អានតួអត្ថបទ
កម្ពុជា-សង្គម

​ការ​ដំឡើង​ស័ក្ត​ដល់ លោក យន្ត មីន រង​ការ​រិះគន់​ពី​សាធារណ​ជន​

លោក យន្ត មីន
លោក យន្ត មីន @FB
ដោយ៖ អ៊ឹង ប៊ុនថន
១៣ នាទី

ការរិះគន់តាមបណ្តាញ​សង្គម​ហ្វេសប៊ុក​បាន​ផ្ទុះ​ឡើង​នៅ​ថ្ងៃ​សុក្រ​នេះ បន្ទាប់​ពី​លោក យន្ត មីន អតីត​អភិបាល​ខេត្តព្រះសីហនុ​ ត្រូវបាន​ដំឡើង​ឋានន្តរស័ក្ត​ដល់ផ្កាយ៤ និងជារដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​។ ជា​ការ​ដំឡើង​តួនាទី​ក្រោយពីលោក យន្ត មីន សុំចុះចេញពីអភិបាលខេត្តព្រះសីហនុ ដោយសារតែ​មាន​កំហុសឆ្គងក្នុងការគ្រប់​គ្រង ធ្វើឲ្យមានករណី​បាក់​រលំ​អគារ​សំណង់ក្រុមហ៊ុន​ចិន​ សម្លាប់​កម្មករខ្មែរ​ចំនួន​២៨​នាក់ និង​របួស២៦នាក់។ 

ផ្សាយពាណិជ្ជកម្ម

ការ​ដំឡើងតួនាទី លោក យន្ត មីន អតីត​អភិបាល​ខេត្ត​ព្រះសីហនុ ​នៅពេលនេះ មិនមែនជារឿងចំឡែក​ឡើយ​នៅកម្ពុជា។ មន្រ្តីគណបក្សប្រជាជនកម្ពុជា​​ភាគ​ច្រើន ត្រូវ​គេ​សង្កេត​ឃើញ​ថា ​ទទួល​បាន​ការ​ដំឡើង​តួនាទីធំជាងមុន បន្ទាប់ពីពួកគេ​ត្រូវបានផ្លាស់ចេញ ដោយ​សារ​ការរិះគន់របស់​មហាជន​ឬមានកំហុសឆ្គង​ក្នុង​ការ​គ្រប់​គ្រង។

ជាក់​ស្តែង​កាលពីមួយ​ឆ្នាំមុន លោក ឃឹម ប៊ុន​សុង អតីត​អភិបាល​ខេត្ត​សៀមរាប ដែល​រង​ការរិះគន់​ពី​មហាជន​​ចំពោះ​ការមិនអភិវឌ្ឍផ្លូវក្នុង​ខេត្ត​ទេសចរណ៍ដ៏សំខាន់មួយនេះ ក៏​ត្រូវបាន​ដំឡើង​ទៅជានាយឧត្តមសេនីយ៍ផ្កាយ៤ និង​រដ្ឋ​លេខាធិការ​ក្រសួង​ការពារជាតិ​ផងដែរ។

សូមបញ្ជាក់ថា លោក យន្ត មីន និង លោក ឃឹម ប៊ុនសុង គឺសុទ្ធសឹងជាអតីតមេទ័ព​ក្នុង​ក្រប​ខណ្ឌ​ក្រសួង​ការពារកាលពីដើមឡើយ។ ចំណែក លោក ញឹម វណ្ណដា ដែល​ត្រូវបាន​ប្រមុខ​រដ្ឋា​ភិបាល​ដក​ចេញ​ពី​តួនាទីជាអនុប្រធានទី១​នៃគណៈកម្មាធិការជាតិ​គ្រប់​គ្រង​គ្រោះ​មហន្តរាយដោយ​សារតែ​មិន​ទទួល​ខុស​ត្រូវ​លើ​ការងារ និងការភូតភរមេដឹកនាំនោះ ភ្លាមៗក៏ត្រូវបាន​ផ្តល់​តួនាទីថ្មីជាទីប្រឹក្សា​រដ្ឋាភិបាល មាន​​ឋានៈ​ស្មើទេសរដ្ឋមន្រ្តី។

ការដកភ្លាម រួចដំឡើងឋានៈភ្លែតនេះ បានធ្វើឲ្យ​ក្រុម​អ្នក​ប្រើ​ហ្វេសប៊ុក​​នាំគ្នារិះគន់​ដោយ​មិន​បង្អង់យូរឡើយ។

លោក បណ្ឌិត ឡៅ ម៉ុងហៃ បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក ដោយ​ចោទ​ជា​សំណួរ​ថា តើវា​ត្រឹម​​ត្រូវដែរ​ឬ​​ទេ ចំពោះ​ការតែងតាំង​ទេសរដ្ឋមន្ត្រី​មួយ​រូប​ដែល​នាយករដ្ឋមន្ត្រី ដកហូត​ពីមុខ​តំណែង​និង​ប្រកាស​ថា “​ខ្វះ​ការទទួលខុសត្រូវ និង​ភូតភរ​“​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល មាន​ឋាន​:​ស្មើ​ទេសរដ្ឋមន្ត្រី​នោះ​? បើតាមលោក បណ្ឌិត ឡៅ ម៉ុងហៃ ទង្វើ​​នេះ បាន​ធ្វើ​ឲ្យ​​ខូច​ឈ្មោះ​រាជរដ្ឋាភិបាល ខូច​ឈ្មោះ​នាយករដ្ឋមន្ត្រី​​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ វា​ថែម​ទាំង​​ធ្វើឲ្យគេ​លែង​គោរព គេ​លែង​ទុកចិត្ត ហើយ​គេ​លែង​ស្ដាប់។ នេះ​បើ​តាម​ការ​យល់​ឃើញ​របស់​លោក បណ្ឌិត ឡៅ ម៉ុងហៃ​។

ក៏ប៉ុន្តែ លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជនកម្ពុជា ​បានការពារ​ដល់​មន្រ្តី​បក្ស​ដែល​ត្រូវបានដកចេញ ហើយ​ដំឡើង​ឋានៈ និងតួនាទីឡើងវិញនោះថា ការកសាងធនធានមនុស្ស ជា​ការងារ​ដែល​ត្រូវ​ការ​ពេល​វេលា មិនមែនធ្វើមួយថ្ងៃពីរថ្ងៃបានទេ។ លោកបន្ត​ទៀត​ថា បើ​គ្រាន់​តែ​មាន​ឧបទ្ទវ​ហេតុ​អ្វីមួយ ហើយ​ទាមទារ​ឲ្យ​លា​ឈប់​ពីតំណែង នោះ​រដ្ឋាភិបាល​រក​មន្ត្រី​មក​ធ្វើ​ការ​មិន​បាន​ទេ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ