អានតួអត្ថបទ
កម្ពុជា-ថៃ

ប្រតិភូ​កម្ពុជា​ចេញ​ទៅ​តុលាការ​ឡាអេ​ថ្ងៃ​អង្គារ​ស្អែក​

ជម្លោះ​នៅ​ព្រះវិហារ អាច​ជា​ពេលវេលា​ផ្សះមុខ​របួស​នយោបាយ​ផ្ទៃក្នុង​ខ្មែរ
ជម្លោះ​នៅ​ព្រះវិហារ អាច​ជា​ពេលវេលា​ផ្សះមុខ​របួស​នយោបាយ​ផ្ទៃក្នុង​ខ្មែរ ©វណ្ណារ៉ា
ដោយ៖ លាង ដឺលុច
១៧ នាទី

ប្រមុខ​ការទូត​ខ្មែរ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង នឹង​ដឹក​នាំ​ប្រតិភូ​ចេញ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នៃ ទីក្រុង​ឡាអេ​នៅ​ថ្ងៃ​អង្គារ​ស្អែក។ លោក​វ៉ា គីមហុង​ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​​កិច្ចការ​ព្រំដែន និង​អនុប្រធាន​នៃ​ប្រតិភូ​កម្ពុជា​នៅ​តុលាការ​អន្តរជាតិបាន​បញ្ជាក់ថា កម្ពុជាបាន​ត្រៀម​លក្ខណៈ​យ៉ាង​ប្រយ័ត្ន​ប្រយែង​បំផុត​ចំពោះ​បញ្ហា​ក្តីក្តាំ​នៃ​សំណុំរឿង​ប្រសាទ​ព្រះវិហារ​នេះ។

ផ្សាយពាណិជ្ជកម្ម

ប្រតិភូ​ជាន់ខ្ពស់​របស់​កម្ពុជាទទួល​បន្ទុក​សំណុំ​រឿង​ក្តីក្តាំ​ប្រសាទ​ព្រះវិហារ​នឹង​ចេញ​ដំណើរ​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទីក្រុង​ឡាអេ​នៅ​ថ្ងៃ​អង្គារ​ស្អែក​ហើយ។ ព័ត៌មាន​នេះ ​ត្រូវបាន​ប្រកាស​​ដោយ​អ្នកនាំពាក្យ​ក្រសួ​ងការបរទេស​កម្ពុជា លោក​កុយ គួង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

ប្រតិភូ​ជាន់ខ្ពស់​ដែល​រួមមាន​លោក​វ៉ា គីម​ហុង ទេសរដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន និង​លោកឡុង វីសាឡូ​រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​នឹង​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា។ នៅ​មុន​ចេញ​ដំណើរ​ឡើង​យន្តហោះ​នោះ លោក​ប្រមុខ​ការទូត​កម្ពុជា​នឹង​ធ្វើ​សន្និសីទកាសែត​ស្តី​អំពី​បេសកកម្ម​ទៅ​តុលាការ​ទីក្រុង​ឡាអេ​នោះ។

លោក​វ៉ា គីមហុង​អនុប្រធាន​ប្រតិភូ​បានថ្លែង​ប្រាប់​វិទ្យុបារាំងអន្តរជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា កម្ពុជា​បាន​ត្រៀម​លក្ខណៈ​យ៉ាង​ប្រយ័ត្នប្រយែង​បំផុត​ក្នុង​បញ្ហា​ក្តីក្តាំ​ប្រាសាទព្រះវិហារ​នេះ ហើយថា​លោក​នៅតែ​មាន​ក្តី​សង្ឃឹមច្រើនលើ​ផ្លូវច្បាប់ថា កម្ពុជា​មាន​ប្រៀប​លើ​ប្រទេស​ថៃ។

គួរ​បញ្ជាក់ថា កម្ពុជា​មាន​មេធាវី​បរទេស​៣រូប​ដូច​ភាគី​ថៃ​ដែរដើម្បី​តតាំង​សំណុំរឿង​ប្រាសាទ​ព្រះវិហារ​នេះនៅតុលាការ​យុត្តិធម៌​អន្តរជាតិ​​ក្នុង​ប្រទេស​ហូឡង់​នោះ។ បើ​ទោះ​ជា​ក្នុង​ពេល​កន្លង​មក ក្រុម​ជ្រុល​និយម​ថៃ​បាន​ព្រលយ​ពាក្យ​ថា ពួកគេ​នឹង​ធ្វើ​សកម្មភាព​នៅ​ព្រំដែន​នៅ​ពេល​មាន​សវនាការ​សំណុំរឿង​ប្រាសាទព្រះវិហារ​នៅ​ពាក់កណ្តាល​ខែ​មេសា​នេះ លោក​ទេស​រដ្ឋមន្ត្រី​វ៉ា គីម​ហុង​បាន​អះអាងថា លោក​មិន​ព្រួយ​បារម្ភ​អំពី​ការ​រំខាន​របស់​ភាគី​ថៃ​ខ្លាំង​ណាស់​ណា​​ទេ។ ប្រទេស​ថៃ​ដែល​លោក​វ៉ា គីម​ហុង​ចាត់ទុក​ថា​ជា​ប្រទេស​ស៊ីវិល័យនិងមាន​អរិយធម៌​នោះ។

គួរ​បញ្ជាក់ថា សវនាការ​ដែល​នឹង​ប្រព្រឹត្តិទៅ​ពី​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៩​មេសា​ខាងមុខ​គឺ​ជា​សវនាការ​​ផ្ទាល់​​មាត់​ចុងក្រោយ​នៃ​នីតិវិធី​តុលាការ​អន្តរជាតិ​ក្នុងចំណាត់ការ​នៃបណ្តឹង​របស់​កម្ពុជា​ដែល​ស្នើ​អោយ​តុលាការ​របស់​អង្គការ​សហប្រជាជាតិ​មួយ​នេះ​បកស្រាយ​ឡើងវិញ​សាលក្រម​ឆ្នាំ​១៩៦២​ស្តីពី​ប្រាសាទ​ព្រះវិហារ។

កម្ពុជា​បាន​ដាក់​បណ្តឹង​នេះ​កាល​ពី​ថ្ងៃទី​២៨​មេសា​ឆ្នាំ​២០១១ បន្ទាប់ពី​រដ្ឋាភិបាល​ថៃ​របស់​លោក​នាយក​រដ្ឋមន្ត្រី​អាប់ភីស៊ីត វេចាជីវ៉ា​បាន​ទាមទារ​កាន់កាប់​ដី​ទំហំ​៤,៦គមក្រឡា​ជុំវិញ​ប្រាសាទ​ព្រះវិហារ។

ក្នុង ​ដំណើរការ​សវនាការផ្ទាល់មាត់​លើ​សំណុំរឿង​ប្រាសាទព្រះវិហារខាងមុខនេះ កម្ពុជា​និង​ថៃ​ត្រូវ​តតាំង​គ្នា​ចំនួន២ជុំ ដែល​ត្រូវបាន​កំណត់ដោយ​តុលាការអន្តរជាតិ​នៃ​ប្រទេស​ហូ​ឡង់។ ហើយ​​ថា​ដំណើរការ​សវនាការ​នោះ​នឹងត្រូវ​ផ្សាយ​ផ្ទាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ថឺ​នែ​ត​ក្នុង​គេហទំព័រ​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ទៀតផង។

លោក​វ៉ា គីមហុង ​បាន​ប្រាប់អោយដឹងថាលទ្ធផល​នៃ​ក្តីក្តាំ​នេះ​នឹង​ត្រូវ​ប្រកាស​នៅ​ចុង​ឆ្នាំ​២០១៣​​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ