតុ​ទៅ​លើ​មូល​ធន​មក​ពី​ក្រៅ កម្ពុជា​ចាំ​បាច់​ត្រូវ​បង្កើន​ការ​សន្សំ​សំចៃ និង​ការ​វិនិយោគ​ក្នុង​ស្រុក រាប់​ទាំង​តាម​រយៈ​ការ​ធ្វើ​ពិពិធកម្ម​ផលិតផល​ហិរញ្ញ​វត្ថុ ការ​អភិវឌ្ឍ​ទីផ្សារ​បំណុល​ក្នុង​ស្រុក និង​ការ​ពង្រឹង​ការ​អនុវត្ត​គ្រប់​គ្រង​លើ​ការ​វិនិយោគ​សាធារណៈ​ថែម​ទៀត​។

គួរ​ជំរាប​ជូន​ថា សេដ្ឋកិច្ច​របស់​កម្ពុជា​នៅ​ឆ្នាំ​២០១៨ ត្រូវ​បាន​ស្ថាប័ន​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ព្យាករណ៍ដែរ​ថា នឹង​រក្សា​បាន​កំណើន​ក្នុង​រង្វង់ ៧.២% និង​ធ្លាក់​ចុះ​បន្តិច​មក​នៅ​ត្រឹម ៧% នៅ​ឆ្នាំ​២០១៩​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI