លោកទៀ បាញ់នឹងមានជំនួបខ្លីជាមួយរដ្ឋមន្រ្តីការពារជាតិថៃ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រដ្ឋមន្ត្រីការពារជាតិកម្ពុជាបានចេញដំណើរ ទៅប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃអង្គារទី ១៧ ឧសភា។ មិនមែនមានតែកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានប៉ុណ្ណោះទេ លោកទៀ បាញ់បានថ្លែងថា លោកនឹងមានជំនួបខ្លីជាមួយសមភាគីថៃរបស់លោកនៅថ្ងៃទី១៨ឧសភាស្អែកនេះ ដើម្បីជជែកអំពីជម្លោះយោធា នៅតាមព្រំដែន។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោកឧបនាយករដ្ឋមន្ត្រីទៀ បាញ់បានដឹកនាំប្រតិភូយោធាជាន់ខ្ពស់ចេញទៅប្រទេសឥណ្ឌូណេស៊ី កាលពីព្រឹកថ្ងៃអង្គារនេះ ដើម្បីចូលរូមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន។ ប៉ុន្តែ មុនឡើងយន្តហោះ លោកទៀ បាញ់បានថ្លែងប្រាប់អ្នកសារព័ត៌មានអោយដឹងថា លោកនឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិថៃ លោកប្រាវីត វង់សុវណ្ណ នៅល្ងាចថ្ងៃទី១៨ឧសភាស្អែក ដើម្បីជជែកអំពីបញ្ហាជម្លោះយោធាតាមព្រំដែន។ លោករដ្ឋមន្ត្រីការពារជាតិកម្ពុជា មិនបានលំអិតអំពីប្រធានបទដែលនឹងត្រូវលើកឡើង ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិថៃនោះទេ។
ប៉ុន្តែដោយសារតែ រដ្ឋមន្ត្រីទាំងពីរត្រូវមានសមត្ថកិច្ចក្នុងការជួបគ្នា ក្នុងក្របខណ្ឌនៃគណៈកម្មការព្រំដែនទូទៅផងនោះ តើជំនួបលើកនេះអាចផ្តល់បរិយាកាសធូរស្រាលសម្រាប់គូភាគីទាំងពីរដែរឬទេ? ចំពោះលោកទៀ បាញ់ជំនួបលើកនេះ វាមិនមែនអត់ប្រយោជន៍នោះទេ។ ហើយម្យ៉ាងវិញទៀត វាក៏ជាជំនួបនៅលើទឹកដីប្រទេសឥណ្ឌូណេស៊ីផងដែរ ដែលនេះបង្ហាញថា វាបានពាក់ព័ន្ធជាមួយឥណ្ឌូណេស៊ី ក្នុងនាមជាអ្នកសម្របសម្រួលរួចទៅហើយ។
ប៉ុន្តែបើនិយាយអំពីជំនួបគណៈកម្មការព្រំដែនទូទៅនោះ លោកទៀ បាញ់បានរម្លឹកទៅដល់ការព្រមព្រៀងចុងក្រោយរវាងរដ្ឋមន្ត្រីការបរទេសកម្ពុជាថៃ ក្រោមការសម្របសម្រួលរបស់ឥណ្ឌូណេស៊ីដែលជាប្រធានអាស៊ាន។ នោះគឺការអនុម័តរបស់ថៃលើលក្ខខណ្ឌការងារនៃក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ី និងការមកដល់នៃអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីជាមុនសិន បន្ទាប់មក ទើបអាចរៀបចំកិច្ចប្រជុំតាមយន្តការនានា ដែលក្នុងនោះមានការជួបគ្នារវាងរដ្ឋមន្ត្រីការពារជាតិនេះឯង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ