កម្ពុជា-វៀតណាម

កម្ពុជា​​វៀតណាម​​ប្រារព្ធ​​ខួប ៤៥ ឆ្នាំ​​នៃ​​ចំណង​​ការទូត​​ប្រទេស​​ទាំងពីរ

លោក ង្វៀន តាន់​យុង នាយករដ្ឋមន្ត្រី​វៀតណាម បំពេញទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០
លោក ង្វៀន តាន់​យុង នាយករដ្ឋមន្ត្រី​វៀតណាម បំពេញទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​កាល​ពី​ឆ្នាំ​២០១០

ប្រទេស​កម្ពុជា​ និង​វៀតណាម​នឹង​ប្រារព្ធ​ខួប​ទី៤៥ឆ្នាំ​នៃ​ចំណង​ការទូត​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃអាទិត្យ​ទី២៤មិថុនា​ស្អែក​នេះ។ ពិធី​នេះ​នឹង​ផ្តើមឡើង​ដោយ​ការសម្ពោធ​បង្គោល​ព្រំដែន​ថ្មី​មួយទៀត​រវាង​ខេត្តកំពត និង​ខេត្ត​កៀង​យ៉ាង​របស់​វៀតណាម​ក្រោម​អធិបតីភាព ​របស់​នាយ​ក​រដ្ឋមន្ត្រី​ហ៊ុនសែន និង​សម​ភាគី​​វៀតណាម​លោក​ង្វៀន​តឹ​ន​​យុង។ បន្ទាប់​មក​ប្រមុខ​រដ្ឋាភិបាល​​ប្រទេស​​ទាំងពីរ​​នឹងចូលរួម​ដឹកនាំ​សន្និសីទ​កម្ពុជា​វៀតណាម​លើក​ទី៣ស្តីពី​ការជំរុញ​ការវិនិយោគទុន​រវាង​ប្រទេស​ទាំងពីរ។

ផ្សាយពាណិជ្ជកម្ម

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយករដ្ឋមន្ត្រី​វៀតណាម លោក ង្វៀន តាន់​យុង នឹង​ចូល​រួម​​ធ្វើជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​បង្គោល​ព្រំដែន​លេខ ៣១៤ ដែល​ខណ្ឌ​ចែក​ខេត្តកំពត​របស់​កម្ពុជា​និង​ខេត្ត​កៀង​យ៉ាង​របស់​វៀត​ណា​ម​នៅ​ថ្ងៃអាទិត្យ​ទី២៤មិថុនា​ស្អែក​នេះ។ ពិធី​សម្ពោធ​បង្គោល​ព្រំដែន​នេះ​គឺជា​ផ្នែក​មួយ​នៃ​ការ​ប្រារព្ធ​ខួប​ទី៤៥ឆ្នាំ​នៃ​ចំណង​ការទូត​រវាង​ប្រទេស​ទាំងពីរ (២៤មិថុនា ឆ្នាំ១៩៦៧- ២៤មិថុនា ឆ្នាំ២០១២)។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា។

ក្រោយពី​សម្ពោធ​បង្គោល​ព្រំដែន​នេះ​រួច នាយករដ្ឋមន្ត្រី​ប្រទេស​ទាំងពីរ​នឹងចូលរួម​ធ្វើជា​សហប្រធាន​នៃ​សន្និសីទ​កម្ពុជា-វៀតណាម លើក​ទី៣ស្តីពី​ការជំរុញ​ការវិនិយោគទុន​រវាង​ប្រទេស​ទាំងពីរ។ សន្និសីទ​នេះ​នឹង​បើក​ធ្វើ​នៅ​ទីក្រុង​ហា​ទៀង ខេត្ត​កៀង​យ៉ាង ប្រទេស​វៀតណាម។ ប្រតិភូ​កម្ពុជា​ដែល​រួមមាន​មន្ត្រី​រដ្ឋាភិបាល និង​អ្នកជំនួញ​​ជាង១០០នាក់ នឹង​អមដំណើរ​លោកនាយករ​ដ្ឋ​មន្ត្រី​ហ៊ុន សែន ទៅ​ចូលរួម​ក្នុង​ពិធី​នោះ។ កម្ពុជា និង​វៀតណាម​ក៏​គ្រោង​ចុះហត្ថលេខា​លើ​វិសោធនកម្ម​ស្តីពី​ការជំរុញ និង​ការការពារ​អ្នកវិនិយោគទុន​រវាង​ប្រទេស​ទាំងពីរ​ផងដែរ។ នៅក្នុង​សន្និសីទ​នោះ នាយករដ្ឋមន្ត្រី​កម្ពុជា​ត្រូវគេ​រំពឹងថា​នឹង​ថ្លែង​ទាក់ទាញ​អ្នកវិនិយោគទុន​វៀតណាម​ឲ្យ​មក​បោះទុន​រកស៊ី​នៅក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ច្រើន​ថែមទៀត។

របាយការណ៍​វិនិយោគ​ប្រទេស​ទាំងពីរ​បានបង្ហាញ​ថា ទឹកប្រាក់​វិនិយោគ​មកពី​ប្រទេស​វៀតណាម​បាន​កើនឡើង​ពី ១៥៣ លាន​ដុល្លារ ក្នុង​ឆ្នាំ២០១០ រហូតដល់​ជិត ៧០០ លាន​ដុល្លារ​ក្នុង​ឆ្នាំ២០១១។ ការវិនិយោគ​វៀតណាម​នៅ​កម្ពុជា​ផ្តោត​សំខាន់​លើ​ផ្នែក​ធនាគារ ទូរគមនាគមន៍ និង ដំណាំ​កៅស៊ូ​ជាដើម។

ប្រទេស​កម្ពុជា​និង​វៀតណាម​គ្រោង​បញ្ចប់​ការបោះបង្គោល​ព្រំដែន​គោក​រួមគ្នា​នៅ​ដំណាច់​ឆ្នាំ​២០១២ នេះ។ ទោះបីជា​មានការ​រិះគន់​ជាច្រើន​ថា ការបោះបង្គោល​ព្រំដែន​បានធ្វើ​ឲ្យ​បាត់បង់​ទឹកដី​ខ្មែរ​ជា​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម​ក៏ដោយ ក៏​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ និង​ហាណូយ​​នៅតែ​បង្ហាញ​ភាពល្អូកល្អឺន​និង​ចុះសម្រុង​គ្នា​យ៉ាងខ្លាំង​ចំពោះ​បញ្ហា​នេះ។ ខួប​ទី៤៥​ឆ្នាំ​​នៃ​ចំណង​ការទូត​ប្រទេស​ទាំងពីរ​នៅ​ថ្ងៃស្អែក​ដែល​យក​ការសម្ពោធ​បង្គោល​ព្រំដែន​ជា​និមិត្ត​រូប​គឺជា​ភស្តុតាង​បញ្ជាក់ថា ប្រទេស​ទាំងពីរ​កំពុង​តែ​ជំរុញ​ការបោះបង្គោល​ព្រំដែន​ឲ្យ​ចប់​តាម​ផែនការ​ដោយ​គ្មានអ្វី​អាច​រារាំង​បានឡើយ ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI