ទិវាវិទ្យុពិភពលោកថ្ងៃទី១៣កុម្ភៈនេះ កម្ពុជាបានចាត់ទុកថាការផ្សាយរបស់វិទ្យុជាការចូលរួមផ្តល់ព័ត៌មានដ៏មានសារៈសំខាន់
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី១៣ខែកុម្ភៈនេះ គឺជាទិវាវិទ្យុពិភពលោក លើកទី៩ ដែលទិវានេះ ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ១៩៤៦មក ហើយត្រូវបានអង្គការសហប្រជាជាតិអនុម័តនៅឆ្នាំ២០១៣ ដោយកំណត់យកថ្ងៃទី១៣កុម្ភៈជា «ទិវាវិទ្យុពិភពលោក»។ ដោយឡែកប្រទេសកម្ពុជាទើបតែសម្តែងការចាប់អារម្មណ៍នៅឆ្នាំ២០២០នេះ ដោយមានសារលិខិតលើកឡើងពីទិវានេះពីសំណាក់ប្រមុខរដ្ឋាភិបាលកម្ពុជាផងដែរ។
តាមរយៈប្រធានបទ«ភាពចម្រុះនៃវិទ្យុផ្សាយសម្លេង» នៅក្នុងឱកាសខួបលើកទី៩ នៃ«ទិវាវិទ្យុពិភពលោក»ឆ្នាំ២០២០ នេះ លោកនាយករដ្ឋមន្ត្រី បានចាត់ទុកថាភាពចម្រុះនៃវិទ្យុផ្សាយសម្លេងនេះ គឺជាការបំពេញឲ្យគ្នាទៅវិញទៅមក រវាងស្ថាប័នវិទ្យុរដ្ឋ ស្ថាប័នវិទ្យុឯកជន និងវិទ្យុសហគមន៍ ដែលទាមទារឲ្យមានកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមកមិនអាចកាត់ផ្តាច់បាន។
ចំណុចនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលេចថាវិទ្យុរបស់ស្ថាប័នរដ្ឋ ដែលមានវិសាលភាពធំទូលាយគ្រប់ដណ្តប់នៅទូទាំងប្រទេស បានដើរតួនាទីយ៉ាងសំខាន់ធ្វើជាស្ពានចម្លងក្នុងការផ្តល់ព័ត៌មាន គោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការដឹកនាំ និងអភិវឌ្ឍប្រទេស មានកម្មវិធីជាច្រើន និងជាការផ្តល់សារដល់ប្រជាពលរដ្ឋ ក្នុងការទំនាក់ទំនងរវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវភាពចាំបាច់ និងបំពេញបន្ថែមចំណុចខ្វះខាតនានាផងដែរ។
ដោយឡែក វិទ្យុឯកជនវិញ ក៏ត្រូវលោកនាយករដ្ឋមន្ត្រីលើកឡើងដែរពីសារៈសំខាន់នៃវិទ្យុប្រភេទនេះ ដោយមានកម្មវិធីចម្រុះសម្បូរបែប ប្រកបដោយការប្រកួតប្រជែង ខណៈវិទ្យុឯកជន មានកម្មវិធីចូលរួមទស្សនៈពីគ្រប់មជ្ឈដ្ឋាន ដោយគ្មានការរើសអើង។ រីឯវិទ្យុសហគមន៍វិញ ក៏មានអត្ថប្រយោជន៍ផងដែរ ដោយកម្មវិធីរបស់វិទ្យុបង្ហាញពីការអភិវឌ្ឍ និងអប់រំក្នុងគោលដៅបំរើដល់ផលប្រយោជន៍សហគមន៍។
សូមបញ្ជាក់ថានៅប្រទេសកម្ពុជា វិទ្យុបានដើរតួនាទីសំខាន់បំផុត ក្នុងការផ្តល់ដំណឹងដល់សាធារណជន ចាប់តាំងពីសម័យអាណាព្យាបាលរបស់បារាំងរហូតមកទល់បច្ចុប្បន្ន។ តាមប្រវត្តិស្ថានីយ៍វិទ្យុដំបូងនៅកម្ពុជា គឺត្រូវបានបង្កើតឡើងនៅក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៤៧ ដែលមានឈ្មោះថា«វិទ្យុខ្មែរ» ឬ(RNK) ដែលផ្សាយតាមប្រព័ន្ធ AM និងរលកធាតុអាកាសមធ្យម (MW)918KHz ស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងផ្ទាល់ដែលដាក់នឹមអាណានិគម។ ក្រោយមកវិទ្យុខ្មែរក៏បានវិវត្តន៍ជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្នក្នុងសម័យឌីជីថល ដែលការផ្សព្វផ្សាយតាមរយៈវិទ្យុមានសារៈសំខាន់ និងមិនអាចកាត់ផ្តាច់បាន ក្នុងការផ្តល់ព័ត៌មានដល់អ្នកស្តាប់៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ