អានតួអត្ថបទ
កម្ពុជា

ក្រសួង​ការ​បរទេស​កម្ពុជា​មិន​ទាន់​មាន​ប្រតិកម្ម​រឿង​ទាហាន​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ជា​ថ្មី

ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត នា​ពេល​កន្លង​មក​។
ពលករខ្មែរខុសច្បាប់នៅពេលអាជ្ញាធរយោធាថៃបញ្ជួនមកដល់ច្រកប៉ោយប៉ែត នា​ពេល​កន្លង​មក​។ @Facebook
ដោយ៖ វណ្ណ សុគន្ធា
១៥ នាទី

ក្រសួង​ការ​បរទេស​កម្ពុជា​ នៅ​មិន​ទាន់​មាន​ប្រតិកម្ម​ណា​មួយ​នៅ​ឡើយ​ទេ​ជុំវិញ​រឿង​ទាហាន​ថៃ​បាញ់​ប្រហារ​មក​លើ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ចូល​ទៅ​កាប់​ឈើ​នៅ​ក្នុង​ទឹក​ដី​ថៃ​កាល​ពី​ថ្ងៃ​ទី​០៩​ តុលា។​ នេះ​បើ​តាម​លោក​កុយ​ គួង​ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស​កម្ពុជា​ដែល​បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ។

ផ្សាយពាណិជ្ជកម្ម

នៅពេលនេះ​ក្រសួងការបរទេស​កម្ពុ​ជា កំពុងធ្វើការ​ស្រាវ​ស្រាវ​ស្វែងរក​ព័ត៌មាន​បន្ថែមទៀត​ជុំវិញ​ករណី​ទាហាន​ថៃ​បាញ់​មកលើ​ពលរដ្ឋ​ខ្មែរ​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​នៅក្នុង​ទឹកដី​ថៃ​នេះ។

លោក កុយ គួ​ង អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​ថា ក្រសួង​ការបរទេស​ក​ម្ពុ​ជា​បាន​ទាក់ទង​ទៅកាន់​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​​ថៃ​ហើយ ដើម្បី​ធ្វើការ​ប្រមូល​ព័ត៌មាន​បន្ថែម​អំពី​រឿងរ៉ាវ​បាញ់ប្រហារ​នេះ។

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី០៩ តុលា កន្លងទៅ មាន​ករណី​បាញ់ប្រហារ​មកលើ​ពលរដ្ឋ​ខ្មែរ​ជាថ្មី​ពី​សំណាក់​ទាហាន​ថៃ​នៅក្នុង​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ នៅពេល​ពលរដ្ឋ​ខ្មែរ​ព្យាយាម​ឆ្លងដែន​ខុសច្បាប់​ចូលទៅ​កាប់​ឈើ​នៅ​ចំណុច​នោះ។ ករណី​បាញ់ប្រហារ​នេះ បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ខ្មែរ៤ នាក់​រងរបួស និង ២ នាក់​ផ្សេងទៀត​បាន​បាត់​ខ្លួន។

ការបាញ់ប្រហារ​មកលើ​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​ទាហាន​ថៃ​រឿង​ឆ្លងដែន​ខុសច្បាប់​នៅពេលនេះ មិនមែនជា​រឿង​មួយ​ដែល​ថ្មី​នោះឡើយ​សម្រាប់​មជ្ឈដ្ឋាន​ទូទៅ។ មិនមែនជា​រឿង​ថ្មី ព្រោះថា កន្លងមក​ទាហាន​ថៃ​តែងតែ​បាញ់ប្រហារ ឫ​ចាប់​ពលរដ្ឋ​ខ្មែរ​ក្រីក្រ​ដាក់គុក​ច្រ​វ៉ា​ក់​ជា​បន្តបន្ទាប់​ដោយសារ​បាន​លួច​ឆ្លងដែន​ខុសច្បាប់​ចូល​ទៅរក​ការងារ​ធ្វើ ឫ​កាប់​ឈើ​នៅក្នុង​ទឹកដី​ថៃ​ជា​ដើម។ ទោះជា​បែបនេះ​ក្តី ក្រោម​ហេតុផល​ចិញ្ចឹម​ក្រពះ ប្រជាពលរដ្ឋ​ខ្មែរ​ក្រីក្រ​មួយចំនួន​នៅតែ​សម្រុក​លួច​ឆ្លងដែន​ខុសច្បាប់​ចូលក្នុង​ទឹកដី​ថៃ​ដដែល បើទោះបី​ដឹងថា​ត្រូវ​ប្រឈម​នឹង​ចុង​កាណុង​កាំភ្លើង​ឫ​គុក​ច្រ​វ៉ា​ក់​របស់​ទាហាន​ថៃ​ក៏ដោយ ។

កន្លងមក​ក្រសួង​កាបរទេស​កម្ពុជា ក៏​ធ្លាប់បាន​បញ្ចេញ​ប្រតិកម្ម​នឹង​ការបាញ់ប្រហារ​ពលរដ្ឋ​ខ្មែរ​ពី​សំណាក់​កង​ទាហាន​ថៃ​ផងដែរ ហើយ​ជាងនេះទៅទៀត អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​ក៏​ធ្លាប់​ផ្ញើលិខិត​ស្នើសុំ​ឲ្យ​ទាហាន​ថៃ​បញ្ឈប់​ការបាញ់បោះ​មកលើ​ពលរដ្ឋ​ខ្មែរ​ដែល​លួច​ឆ្លង​ដែន​ខុសច្បាប់​ទៅកាន់​ប្រទេស​ថៃ។ ក៏ប៉ុន្តែ​រាល់​ប្រតិកម្ម និង ការស្នើសុំ​ទាំងនោះ​ហាក់​គ្មាន​ឥទ្ធិពល​ណាមួយ​ក្នុងការ​បញ្ឈប់​សកម្មភាព​របស់​ទាហាន​ថៃ​នោះទេ។

យ៉ាងណាក៏ដោយ ការបាញ់ប្រហារ​របស់​ទាហាន​ថៃ​មកលើ​ពលរដ្ឋ​ខ្មែរ​ជាថ្មី​នៅពេលនេះ នៅ​មិនទាន់មាន​ប្រតិកម្ម​ណាមួយ​ចេញពី​ក្រសួងការបរទេស​កម្ពុ​ជា​នៅឡើយ​ទេ។ មិនទាន់មាន​ព្រោះថា ក្រសួងការបរទេសរ​ង់​ចាំ​ទទួលបាន​ព័ត៌មាន​ជាក់លាក់​ពី​រឿង​បាញ់ប្រហារ​នេះ​ជា​មុន​​សិន មុន​ធ្វើការ​សម្រេច​បែបណា​មួយ​នោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ