កម្ពុជា

នាយក​រដ្ឋមន្ត្រី​អំពាវនាវ​ឲ្យ​ប្រុង​ប្រយ័ត្ន​នឹង​អាកាសធាតុ​ត្រជាក់​

ប្រជាជនចាស់ជរា ​​ពាក់អាវក្រៅដើម្បីការពារនឹងអាកាសធាតុត្រជាក់​
ប្រជាជនចាស់ជរា ​​ពាក់អាវក្រៅដើម្បីការពារនឹងអាកាសធាតុត្រជាក់​ RFI/Siv Channa

នៅ​​ថ្ងៃ​​ចន្ទ​​​នេះ​ លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន​សែន ​បាន​​អំពាវនាវ​​ដោយ​​ផ្ទាល់​មាត់​ទៅ​កាន់​​​ មហា​ជន​​ ពិសេស​​អាជ្ញាធរ​​មូលដ្ឋាន​ ត្រូវ​​យក​ចិត្ត​ទុកដាក់​​ចំពោះ​​អាកាសធាតុ​​ត្រជាក់​​ខ្លាំង​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​​ថ្ងៃ​នេះ​។​ នោះ​​គឺ​​អាជ្ញាធរ​ មិន​គួរ​​គប្បី​​ឲ្យ​មាន​​មនុស្ស​ចាស់​ឬ​ក៏​​ក្មេង​ស្លាប់​​ដោយ​​រងា​​ទេ​។​ ក្នុង​​រយៈពេល​​ប៉ុន្មាន​​ថ្ងៃ​នេះ​នៅ​​តំបន់​​ភ្នំ​ សីតុណ្ហភាព​​ធ្លាក់​​ដល់ ​១២ ​អង្សា ​ហើយ​​នៅ​​តំបន់​​ខ្ពង់​​រាប​មាន​​កម្រិត ​១៥ ​អង្សា។​​

ផ្សាយពាណិជ្ជកម្ម

 

ក្នុង​ពិធី​ចុះ​ពិនិត្យ​ការដ្ឋាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី អាតៃ ក្នុង​ខេត្ត​ពោធិ៍សាត់ កាលពី​ព្រឹក​ថ្ងៃ​ទី​​២៦​ធ្នូ ឆ្នាំ​២០១១ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ផ្តាំផ្ញើ​ទៅ​ដល់​មហាជន​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​នេះ ត្រូវ​យកចិត្តទុកដាក់ ពិសេស​ទៅលើ​បញ្ហា​អាកាសធាតុ ដែល​ធ្លាក់​ចុះ​។

​លោកនាយក​រដ្ឋមន្ត្រី ក៏​បាន​ប្រកាស​ឲ្យ​ប្រុងប្រយ័ត្ន ពិសេស​ចំពោះ​មនុស្ស​ចាស់ និង​អ្នក​ដែល​គ្មាន​សាច់ញាតិ គឺ​អាជ្ញាធរ​ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ដែល​នៅ​តំបន់​ខ្លះ អាកាសធាតុ​ត្រជាក់​ អាច​ចុះ​ដល់ ១៤ អង្សា ហើយ​នៅ​ជួរ​ភ្នំ​ដងរែក ចុះ​ដល់ ១២ អង្សា។​

​ដោយ​លើកយក​ដំណឹង​នៅ​ប្រទេស​ឥណ្ឌា ដែល​មាន​មនុស្ស​ស្លាប់​ដោយសារ​រងា ១៤៨ នាក់ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន បាន​ក្រើនរម្លឹក​ដល់​អាជ្ញាធរ ជាមួយនឹង​បទបញ្ជា​ថា នៅ​កម្ពុជា មិនគួរ​គប្បី​ឲ្យមាន​បញ្ហា ដែល​មនុស្ស​ចាស់ ឬក៏​ក្មេង ស្លាប់​ដោយ​ការ​រងា​ទេ​។ ក្នុងនោះ មនុស្ស​ចាស់ ដែល​ខ្វះខាត និង​មិន​មាន​កូនចៅ ត្រូវ​គិតគូរ​មុនគេ​។

បន្ទាប់​ពី​បាន​ធ្វើ​ការសង្កេត​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីជូនដំណឹង កាលពី​ចុង​សប្តាហ៍​មុន​ថា បច្ចុ​ប្បន្ន​នេះ ប្រទេស​កម្ពុជា​កំពុង​ទទួល​រង​ឥទ្ធិពល​ពី​ជ្រលង​សម្ពាធ​ខ្ពស់​ប្រទេស​ចិន និង​ខ្យល់មូសុង​ឦសាន​។ តាម​ការ​ព្យាករណ៍​ ​អាកាសធាតុ ជ្រលង​សម្ពាធខ្ពស់​ប្រទេស​ចិន និង​ខ្យល់មូសុង​ឦសាន នឹង​បង្កើន​ឥទ្ធិពល​កាន់តែ​ខ្លាំង​លើ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ដែល​ធ្វើឲ្យ​អាកាសធាតុ​នៅ​កម្ពុជា ចុះ​ត្រជាក់​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​៣០​ខែ​ធ្នូ ជាពិសេស​នៅ​តំបន់ភ្នំ និង​តំបន់​ខ្នង​ភ្នំ​​ដងរែក សីតុណ្ហភាព​ទាប​បំផុត នឹង​អាច​ចុះ​ដល់ ១២ ឬ ១៣ អង្សា។

 ចំណែក​តំបន់​ខ្ពង់រាប​ខាងជើង និង​ឦសាន រួមមាន ខេត្ត​ព្រះវិហារ ឧត្តរមានជ័យ ស្ទឹងត្រែង រតនគិរី និង​ខេត្ត​មណ្ឌលគិរី សីតុណ្ហភាព​អប្ប​បរិ​មា អាច​នឹង​ចុះ​ដល់ ១៥ អង្សា។

រី​ឯតំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ រួមមាន ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្ប​បរិ​មា អាច​នឹង​ចុះ​ដល់ ១៤​អង្សា​។​

​ជាមួយគ្នា​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ជម្រាប​ដល់​កងកម្លាំង​ប្រដាប់អាវុធ ដែល​កំពុង​ឈរជើង​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អាជ្ញាធរ​ដែនដី និង​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​តំបន់ និង​ខេត្ត​ដូច​បាន​ជម្រាបជូន​ខាងលើ ត្រូវ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ស្ថានភាព​អាកាសធាតុ ដែល​ចុះ​ត្រជាក់​នេះ​។​

​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ លើ​ខ្នងភ្នំ​ដងរែក ត្រូវបាន​គេ​រាយការណ៍​ថា មាន​ភាព​ត្រជាក់​ខុស​ពី​ធម្មតា​។ ប៉ុន្តែ​ចំពោះ​សុខភាព​កងទ័ព​វិញ ត្រូវបាន​គេ​អះអាងថា មិនទាន់​ប៉ះពាល់​ពី​ឥទ្ធិពល​អាកាស​ត្រជាក់​ខ្លាំង​នោះទេ​។ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ចែក​អាវ​រងា​ដល់​កងទ័ព ឈរជើង​តាម​តំបន់​ព្រំដែន​ផងដែរ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI