អានតួអត្ថបទ
កម្ពុជា

ឡាវ​ចាប់​ផ្តើម​សាងសង់​ទំនប់​វារី​អគ្គីសនី Don Sahong ដោយ​មិន​ខ្វល់​ពី​ការ​តវ៉ា

ទំនប់​វារី​អគ្គីសនី​Don Sahong
ទំនប់​វារី​អគ្គីសនី​Don Sahong

ប្រទេស​ឡាវ​បាន​ចាប់​ផ្តើម​សាង​សង់​ទំនប់​វារី​អគ្គីសនី Don Sahong ហើយ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​ប្រទេស​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គក្តី។ បើ​តាម​អ្នក​ជំនាញ បើ​ទំនប់​វារី​អគ្គីសនី​ដ៏​ចម្រូង​ចម្រាស់​នេះ​ ត្រូវ​បាន​សាងសង់​មែន នោះ​កម្ពុជា​នឹង​ទទួល​រង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ។

ផ្សាយពាណិជ្ជកម្ម

វា​គឺ​ជា​ដំណឹង​ដ៏​គួរ​ឲ្យ​សោក​ស្តាយ​ដែល​សម​ភាគី​ឡាវ បាន​ចាប់​ផ្តើម​សាងសង់​ទំនប់​វារី​អគ្គីសនី​ ដន សាហុង (Don Sahong) បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ពី​ប្រទេស​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​មេគង្គ​នេះ​ក្តី។ លោក ឈិត សំអាត នាយក​ប្រចាំ​ប្រទេស​នៃ​មូល​និធិ​សកល​សម្រាប់​ធនធាន​ធម្មជាតិ ហៅ​កាត់​ថា WWF បាន​អះអាង​ថា ភាគី​ឡាវ បាន​ចាប់​ផ្តើម​សាងសង់​ទំនប់​វារី​អគ្គីសនី​ដ៏​ចម្រូង​ចម្រាស់​នេះ តាម​រយៈ​ការ​បញ្ជូន​គ្រឿង​ចក្រ​ជា​ច្រើន​គ្រឿង ដោយ​បាន​ធ្វើ​ការ​ឈួស​ឆាយ​ និង​រាន​ព្រៃ​ធ្វើ​ផ្លូវ​នៅ​កន្លែង​ដែល​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី​នេះ។

គួរ​បញ្ជាក់​ជូន​ថា លោក ឈិត សំអាត បាន​ធ្វើ​ដំណើរ​ទៅ​ដល់​កន្លែង​ដែល​មាន​ការ​សាង​សង់​ទំនប់​វារី​អគ្គីសនី Don Sahongដែល​ស្ថិត​នៅ​ប៉ែក​ខាង​លើ​នៃ​ខេត្ត​ស្ទឹង​ត្រែង​ប្រទេស​កម្ពុជាកាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្តាហ៏​នេះ។ លោក​បាន​ហៅ​ដំណឹង​នៃ​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​របស់​ភាគី​ឡាវ​ថា គឺ​ជា​រឿង​ដ៏​គួរ​ឲ្យ​សោក​ស្តាយ។ សោកស្តាយ ព្រោះថា រដ្ឋាភិបាល​ឡាវ មិន​បាន​ទទួល​យក​នូវ​ក្តី​កង្វល់​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ នឹង​ការ​តវ៉ា​របស់​អន្តរ​រដ្ឋាភិបាល រួម​មាន កម្ពុជា ថៃ និង វៀតណាម​នោះ​ទេ។

គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី Don Sahong ដែល​មាន​តម្លៃ ៣,៨ពាន់​លាន​ដុល្លារ នឹង​សាង​សង់​ដោយ​ក្រុមហ៊ុន Mega First Corporation របស់​ប្រទេស​ម៉ាឡេស៊ី ត្រូវ​បាន​រដ្ឋសភា​ឡាវ​អនុម័ត​ឲ្យ​សាងសង់ កាល​ពី​ពាក់​កណ្តាល ឆ្នាំ​២០១៥​កន្លង​ទៅ បើ​ទោះ​បី​ជា​មាន​ការ​តវ៉ា​ក៏​ដោយ។

បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នា​ពេល​កន្លង​មក បើ​ទំនប់​នេះ​ ត្រូវ​បាន​សាងសង់​មែន វា​នឹង​ធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​៦លាន​នាក់ ដែល​រស់​នៅ​ជុំវិញ​អាង​ទន្លេ​មេគង្គ និង​ទន្លេ​សាប នឹង​ប​ង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ធន​ធាន​ត្រី និង​បង្ក​វិនាស​កម្ម​ដល់​ជីវ​ចម្រុះ និង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​រស់​នៅ​របស់​សត្វ​ផ្សោត​ដ៏​កម្រ​នៅ​កម្ពុជា​ផង​ដែរ។

លោក តឹក វណ្ណារ៉ា នាយក​ប្រតិបត្តិ​នៃ​វេទិកា​នៃ​សម្ព័ន្ធ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្តី​ពី​កម្ពុជា​ (NGO Forum) ថ្លែង​ថា ជំហរ​របស់​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ទទូច​ចង់​ឲ្យ​រដ្ឋាភិបាល​នៃ​ប្រទេស​ឡាវ ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​នេះ​សិន។ លោក​បាន​បញ្ជាក់​ថា ប្រទេស​ជា​សមាជិក​គណៈកម្មការ​ទន្លេ​មេគង្គ រួម​មាន​កម្ពុជា ថៃ និង​វៀតណាម គួរ​ប្រើ​យន្តការ​អន្តរជាតិ ខណៈ​ដែល​យន្តការ​តំបន់​បាន​បរាជ័យ។

សូម​បញ្ជាក់​ដែរ​ថា នេះ​គឺ​ជា​ទំនប់​វារី​អគ្គីសនី​ទី​២​ហើយ ដែល​ភាគី​ឡាវ​បាន​សាងសង់​ឡើង​នៅលើ​ដង​ទន្លេ​មេគង្គ បន្ទាប់​ពី​ទំនប់​វារី​អគ្គីសនី សាយ៉ាបូរី។ ទំនប់​វារី​អគ្គិសនី​ដែល​ផ្តល់​ថាមពល​ត្រឹម​តែ​ ២៦០ មេហ្គាវ៉ាត់​នេះ ស្ថិត​នៅ​ចម្ងាយ​តែ​ជាង​២​គីឡូ​ម៉ែត្រ​ប៉ុណ្ណោះ ពី​ព្រំដែន​ប្រទេស​កម្ពុជា​ក្នុង​ខេត្ត​ស្ទឹង​ត្រែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ