អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

សិល្បៈ​នៃ​ការចែក​រំលែក​មាន​តម្លៃ​ធំធេង​ក្នុង​ការជួយ​គ្នា​រវាង​ខ្មែរ និង​ខ្មែរ

សំឡេង ០៤:០០
ប្រជាជន​ខ្មែរ​ចូល​រួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ស្លាប់​នៅ​ស្ពានពេជ្រ
ប្រជាជន​ខ្មែរ​ចូល​រួម​ក្នុង​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ស្លាប់​នៅ​ស្ពានពេជ្រ ©Reuters
ដោយ៖ ប៉ែន បូណា
២៦ នាទី

កម្ពុជា​ដែល​ជា​ប្រទេស​ក្រីក្រ​មួយ​ក្នុង​លោក រស់​ដោយ​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ជំនួយ​បរទេស។ ប៉ុន្តែ ​នៅ​ក្នុង​សង្គម​ដ៏ក្រីក្រ​មួយ​នេះ ​ប្រជាពលរដ្ឋ​មាន​វប្បធម៌​ម្យ៉ាង​ដែល​គួរឲ្យ​ចាប់​អារម្មណ៍ នោះគឺ​វប្បធម៌​នៃ​ការចែករំលែក​ដើម្បី​ជួយគ្នា​ទៅវិញ​ទៅ​មក។ ​ទស្សនវិជ្ជា​នេះ​មាន​តម្លៃ​ធំធេង​សម្រាប់​ជំរុញ​ល្បឿន​នៃ​ការកាត់បន្ថយ​ ភាព​ក្រីក្រ ​ក៏ដូច​ជា​កាត់​បន្ថយ​ការពឹងពាក់​លើ​ជំនួយ​បរទេស។ តាមរយៈ ភាព​សស្រាក់ សស្រាំ​ក្នុង​ការជួយ​ជនរងគ្រោះ​ក្នុង​មហា​សោកនាដកម្ម​លើ​ស្ពានពេជ្រ ​គេ​បាន​មើល​ឃើញ​យ៉ាង​ច្បាស់​អំពី​សិល្បៈ​នៃ​ការ​ចែករំលែក ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ​ដែល​គួរ​តែ​លើក​តម្កើង។

ផ្សាយពាណិជ្ជកម្ម

គ្រាន់តែ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ ​ប្រាក់​ជាច្រើន​លាន​ដុលា្លរ ត្រូវ​គេ​ប្រមូល​បាន​សម្រាប់​ជួយ​គ្រួសារ​អ្នក​ដែល​បាន​ស្លាប់ នៅ​ក្នុង​មហា​សោកនាដកម្ម​លើ​ស្ពាន​ពេជ្រ។ មហាជន​ខ្មែរ​គ្រប់ ទិសទី​បាន​សស្រាក់ សស្រាំ​ចូល​វិភាគទាន​ដោយ​ជ្រះថ្លា​បំផុត ដើម្បី​ជួយ​ជន​រួមជាតិ​របស់​ខ្លួន ដែល​បាន​ទទួល​រងគ្រោះ។

 
នេះ​ជា​ព្រឹត្តិការណ៍​ទី២ ក្នុង​រយៈ​ពេល​២​ឆ្នាំ​ចុងក្រោយ​នេះ ដែល​បង្ហាញ​ពី​មហា​ចលនា​សាមគ្គី​គ្នា​ក្នុង​ចំណោម​ពលរដ្ឋ​ខ្មែរ តាម​រយៈ​ការ​បរិច្ចាគ​ភោគផល​ដែល​ខ្លួន​មាន ដើម្បី​ជួយ​ជន​រួមជាតិ​របស់​ខ្លួន។ ព្រឹត្តិការណ៍​ទី១ គឺ​រលក​ចលនា​ជាតិ​និយម​ដ៏ធំ​មួយ​ដែល​បាន​កើត​ឡើង កាលពី​អំឡុង​ឆ្នាំ២០០៨​បន្ទាប់​ពី​ទាហាន​ថៃ​ចូល​ឈ្លានពាន​ប្រាសាទ​ព្រះវិហារ។ កាលណោះ ​ពលរដ្ឋ​ខ្មែរ​បាន​សស្រាក់​សស្រាំ​ក្នុង​ការជួយ​ឧបត្ថម្ភ​កងទ័ព​សមរភូមិ​មុខ​ក៏ដូច​ជា​ជួយ​កសាង​សមិទ្ធផល​នានា ដូចជា​ផ្លូវ​ឡើង​ទៅកាន់​ប្រាសាទ​ព្រះវិហារ​ជាដើម។

តាមពិត នេះ​មិន​មែន​ជា​បាតុភូត​ថ្មី សម្រាប់​សង្គម​ខ្មែរ​ឯណា។ ​សង្គម​ខ្មែរ​ធ្លាប់​មាន​សាមគ្គី​ភាព​រឹងមាំ​តាំង​ពី​ដូនតា​មក​ម៉្លេះ។ ​ប៉ុន្តែ ​ឆ្លងកាត់​របត់​សង្គម​ដ៏​វិនាស​ហិនហោច ប្រកប​ដោយ​ការកាប់​សម្លាប់​គ្នា គ្មាន​ត្រាប្រណី រយៈពេល​ជិត​បី​ទសវត្សរ៍​ ជនជាតិ​ខ្មែរ​បាន​ទទួល​រង​នូវ​វិនាសកម្ម​យ៉ាង​ដំណំ​បំផុត​ ទាំង​ទ្រព្យសម្បត្តិ​និង​ស្មារតី។

ទាំងនេះ ជា​ដើមហេតុ​នាំឲ្យ​មនុស្ស​ខ្មែរ​ជាច្រើន ក្រោយ​សម័យ​សង្គ្រាម​ហាក់​បាន​ផ្លាស់ប្តូរ​ផ្នត់​គំនិត ពោល​គឺ​ម្នាក់ៗ​ហាក់​ដូច​ជា​គិតតែ​ពី​រក​វិធី​រស់​តែ​រៀងៗ​ខ្លួន ដោយ​មិន​សូវ​ជា​អើពើ​ចំពោះ​អ្នក​ដទៃ​ឡើយ។ ​គំនិត​សួនតួ​និយម​នេះឯង​ដែល​បង្កើត​ឲ្យ​មាន​គម្លាត​កាន់តែ​ឆ្ងាយ​ទៅៗ​រវាង​អ្នកមាន​និង​អ្នកក្រ។ អ្នកក្រ​ត្រដរ​រស់ រីឯ​អ្នកមាន​ខ្ពស់ៗ ហួស​ពី​ការស្មាន។

យ៉ាងណា​ក៏ដោយ​ ផ្នត់​គំនិត​សាមគ្គីភាព និង​ឯកភាព​ជាតិ​មិន​បាន​ទៅណា​ឆ្ងាយពី​មនុស្ស​ខ្មែរ​ឡើយ។ ​ប៉ុន្តែ ​អ្វី​ដែល​ខ្វះខាត​នោះ គឺ​ប្រហែល​ជា​ការផ្តួចផ្តើម​គំនិត​តែ​ប៉ុណ្ណោះ។ ​តាមរយៈ​មូលនិធិ​នានា​ដែល​បាន​បំផុស​ចលនា​មហាជន​ឲ្យ​រួបរួម​សាមគ្គី​គ្នា និង​ជួយ​គ្នា​ទៅ​វិញ ទៅមក ក្នុង​មហា​សោកនាដកម្ម​លើ​ស្ពានពេជ្រ ​គេ​អាច​មើល​ឃើញ​យ៉ាង​ច្បាស់​ថា តម្លៃ​នៃ​វប្បធម៌​ចែករំលែក​ដែល​ជាដួង​ព្រលឹង​នៃ​សង្គម​ខ្មែរ​ពិត​ជា​មិន​បាន​បាត់បង់​ទៅ​ណា​ឡើយ។

ជាការ​ពិត​ណាស់ ​«សាមគ្គី​ជាកម្លាំង» ឬ​«ជួយគ្នា​ក្នុង​គ្រាក្រ» សុទ្ធសឹង​ជាទ្រឹស្តី​ដែល​ពលរដ្ឋ​ខ្មែរ​គ្រប់​គ្នា​បាន​ស្គាល់​ទាំង​អត្ថន័យ និង​អត្ថរស។ ​ប៉ុន្តែ​តម្លៃ​នៃ​ទស្សនៈវិជ្ជា​របស់​វា ច្រើន​តែ​ត្រូវ​បាន​គេ​បំភ្លេច នៅ​ក្នុង​យុគសម័យ​ដែល​សង្គម​ហាក់​ដូច​ជា​ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ជំនួយ​បរទេស។ ពិត​ហើយ​ថា ជំនួយ​បរទេស​មាន​សារៈសំខាន់​ណាស់​សម្រាប់​ការស្តារ​ឡើង​វិញ នូវ​សង្គម​មួយ​ដ៏​ខ្ទេចខ្ទាំ​ដូចជា​ប្រទេស​កម្ពុជា​នេះ​ជាដើម។

ប៉ុន្តែ ​ពេល​ខ្លះ​ការ​ផ្តេកផ្តួល​ទៅ​លើ​ជំនួយ​ពី​ខាង​ក្រៅ​ខ្លាំង​ពេក បាន​ធ្វើឲ្យ​យើង​ភ្លេច​ប្រើប្រាស់​សិល្បៈ​ដ៏​មាន​តម្លៃ​ដែល​មាន​ស្រាប់​ក្នុង​សង្គម​របស់​ខ្លួន នោះគឺ​សិល្បៈ​នៃ​ការចែករំលែក​នេះឯង។ ​គឺ​ចែក​រំលែក​ក្នុង​ទស្សនៈ​«ខ្មែរ​ជួយ​ខ្មែរ» ក្នុង​នាម​ជា​ជនជាតិ​ដែល​មាន​ឈាមជ័រ​ដូចគ្នា។ ក្នុង​ន័យ​នេះ ​ខ្មែរ​អ្នក​មាន​ដែល​បាន​ទទួល​ភាគផល​ច្រើន​ពី​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស នៅ​ក្រោយ​សង្គ្រាម​ គួរ​តែ​ក្រឡេក​ថយក្រោយ​ទៅ​មើល​ជនរួម​ឈាម​របស់​ខ្លួន មួយ​ចំនួន​ដែល​កំពុង​ស្រេកឃ្លាន ឬ​កំពុង​ដេក​ឈឺ​ដោយ​គ្មាន​ប្រាក់​ព្យាបាល​ជំងឺ ឬ​កំពុង​រងទុក្ខ​ដោយ​ប្រការ​ផ្សេង​ទៀត។

តាម​រយៈ​កម្លាំង​សាមគ្គី និង​ការ​ចែក​រំលែក​ដើម្បី​ជួយ​គ្នា ​គេប្រាកដ​ជា​អាច​ជួយ​រំលែក​ទុក្ខ​គ្រួសារ​ខ្មែរ​ជាច្រើន។ ​ប៉ុន្តែ ​ដើម្បី​ឲ្យ​មាន​ចលនា​សស្រាក់​សស្រាំ​នៃ​ការជួយ​គ្នា​នេះវា​ទាមទារ​ឲ្យ​មាន​ការ​ផ្តួច​ផ្តើម​ពីសំណាក់​អ្នកមាន​ឥទ្ធិពល​ក្នុង​សង្គម​ និង​ការធ្វើ​ជាគំរូ​ពីសំណាក់​អ្នក​ដឹកនាំ និង​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ទាំងឡាយ។

ម្យ៉ាងទៀត ​សិល្បៈ​នៃ​ការចែក​រំលែក​នេះ​គួរ​តែ​ត្រូវ​ធ្វើ​ឲ្យ​ក្លាយ​ជា​មហា​ចលនា​សង្គម​ទូទាំង​ប្រទេស​មួយ​នៅ​ក្នុង​បរិបទ​ដែល​ប្រជា​ពលរដ្ឋ​​ខ្មែរ​ជាច្រើន​រស់នៅ​ក្រោម​បន្ទាត់​នៃ​ភាពក្រីក្រ​នៅ​ឡើយ។

ការបង្កើត​មូលនិធិ​សង្គ្រោះ​នានា​សម្រាប់​ជួយ​ជន​ក្រីក្រ ពិត​ជា​មាន​តម្លៃ​ទាំង​ផ្លូវលោក និង​ផ្លូវធម៌ ហើយ​វិធី​នេះ​ពិត​ជា​អាច​ជួយ​សង្គ្រោះ​ពលរដ្ឋ​ខ្មែរ​ជាច្រើន​ឲ្យ​រួច​ផុត​ពី​ទុក្ខ​លំបាក ឬ​ក៏​ពី​សោកនាដកម្ម​ផ្សេងៗ​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ