កម្ពុជា

នាយករដ្ឋ​មន្ត្រី​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ផលិត​ស្រាបៀរ​ក្នុង​ស្រុក​នាំ​ចេញ​ទៅ​ក្រៅ​ប្រទេស​

លោកនាយករដ្ឋមន្ត្រី​ហ៊ុនសែន ជំរុញ​ឲ្យក្រុមហ៊ុន ផលិតស្រាបៀរ​ក្នុងស្រុក​នាំចេញទៅក្រៅប្រទេស​
លោកនាយករដ្ឋមន្ត្រី​ហ៊ុនសែន ជំរុញ​ឲ្យក្រុមហ៊ុន ផលិតស្រាបៀរ​ក្នុងស្រុក​នាំចេញទៅក្រៅប្រទេស​ RFI/Siv Channa

ក្នុង​​​​ពិធី​​​សម្ពោធ​​​​រោងចក្រ​​​​ផលិត​​​ស្រា​បៀ​រ​​កម្ពុជា​​របស់​​ក្រុមហ៊ុន​​ខ្មែរ​​ប្រ៊ូ​វើរី​ លីមីត​ធី​ត​កាលពី​​ព្រឹក​​ថ្ងៃ​​ចន្ទ​ទី​​១៤​​ឧសភា​​នេះ​ លោក​នាយក​​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​​ជំរុញ​​ដល់​​ក្រុមហ៊ុន​​ផលិត​ស្រាបៀរ​​ក្នុង​ស្រុក​ឲ្យ​​បង្កើន​​ការ​នាំ​​ចេញ​​ស្រា​បៀ​រ​ទៅ​កាន់​​បរទេស​។​ លោក​នាយក​​រដ្ឋ​មន្ត្រី​​​ក៏​​បាន​​ក្រើន​រម្លឹក​​ដល់​​បណ្តា​​ក្រុមហ៊ុន​ផលិត​ស្រាបៀ​រ​នៅ​​កម្ពុជា​ឲ្យ​​បង្កើន​​គុណភាព​ ដើម្បី​​ប្រកួត​ប្រជែង​ជាមួយ​​ស្រា​បៀរ​​នាំ​ចូល​​ពី​​បរទេស​ដ្បិត​​​អី ​​រដ្ឋាភិបាល​មិន​​អាច​​ចាត់​វិធាន​ការ​ ទប់​ស្កាត់​​ការ​​នាំ​ចូល​​ស្រា​បៀរ​​ពី​​បរទេស​​បាន​​ឡើយ​។​​

ផ្សាយពាណិជ្ជកម្ម

​ក្នុង​ពិធី​សម្ពោធ​រោងចក្រ​ផលិត​ស្រា​បៀរ​កម្ពុជា របស់​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូ​វើរី លីមីត​ធី​ត កាលពី​ព្រឹក​មិញ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុនផលិតស្រាបៀ​រ ក្នុងប្រទេស​កម្ពុជា ដែល​សព្វថ្ងៃ​មាន ៨ រោងចក្រ មិន​ត្រឹមតែ​ប្រឹងប្រែង​ពង្រីក​ក្នុងស្រុក​ទេ គឺ​ត្រូវ​ឈាន​ជើង​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​។

 

​ដោយ​សំដៅ​ដល់​ក្រុមហ៊ុន​ស្រា​បៀរ​កម្ពុជាដែល​មាន​អ្នកជំនាញ​មកពី​ប្រទេស​អាលឺ្លម៉ង់ លោក​នាយក​រដ្ឋមន្ត្រី បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន សាកល្បង​នាំចេញ​ស្រា​បៀរ​កម្ពុជា ទៅ​អាល្លឺម៉ង់ ដើម្បី​ប្រណាំងប្រជែង​ជាមួយ​ប៊ី​យ៊ែ​អាល្លឺម៉ង់​។​

​រោងចក្រ​ផលិត​ស្រា​បៀរ កម្ពុជា របស់​ក្រុមហ៊ុន ខ្មែរ​ប្រ៊ូ​វើរី លីមីត​ធី​ត ស្ថិត​នៅ​ជើងឯក ជាយ​រាជធានី​ភ្នំពេញ ជា​រោងចក្រ​ផលិត​ស្រា​បៀរ​ក្នុងស្រុក ទី​៨ របស់​កម្ពុជា ដែល​បាន​ចំណាយ​ដើមទុន​ចំនួន ៦០ លាន​ដុល្លារ និង​ប្រើប្រាស់​កម្លាំង​ពលកម្ម ១.៥០០ នាក់​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ប្រកាសថា រដ្ឋាភិបាល​របស់​លោក មិន​អាច​ចាត់​វិធានការ​ដើម្បី​ទប់ស្កាត់​ផលិតផល​ស្រា​បៀ​រ និង​ភេសជ្ជៈ ដែល​នាំចូល​ពី​បរទេស មក​កាន់​កម្ពុជា បានឡើយ​។ កម្ពុជា ដែល​ប្រកាន់យក​ទីផ្សារសេរី ស្របតាម​គោលការណ៍​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​។

​ជាមួយគ្នា​នោះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុនផលិតស្រាបៀ​រ​ក្នុងស្រុក ផលិត​ឲ្យមាន​គុណភាព ឲ្យ​ឆ្ងាញ់ ហើយ​តម្លៃ​ឲ្យ​សមរម្យដើម្បី​ដណ្តើម​ទីផ្សារ​។

​តាម​​ប្រមុខ​រដ្ឋាភិបាល ស្រា​បៀរ​មួយ​ដប ឬ​មួយ​កំប៉ុង ត្រូវ​បង់​ចូល​រដ្ឋ ៣០% ចំពោះ​តម្លៃ​បន្ថែម និង​ពន្ធអាករ​ពិសេស​។ ចំណូល​នោះ ត្រូវបាន​យក​ទៅ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ឬ​ប្រាក់ខែ​គ្រូបង្រៀន គ្រូពេទ្យ មន្ត្រីរាជការ និង​កម្លាំងប្រដាប់អាវុធ ជាដើម​។​

យ៉ាងណាក៏ដោយលោកនាយក​រដ្ឋមន្ត្រីហ៊ុន សែនក៏បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជាកុំ​ឲ្យ​បើក​បរ​នៅ​ពេល​ស្រវឹង ដែល​នាំ​ដល់​គ្រោះថ្នាក់​ចរាចរណ៍ រហូតដល់​បាត់បង់​ជីវិត​តាម​ដងផ្លូវ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI