ពួកអាវលឿងថៃដកថយចេញពីព្រំដែន
ចុះផ្សាយនៅថ្ងៃ៖
ពួកជ្រុលនិយមថៃ ដែលប៉ុនប៉ងមកដកបង្គោលព្រំដែនខ្មែរ-ថៃ បានដកថយទៅវិញហើយ នៅថ្ងៃសៅរ៍នេះ។ ទោះជាយ៉ាងណា ទាហានការពារព្រំដែនខ្មែរបានត្រៀមលក្ខណៈជាស្រេច ដើម្បីការពារបង្គោលព្រំដែនលេខ២៣ ក្បែរប្រាសាទតាមាន់តូច ក្នុងស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។ មេបញ្ជាការកងទ័ពខ្មែរបានអះអាងថានឹងការពារទឹកដីមិនឲ្យបាត់បង់ ឡើយ។
សេចក្តីរាយការណ៍របស់ ប៉ែន បូណា ពីភ្នំពេញ
ព័ត៌មានចុងក្រោយបំផុត ដែលទើបទទួលបានពីតំបន់ជាយដែន ឲ្យដឹងថា ក្រុមជ្រុលនិយមអាវលឿងថៃ ដែលប៉ុនប៉ងចូលមកដកបង្គោលព្រំដែន បានដកថយត្រឡប់ទៅវិញហើយ បន្ទាប់ពីមានការរារាំងពីទាហានថៃ។ នេះបើយោងតាមការអះអាងរបស់លោកឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ។
លោកទិត្យ សុធា អ្នកនាំពាក្យ នៃក្រុមប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានទទួលព័ត៌មានដូចគ្នាដែរ ហើយបានអបអរចំពោះព័ត៌មាននេះ ដោយចាត់ទុកថា នេះជាការទទួលខុសត្រូវមួយរបស់រដ្ឋាភិបាលលោកអាប់ភីស៊ីតវាចាជីវា ក្នុងការទប់ស្កាត់មិនឲ្យមានបញ្ហាកើតឡើង។ លោកទិត្យ សុធា បានអំពាវនាវឲ្យរដ្ឋាភិបាលក្រុងបាងកកបន្តទប់ស្កាត់បញ្ហាទាំងឡាយណា ដែលបង្កឡើង ដោយក្រុមជ្រុលនិយមថៃ ដែលប៉ុនប៉ងបង្កបញ្ហាជាមួយកម្ពុជា។
ទោះជាយ៉ាងណា នៅមុនពេល ដែលពួកអាវលឿងថៃបានដកថយ កងការពារព្រំដែនខ្មែរបានត្រៀមជាស្រេចហើយក្នុងលក្ខណៈការពារបង្គោលឡាក់លេខ២៣។ បង្គោលនោះ គឺជាបង្គោលព្រំដែន ដែលមានតាំងពីសម័យបារាំង ហើយដែលទទួលស្គាល់ដោយសន្ធិសញ្ញាបារាំងសៀម១៩០៤ និង១៩០៧។ ប៉ុន្តែពេលនេះ ពួកជ្រុលនិយមថៃបែរជាអះអាងថា បង្គោលនោះធ្វើឲ្យបាត់បង់ទឹកដីរបស់ខ្លួនទៅវិញ។
ក្រុមអាវលឿងជ្រុលនិយមថៃ ដែលមានគ្នាប្រមាណជា១៥០នាក់ បានព្យាយាមរុលមកកាន់ប្រាសាទតាមាន់ ប៉ុន្តែពួកគេត្រូវបានរារាំងដោយយោធាថៃ។ លោកឧត្តមសេនីយ៍ជា តារា ក៏បានបញ្ជាក់ដែរថា មេទ័ពខ្មែរ និងថៃ ដែលឈរជើងនៅសមរភូមិមុខ បានទាក់ទងគ្នាជាប្រចាំ និងបានសហការគ្នាយ៉ាងល្អ ក្នុងការទប់ស្កាត់មិនឲ្យពួកជ្រុលនិយមថៃចូលមកបង្កបញ្ហាឡើយ។ លោកឧត្តមសេនីយ៍ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ ក៏បានឲ្យដឹងនៅថ្ងៃនេះដែរថា ភាគីកម្ពុជាមិនប្រាថ្នាចង់ឲ្យមានបញ្ហានៅតាមព្រំដែនទេ ប៉ុន្តែកងទ័ពមានភារកិច្ចការពារទឹកដីមិនឲ្យមានការឈ្លានពានឡើយ។
ការប៉ុនប៉ងដកបង្គោលព្រំដែនលេខ២៣នេះត្រូវបានប្រធានគណៈកម្មការបណ្តាញប្រជាជនប្រឆាំងអំពើពុករលួយរបស់ថៃឈ្មោះវីរៈស៊ុមខ្វាមឃីតប្រកាសឲ្យដឹងតាំងពីសប្តាហ៍កន្លងទៅម្ល៉េះ។ ការប្រកាសបែបនេះបានធ្វើឲ្យតំណាងរាស្រ្តអង្គការសង្គមស៊ីវិលពលរដ្ឋខ្មែរ រួមទាំងទាហានការពារព្រំដែនផង ថ្កោលទោសចំពោះចេតនាដ៏អាក្រក់របស់ជនជាតិថៃរូបនេះ ដោយចាត់ទុកថា នេះគឺជាចេតនាឈ្លានពានទឹកដីខ្មែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ