ប្រាក់បៀវត្សរ៍គ្រូនៅកម្ពុជា នៅតែជាប្រធានបទក្ដៅ សម្រាប់ទិវាគ្រូបង្រៀនពិភពលោក ០៥ តុលា
ថ្ងៃទី០៥ ខែតុលានេះ កម្ពុជាប្រារព្ធទិវាគ្រូបង្រៀនពិភពលោក ក្រោមប្រធានបទ «គុណភាពគ្រូ ជាគុណភាពមូលធនមនុស្ស សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព»។ មិនខុសពីឆ្នាំមុនៗដែរ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រារព្ធទិវានេះដោយការជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មី ហើយបានទទូចឱ្យរដ្ឋាភិបាល ផ្តល់ប្រាក់ខែគោល ដល់លោកគ្រូ អ្នកគ្រូ យ៉ាងតិច ២លានរៀលក្នុងមួយខែ។ យ៉ាងណាក៏ដោយ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី០៥តុលា នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា ប្រាក់ខែ របស់គ្រូបង្រៀនតែងត្រូវបានដំឡើងជាបន្តបន្ទាប់។
ចុះផ្សាយនៅថ្ងៃ៖
តំណាងលោកគ្រូ អ្នកគ្រូ ដឹកនាំដោយលោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អមដោយលោក រ៉ុង ឈុន ជាទីប្រឹក្សា បានជួបជុំគ្នានៅទីលានប្រជាធិបតេយ្យថ្មី ដើម្បីប្រារព្ធទិវាគ្រូបង្រៀនអន្តរជាតិ ដោយមានកាន់បដាជាប់នឹងដៃផង។ បដាទាំងនោះ មានខ្លឹមសារទាមទារ ដំឡើងប្រាក់ខែ២លានរៀល ក្នុងមួយខែសម្រាប់គ្រូបង្រៀន ស្នើឱ្យផ្តល់ប្រាក់ម៉ោងបន្ថែមចំនួន ១៥,០០០ រៀល ក្នុងមួយម៉ោងសម្រាប់គ្រូវិទ្យាល័យ និងបញ្ឈប់ការរើសអើង និងរឹតត្បិតសេរីភាពសមាគមជាដើម។
លោកស្រី អ៊ុក ឆាយាវី ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានសម្តែងការខកចិត្តដែលសាលារាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យសមាគមរៀបចំការហែក្បួននៅមុខសួនច្បារវត្តភ្នំ ដោយឱ្យរៀបចំនៅទីលានប្រជាធិបតេយ្យ នៅខណ្ឌឬស្សីកែវវិញ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី អ៊ុក ឆាយាវី បានលើកឡើងថា ការជួបជុំរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ធ្វើឡើងក្រោមការឃ្លាំមើលនិងរឹតបន្តឹងសន្តិសុខពីអាជ្ញាធរថែមទៀត។
ក្រៅពីរឿងប្រាក់ខែ សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ដាក់ញ្ញាត្តិទៅខុទ្ទកាល័យនាយករដ្ឋមន្រ្តី និងក្រសួងអប់រំដើម្បីស្នើសុំឱ្យបង្កើនថវិកាជាតិសម្រាប់វិស័យអប់រំ និងកម្ចាត់អំពើពុករលួយ ជាពិសេសស្នើសុំឱ្យក្រសួងអប់រំ អនុញ្ញាតឱ្យ លោកគ្រូ អ្នកគ្រូ ចំនួន១៣នាក់ ដែលត្រូវបានក្រសួងអប់រំចេញលិខិតបញ្ឈប់ពីការងារ កាលពីដើមឆ្នាំ២០១៨ អាចត្រឡប់ចូលបម្រើការងារវិញ។ ជាការបញ្ឈប់ដែលត្រូវបានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាត់ទុកថាធ្វើឡើងក្រោមហេតុផលនយោបាយ។
យ៉ាងណាក៏ដោយ នៅក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀនពិភពលោក ថ្ងៃទី០៥ តុលា នៅវិទ្យាស្ថានជាតិអប់រំ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា រាជរដ្ឋាភិបាល តែងយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ដោយបានដំឡើងប្រាក់ខែដល់គ្រូបង្រៀនជាបន្តបន្ទាប់ ខណៈអាគារស្នាក់នៅសម្រាប់គ្រូនៅតាមបណ្តាខេត្ត ក៏ត្រូវបានសាងសង់ជាច្រើនខ្នងដែរ។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏ធ្លាប់បានសន្យាថា រដ្ឋាភិបាលនឹងបន្តដំឡើងប្រាក់ខែជាបន្តបន្ទាប់បន្ថែមទៀតនៅឆ្នាំក្រោយៗ ក៏ដូចជា ធ្វើកំណែទម្រង់លើប្រព័ន្ធអប់រំដើម្បីឱ្យកាន់តែមានគុណភាពប្រសើរឡើង។ គួរជម្រាបថា ចាប់តាំងពីខែមេសាឆ្នាំ២០១៨មក ប្រាក់បៀវត្សរ៍គ្រូបង្រៀនកម្រិតទាបបំផុត មានចំនួនជាង១លានរៀល៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ