កម្ពុជា-វៀតណាម

កម្ពុជា​និង​វៀតណាម​ផ្តើម​អនុវត្ត​ការ​ដោះដូរ​​ភូមិ​គ្នា

នៅក្នុង​ដំណើរ​ការ​បោះ​បង្គោល​ព្រំដែន​រវាង​កម្ពុជា និង​វៀតណាម​នេះ​ដែរ ​ភាគី​ទាំងពីរក៏​បាន​ចុះ​ហត្ថលេខា​ជា​មួយ​គ្នា​រួច​ហើយ​លើ​កិច្ច​ព្រមព្រៀង​ដោះដូរ​ភូមិ​នៅតាម​បណ្តោយ​ព្រំដែន​រវាង​ប្រទេស​ទាំងពីរ។ កិច្ច​ព្រមព្រៀង​នេះ​នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ខាងមុខ​នេះ ដោយ​ចាប់​ផ្តើម​មុនគេ ពី​ភូមិ​កំណើត​របស់​សម្តេច​ ហេង សំរិន​ ប្រធាន​រដ្ឋសភា​ គឺ​ភូមិ​ថ្លុក​ត្រាច និង​ភូមិ​អន្លុង​ជ្រៃ៩ ក្នុង​ស្រុក​ពញា​ក្រែក ខេត្ត​កំពង់​ចាម។​នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​លោក​ទេស​រដ្ឋ​មន្ត្រី ​វ៉ាគឹមហុង ប្រធាន​គណៈកម្មាធិការ​កិច្ច​ព្រំដែន​របស់​រដ្ឋាភិបាល​ដែល​បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃទី១៦ ខែ​មិថុនា។

ផ្សាយពាណិជ្ជកម្ម

លោក វ៉ា គឹម ហុង បាន​ពន្យល់​ថា “បារាំង​បាន​គូស​​ផែនទី​ ​មួយ​ខ្នាត​លើ​មួយ​រយពាន់​ របស់​ក្រុម​ប្រឹក្សា​ភូមិសាស្ត្រ​ឥណ្ឌូចិន ដោយ​ដាក់​ភូមិ​ទាំងពីរ​នេះ​នៅ​ក្នុង​ដី​វៀតណាម​ ប៉ុន្តែ ដោយសា​រ​តែ​​ពេលនោះ​ សង្គ្រាម​នៅ​វៀតណាម​មិន​អនុញ្ញាត​ឲ្យ​ភាគី​វៀតណាម​រវីរវល់​រក​ភូមិ​នៅតាម​ជាយ​ព្រំដែន​ទេ។ ទើប​តែ​ឥឡូវ​នេះ ​ការ​វាស់វែង​ព្រំដែន​បានធ្វើ​ឲ្យ​ភាគី​វៀតណាម​ទាមទារ​យក​ភូមិ​ទាំង​នោះ​វិញ ប៉ុន្តែ កម្ពុជា​ចង់​រក្សា​ទុក​ភូមិ​ទាំង​ពីរ​របស់​សម្តេច​ហេង សំរិន ឲ្យ​នៅក្នុង​ទឹកដី​កម្ពុជា​ដដែល​ ដោយ​​សុខចិត្ត​ដូរ​ភូមិ​ពីរ​ផ្សេងទៀត​ឲ្យ​ទៅ​វៀតណាម​វិញ។ ​ដូច្នេះ កម្ពុជា​មិនបាន​បាត់បង់ទឹក​ដី​​ទេ​​។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក វ៉ា គឹមហុង។

 ប៉ុន្តែ នយោបាយ​ដោះដូរ​ភូមិ​គ្នា​នេះ​បាន​ទទួល​ការ​រិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​គណបក្ស​ប្រឆាំង និង​សង្គម​ស៊ីវិល​មួយ​ចំនួន។ ពួកគេ​ចោទ​ប្រកាន់​រដ្ឋាភិបាល​ថា បាន​ធ្វើ​ឲ្យ​បាត់បង់​ទឹកដី​របស់​ខ្លួន​ជា​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI