កម្ពុជា

កម្មករ​ធ្វើកា​រនៅក្នុង​ប្រទេស​ម៉ាឡេស៊ី​ចំនួន​១០​ភាគរយ​ទទួលរង​ការ​ធ្វើបាប

ស្ត្រី​កម្ពុជា​ដែលទៅធ្វើការ​បម្រើ​តាមផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​ (រូបភាពឯកសារ)
ស្ត្រី​កម្ពុជា​ដែលទៅធ្វើការ​បម្រើ​តាមផ្ទះ​នៅប្រទេស​ម៉ាឡេស៊ី​ (រូបភាពឯកសារ) RFI/Channa Siv

កម្មករ​​ធ្វើការ​​នៅ​ក្នុង​​ប្រទេស​​ម៉ាឡេស៊ី​​កាន់តែ​​ច្រើន​​បរិហារ​​ការ​​ធ្វើ​ទុក្ខ​​​បុក​ម្នេញ​​របស់​​ថៅ​កែ​​​ម៉ាឡេស៊ី។ រហូត​​មក​​ដល់​​ពេល​នេះ កម្មករ​​ធ្វើកា​រ​នៅ​ក្នុង​​ប្រទេស​​ម៉ាឡេស៊ី​ចំនួន​​១០​ភាគរយ​​ទទួល​រង​​ការ​ធ្វើបាប​​ និង​មាន​ពលករ​ចំនួន​៦​នាក់​បាន​បាត់បង់​ជីវិត។

ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ កម្មការិនីម្នាក់​ទៀត​ដែល​ទើប​ត្រលប់​មក​ពី​ប្រទេស​ម៉ាឡេស៊ី​វិញ​នឹង​ធ្វើការ​​បរិហារ​ទង្វើ​អាក្រក់​របស់​ថៅកែ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដែល​ត្រៀម​នឹង​រៀបចំ​នៅ​ក្នុង​មន្ទីរ​រដ្ឋសភាជាតិ​នៅ​ក្នុង​ការិយាល័យ​តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី លោកស្រី មួរ សុខហួរ។

ស្រ្តី​បម្រើការ​មេផ្ទះ​ដែល​មាន​អាយុ​២៣​ឆ្នាំ​រស់​នៅទីក្រុង​ភ្នំពេញ​បាន​ចេញ​ទៅ​បម្រើការ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​អស់រយៈ​ពេល​២​ឆ្នាំ​មក​ហើយ​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ​ដែល​មាន​ជីវភាព​ក្រីក្រ​។ ប៉ុន្តែ​កាល​ពី​ថ្ងៃ​ម្សិលមិញ ស្រ្តីរូប​នេះ​ត្រូវ​ត្រលប់​មកកាន់​ស្រុក​កំណើត​វិញ​ដោយ​សារ​កិច្ច​សន្យា​​មកដល់​ទី​បញ្ចប់។

ពេល​ត្រលប់​មកដល់​ប្រទេស​វិញ ស្រ្តីរូប​នេះ​​បាន​សម្រេច​ចិត្ត​ភ្លាមៗ​សុំ​ធ្វើ​សន្និសីទ្ធកាសែត​ដើម្បី​បើក​កកាយ​អោយ​សាធារណជន​ដឹង​ពី​ទុក្ខ​លំបាក​ដែល​ខ្លួន​បាន​ជួបប្រទះ​ក្នុង​នាម​ជា​ស្រ្តី​បម្រើការមេ​ផ្ទះ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។

លោកស្រី ម៉ួ សុខហួរ តំណាងរាស្រ្ត​គណបក្ស​ប្រឆាំង​សមរង្ស៊ី​ដែលមាន​ភារៈ​ជួយ​សម្រួល​សន្និសីទកាសែត​នោះ​បាន​បញ្ជាក់​ប្រាប់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា កម្មការិនី​រូប​នេះ​ទទួល​រង​ការ​ធ្វើបាប​យ៉ាង​ដំណំ​ពី​សំណាក់​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី ដូចជា ការ​ចាក់​ទឹកក្តៅ​លើ​ជើង វាយដំនិង​ការ​បង្ខំ​អោយ​ធ្វើការ​ហួស​ពេល​កំណត់​ជាដើម។ ​

នេះ​មិនមែន​ជាលើក​ទីមួយ​ទេ​ដែល​ស្រ្តី​ខ្មែរ​ធ្វើការ​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​បរិហារ​ពី​ទង្វើ​អាក្រក់​របស់​ថៅកែ​ម៉ាឡេស៊ី​នោះ។ តាមពិត ស្ត្រី​ផ្សេង​ទៀត​ធ្លាប់​បាន​និយាយ​ថា ថៅកែ​ម៉ាឡេស៊ី​ខ្លះ​បាន​រំលោភ​បំពាន​ឬ​បៀតបៀន​ផ្លូវភេទ​ពួកគេ​ទៀត​ផង។

តំណាងរាស្រ្ត​គណបក្ស​សមរង្ស៊ី លោកស្រ្តី មួរ សុខហួរ ដែល​​ធ្លាប់​បាន​ជួយ​សង្គ្រោះ​ស្រ្តី​​កម្មការិនី​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាច្រើន​នាក់​នោះ បាន​កត់​សម្គាល់​ថា កម្មការិនី​ខ្មែរ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​មិន​តិច​ជាង​១០​ភាគរយ​ទេ​ដែល​រង​ការ​ធ្វើទុក្ខ​បុក​ម្នេញ​ពីសំណាក់​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី​នោះ​។ បើយោង​តាម​លោកស្រី មួរ សុខហូរ រហូត​មកដល់​ពេល​នេះ កម្មករ​ខ្មែរ​ប្រមាណ​ជា​៦​នាក់​បាន​បាត់​បង់ជីវិត​ដោយសារ​ការ​លក់​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ការ​ស្លាប់​មិន​ត្រូវ​បាន​គេ​បញ្ជាក់​អោយ​បាន​ច្បាស់​ទេ​ប៉ុន្តែ​វា​អាច​បណ្តាល​មក​ពី​ការ​គាំង​បេះដូង ជំងឺ​ខ្យល់គ ការ​លេបថ្នាំ​ហួស​កំណត់។ល។​

ដោយសារ​ភាពក្រីក្រ​និង​កង្វះខាត​ការងារ​នៅ​ក្នុង​ប្រទេស ប្រជាជន​ខ្មែរ​ប្រមាណ​ជា​​៥​ម៉ឺន​នាក់​បាន​និង​កំពុង​លក់​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​និង​ច្រើន​ម៉ឺន​នាក់​ផ្សេង​ទៀត​លក់​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ថៃ​និង​ប្រទេស​កូរ៉េ​ខាងត្បូង។

សូម​បញ្ជាក់​ថា ដោយសារ​តែ​រឿងរ៉ាវ​មានកាន់តែច្រើន​ទាក់ទងទៅ​នឹងការលក់​កម្លាំង​ពលកម្ម​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​នោះ លោក​នាយករដ្ឋមន្រ្តី​រដ្ឋមន្រ្តី​ ហ៊ុន សែន កាល​ពី​ប៉ុន្មាន​ខែ​មុន​នេះ​បាន​ចេញ​សេចក្តី​ណែនាំ​មួយ​អោយ​ផ្អាក​ការ​នាំ​ពលករ​ខ្មែរ​នៅ​កាន់​ប្រទេស​ម៉ាឡេស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI