រដ្ឋាភិបាលបង្ហាញពីបំណងស្នើទៅអង្គការយូណេស្កូបញ្ចូលក្រុងបីជាក្រុងបេតិកភណ្ឌពិភពលោក
តាមគម្រោងចាប់ពីថ្ងៃទី ១០-១៥ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងសន្និសីទអន្តរជាតិ ស្ដីពីកិច្ចសន្ទនាក្នុងក្របខណ្ឌអាស៊ី (ACD) និងសន្និសីទអន្តរជាតិ ស្តីពីទេសចរណ៍ និងទីក្រុងបេតិកភណ្ឌ នៅខេត្តសៀមរាប។ ហើយឆ្លៀតពេលនោះ កម្ពុជានឹងផ្សព្វផ្សាយពីលក្ខណៈពិសេស នៃក្រុងចំនួនបីរបស់កម្ពុជារួមមាន៖ ក្រុងក្រចេះ បាត់ដំបង និងកំពត ដើម្បីទទួលបានភ្លើងខៀវ ពីអង្គការយូណេស្កូបញ្ចូលក្រុងទាំងបីនេះ ទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ក្រុងទាំងបីនេះត្រូវបានចាត់ទុកថា ជាក្រុងបេតិកភណ្ឌពិភពលោកទី ២ បន្ទាប់ពីក្រុងសៀមរាប ដែលបានដាក់បញ្ចូលជាក្រុងបេតិកភណ្ឌពិភពលោករួចហើយ។
ចុះផ្សាយនៅថ្ងៃ៖
ក្រុងបាត់ដំបង់ ខេត្តបាត់ដំបង់ គឺសំបូរទៅដោយសំណង់អគារសល់ពីជំនាន់សម័យអាណានិគមបារាំង និងផ្ទះបុរាណច្រើនកន្លែង។ ដូច្នេះបញ្ចូលក្រុងបាត់ដំបង់ជាក្រុងបេតិកភណ្ឌពិភពលោកនេះ គឺទទួលបានគាំទ្រពីអង្គការយូណេស្កូប្រចាំនៅកម្ពុជារួចទៅហើយ តែកម្ពុជាត្រូវប្រមែប្រមូលការគាំទ្របន្ថែមទៀតពីភាគីពាក់ព័ន្ធ។
បើតាមរដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន ដោយសារតែមានការគាំទ្រពីអង្គការយូណេស្កូ សម្រាប់ការត្រៀមដាក់បញ្ចូលក្រុងបាត់ដំបង ជាក្រុងបេតិកភណ្ឌពិភពលោកនេះហើយ ទើបក្រសួងទេសចរណ៍ និងក្រសួងវប្បធម៌សម្លឹងឃើញក្រុងកំពត និងក្រុងក្រចេះក្នុងការស្នើបញ្ចូលជាក្រុងបេតិកភណ្ឌដែរ ព្រោះក្រុងទាំងពីរសំបូរទៅអគារចាស់ៗ និងផ្ទះបុរាណដែលបន្សល់ទុកកាលពីជំនាន់បារាំង។
លោក ថោង ខុន បានគូសបញ្ជាក់ថា ត្បិតតែគិតមួយភ្លេតថា គ្មានអ្វីសំខាន់រហូតត្រៀមដាក់បញ្ចូលជាក្រុងបេតិកភណ្ឌមែនពិត ។ ប៉ុន្តែរដ្ឋាភិបាលបានគិតទៅដល់គោលដៅទេសចរណ៍ចម្បងៗសម្រាប់ភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា បន្ថែមពីលើគោលដៅដែលមានស្រាប់ដូចជា៖ ប្រាសាទអង្គរវត្ត តំបន់ឆ្នេរ ទីក្រុងភ្នំពេញ ជាដើម។
បន្ថែមពីលើនេះទៀត លោក ថោង ខុន មានភាពជឿជាក់ថា អង្គការយូណេស្កូនឹងមិនជំទាស់គម្រោងត្រៀមបញ្ចូលក្រុងទាំងបីនេះជាក្រុងបេតិកភណ្ឌទេ ព្រោះស្ថាប័ននេះជាអ្នកជួយជ្រោមជ្រែងកម្ពុជាក្នុងការរៀបចំឯកសារជាច្រើនឆ្នាំមកហើយ។
គួររម្លឹកថា សម្បត្តិវប្បធម៌របស់កម្ពុជា ដែលក្លាយជាសម្បត្តិបេតិកភណ្ឌពិភពលោករួមមាន៖ ប្រាសាទអង្គរវត្ត ប្រាសាទព្រះវិហារ ជាដើម។ ផ្នែកវប្បធម៌វិញរួមមាន៖ របាំព្រះរាជ្យទ្រព្យ ល្ខោនស្រមោលស្បែកធំ និងចាប៉ីដងវែង ត្រូវបានចុះឈ្មោះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូ ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ