កម្ពុជា

កម្ពុជា​បណ្តុះបណ្តាល​ប៉ូលិស ២០០​នាក់ ដើម្បី​បញ្ជូន​ទៅ​តំបន់​គ្មាន​កងទ័ព នៅ​ព្រំដែន​ព្រះវិហារ

ប៉ូលិស២០០ នាក់ ទទួល​សញ្ញាបត្រ​ក្រោយ​ទទួល​ការហ្វឹកហ្វឺន​រយៈពេល ១ ខែ ពី​ច្បាប់​អន្តរជាតិ​​ ទីតាំង​ភូមិសាស្ត្រ ផែនទី និង​ច្បាប់​ក្នុង​ស្រុក
ប៉ូលិស២០០ នាក់ ទទួល​សញ្ញាបត្រ​ក្រោយ​ទទួល​ការហ្វឹកហ្វឺន​រយៈពេល ១ ខែ ពី​ច្បាប់​អន្តរជាតិ​​ ទីតាំង​ភូមិសាស្ត្រ ផែនទី និង​ច្បាប់​ក្នុង​ស្រុក ©RFI/ លី ម៉េងហួរ

ប៉ូលិស​ក្រសួង​មហាផ្ទៃ ចំនួន ២០០ នាក់ នៅ​ថ្ងៃ​សុក្រ ទី​២៨​តុលា​នេះ បានបញ្ចប់​ការហ្វឹកហ្វឺន ដើម្បី​ត្រៀម​ខ្លួន ទៅ​បំពេញ​បេសកកម្ម​នៅ​តំបន់​គ្មាន​កងទ័ព តាម​ដីកា​សម្រេច​របស់​តុលាការ​អន្តរជាតិ​ក្រុងឡាអេ នៅ​តំបន់​ព្រំដែន​កម្ពុជា​-​ថៃ ម្តុំ​ប្រាសាទព្រះវិហារ។ ការ​ដកកងទ័ព ចេញពី​តំបន់​ព្រំដែន​ជម្លោះ ដែល​កម្ពុជា និង​ថៃ បាន​ព្រមព្រៀង​គ្នា​ថា នឹង​សម្រេច នៅក្នុង​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​ការពារជាតិ​ប្រទេស​ទាំង​ពីរ។ ប៉ុន្តែ កិច្ចប្រជុំ​នោះ បាន​លើក​ពេល ដោយ​គ្មាន​កំណត់ ព្រោះ​តែ​ប្រទេស​ថៃ សព្វថ្ងៃ ជួប​នឹង​វិបត្តិ​គ្រោះទឹកជំនន់។

ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​ទាំង ២០០ នាក់ ដែល​មកពី​ខេត្ត​កណ្តាល តាកែវ ព្រៃវែង និង​ខេត្ត​កំពង់ចាម បាន​ទទួល​ការហ្វឹកហ្វឺន​រយៈពេល ១ ខែ ពី​ច្បាប់​អន្តរជាតិ ទីតាំង​ភូមិសាស្ត្រ ផែនទី និង​ច្បាប់​ក្នុងស្រុក​មួយ​ចំនួន។ វគ្គ​ហ្វឹកហ្វឺន​នោះ បាន​បិទ​បញ្ចប់ កាលពី​ព្រឹក​ថ្ងៃទី​២៨ តុលា ឆ្នាំ​២០១១ នៅ​ទីចាត់ការ​តម្រួត​បទបញ្ជា របស់​ក្រសួង​មហាផ្ទៃ។
 
ប៉ូលិស​ទាំង ២០០ នាក់ ដែល​បាន​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន នៅថ្ងៃនេះ ជា​ក្រុមប៉ូលិស ដែល​ត្រូវ​ត្រៀម​ទៅ​បំពេញ​បេសកកម្ម ជំនួស​កងទ័ព នៅ​តំបន់​គ្មាន​កងទ័ព តាម​ការកំណត់​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ ទី​ក្រុងឡាអេ។
 
តុលាការ​ឡាអេ បានសម្រេច កាលពី​ថ្ងៃ​ទី​១៨កក្កដា ឆ្នាំ​២០១១ តម្រូវ​អោយ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ ដក​កងទ័ព ចេញពី​តំបន់​ជម្លោះ ទំហំ​ជាង ១៧ គីឡូម៉ែត្រ​ក្រឡា នៅ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។ តាម​ការកំណត់ កម្ពុជា និង​ថៃ ត្រូវដាក់​កងកម្លាំង​នគរបាល និង​កម្លាំង​ស៊ីវិល ឈរជើង ជំនួស​កងទ័ព នៅ​តំបន់​ព្រំដែន​ប្រាសាទ​ព្រះវិហារ ដើម្បី​រង់ចាំ​តុលាការ​ឡាអេ បកស្រាយ​សាលដីកា ឆ្នាំ​១៩៦២ ស្តីពី ប្រាសាទ​ព្រះវិហារ តាម​ពាក្យបណ្តឹង​របស់​កម្ពុជា។
 
ការដកទ័ព​ចេញពី​តំបន់​គ្មាន​កងទ័ព​បណ្តោះអាសន្ន នៅ​ព្រំដែន​ជម្លោះ ត្រូវបាន លោក កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា គឺធ្វើឡើង នៅពេលដែល​មាន​វត្តមាន​របស់​អ្នកសង្កេតការណ៍​ឥណ្ឌូនេស៊ី។
 
ចំណែក​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ លោក​ឧត្តមសេនីយ៍ឯក ឈុំ សុជាតិ បាន​លើកឡើង​ថា រដ្ឋមន្ត្រី​ការពារជាតិ និង​ប្រមុខ​រដ្ឋាភិបាល​ទាំងពីរ បាន​ព្រមព្រៀង​រួចហើយ​ថា កម្ពុជា និង​ថៃ គាំទ្រ​ជំហរ ឲ្យមាន​អ្នកសង្កេតការណ៍​ឥណ្ឌូណេស៊ី មក​កាន់​តំបន់​ព្រំដែន គ្មាន​កងទ័ព ហើយ​ប្រទេស​ទាំង​ពីរ នឹង​ដំណើរការ​ដកទ័ព តាម​អ្វី​ដែល​តុលាការ​ឡាអេ​កំណត់។
 
របៀបវារៈ​នៃ​ការដកទ័ព នឹង​ត្រូវ​លើកឡើង​ក្នុង​កិច្ចប្រជុំ GBC រវាង​រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ។ កិច្ចប្រជុំ​នោះ ត្រូវបាន​លោក ឈុំ សុជាតិ បញ្ជាក់ថា បាន​លើក​ពេល ដោយសារ​តែ​ថៃ កំពុង​មមាញឹក​រឿង​ទឹកជំនន់។ ប៉ុន្តែ​កម្ពុជា បាន​ត្រៀម​រួចរាល់​ទាំង​ឯកសារ ក៏ដូចជា ការដក​កងទ័ព។
តាម​លោក​ឧត្តមសេនីយ៍ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា និង​ថៃ អាច​ដឹកនាំ​កិច្ចប្រជុំ GBC នៅក្រោយ​គ្រោះទឹកជំនន់។ កម្ពុជា និង​ថៃ​ក៏​ត្រូវ​រាយការណ៍​នៅ​ខែ​វិច្ឆិកា ឬ​ខែ​ធ្នូ​ខាងមុខ ពី​រឿង​ដកទ័ព ទៅកាន់​តុលាការ​ឡាអេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI