កម្ពុជា

ប្រតិភូ​៩៩​ប្រទេស​ចូល​រួម​សន្និសីទ​ពិភព​លោក​ស្តីពី​ទេស​ចរណ៍​នៅ​​សៀមរាប

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បើក​​សន្និសីទ​ពិភព​លោក​ស្តី​ពី​ទេសចរណ៍ និងវប្បធម៌
​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បើក​​សន្និសីទ​ពិភព​លោក​ស្តី​ពី​ទេសចរណ៍ និងវប្បធម៌ © ក្រសួងទេសចរណ៍

សន្និសីទ​ពិ​ព​ភ​លោក​ស្តីពី​ទេសចរណ៍​បាន​បើក​ធ្វើជា​ផ្លូវការ​នា​ថ្ងៃទី៤កុម្ភៈ​នេះ​នៅក្នុង​ខេត្តសៀមរាប​ដោយមាន​ប្រតិភូ​មកពី៩៩ប្រទេស​ចូលរួម។ ព្រឹ​តិ្ត​ការណ៍​ទេសចរណ៍ និង​វប្បធម៌​ដ៏​ធំ​និង​លើកដំបូង​នេះ​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ«ការបង្កើត​ភាពជា​ដៃគូ​ថ្មី» ក្នុងន័យ​លើកស្ទួយ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

គណៈ​ប្រតិភូ​ជាង ១០០០ នាក់​មកពី ៩៩ ប្រទេស​ជុំវិញ​ពិភពលោក​បានមក​ជួប​ជុំគ្នា​នៅលើ​ទឹកដី​អង្គរ​ខេត្តសៀមរាប​នៅ​ថ្ងៃទី៤កុម្ភៈ​នេះ​ដើម្បី​ប្រារព្ធ​សន្និសីទ​ពិភពលោក​ស្តីពី​ទេសចរណ៍ និង​វប្បធម៌។ ព្រឹត្តិការណ៍​ដ៏​ធំ​មិន​ធ្លាប់មាន​នេះ​បាន​បើក​ធ្វើ​រយៈពេល​បី​ថ្ងៃ​នៅឯ​សណ្ឋាគារ Le Meridien Angkor ខេត្តសៀមរាប ក្រោម​ប្រ​ធាប​បទ«ការបង្កើត​ភាពជា​ដៃគូ​ថ្មី»។

ថ្លែង​ក្នុង​ពិធី​បើក​សន្និសីទ​នោះ លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន បាន​មានប្រសាសន៍ថា វិស័យ​ទេសចរណ៍​មិន​ត្រឹមតែ​បង្កើត​ការងារ និង កាត់បន្ថយ​ភាពក្រីក្រ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ វិស័យនេះ​ក៏បាន​ចូលរួមចំណែក​យ៉ាងសំខាន់​ក្នុងការ​ទ្រទ្រង់​សមាហរណកម្ម​តំបន់​ទៀតផង។ លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា កម្ពុជា​ដែល​សម្បូរ​ដោយ​សក្តានុពល​វប្បធម៌ នឹង​បន្ត​អភិវឌ្ឍ​ទេសចរណ៍វប្បធម៌ និង ធម្មជាតិ​ជា​ចម្បង។

លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ក៏បាន​ថ្លែង​កត់សម្គាល់ថា វប្បធម៌​កំពុង​ក្លាយជា​ឧបករណ៍​ដ៏​មាន​សក្តានុពល​ក្នុងការ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍។ ក្នុងន័យនេះ កម្ពុជា​ដែល​ពោរពេញ​ដោយ​សម្បត្តិ​វប្បធម៌​មានតម្លៃ​ដូចជា​ប្រាង្គ​ប្រាសាទ​អង្គរ សំណ​អ់​ស្ថាបត្យកម្ម រួមទាំង​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់ស្អាត និង​សម្បត្តិ​ធម្មជាតិ​ជាច្រើន​ទៀត​នោះ​គឺជា​គោលដៅ​ទេសចរណ៍​យ៉ាងសំខាន់។

សូមបញ្ជាក់ថា ក្នុង​ឆ្នាំ២០១៤ កម្ពុជា​បានទទួល​ភ្ញៀវទេសចរ​អន្តរជាតិ ៤,៥ លាន​នាក់ ដែលមាន​អត្រាកំណើន​ជិត ៦% និង​នាំ​ប្រាក់ចំណូល​ជូន​ជាតិ​ជាង ៣០០០ លាន​ដុល្លារ។ ទេសចរ​អន្តរជាតិ​សរុប​នៅលើ​សកលលោក​ក្នុង​ឆ្នាំ ២០១៤ មាន​ដល់​ទៅ​ជាង១ ពាន់​លាន​នាក់។ បើតាម​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នាំ ២០១៥នេះ កម្ពុជា​រំពឹងថា​នឹង​ទទួលបាន​ទេសចរ​បរ​ទេស​ចំនួន ៥ លាន​នាក់ និង​ឆ្នាំ ២០២០ នឹង​ទទួលបាន ៧,៥ លាន​នាក់​ដោយ​នាំមក​នូវ​ចំណូល ៥០០០ លាន​ដុល្លារ។

សន្និសីទ​ទេសចរណ៍​ពិភពលោក​នេះ​ត្រូវបាន​រៀបចំឡើង​ដោយមាន​កិច្ចសហការ​រួមគ្នា​រវាង​អង្គការ​ទេសចរណ៍​ពិភពលោក (UNWTO)  អង្គការ UNESCO  និង​ក្រសួងទេសចរណ៍ ព្រមទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​របស់​កម្ពុជា។ កម្ពុជា​រំពឹងថា សន្និសីទ​ពិភពលោក​នេះ​នឹង​ជួយ​ជំរុញ​វិស័យ​ទេសចរណ៍​របស់ខ្លួន​ប​ន្ថែ​ម​ទៀត​នៅលើ​ឆាក​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI