រដ្ឋាភិបាលបង្ហាញគោលនយោបាយលើកស្ទួយសិទ្ធិកុមារ
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃទី១មិថុនានេះរដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាកុមារអន្តរជាតិលើកទី៦៤និងទិវាកុមារកម្ពុជាក្រោមប្រធានបទ«អភិវឌ្ឍន៍កុមារជាគ្រឹះនៃការអភិវឌ្ឍជាតិ»។លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានប្រកាសគោលនយោបាយជាច្រើនស្តីពីការលើកស្ទួយសិទ្ធិកុមារកម្ពុជាក្នុងនោះសិទ្ធិទទួលបានការអប់រំគឺជាសិទ្ធិសំខាន់មួយ។ យ៉ាងណាក៏ដោយកុមារកម្ពុជាជាច្រើនជាពិសេសកូនអ្នកក្រីក្រនៅទីជនបទកំពុងប្រឈមនឹងការបោះបង់ការសិក្សានិងពលកម្មកុមារក្នុងទម្រង់ធ្ងន់ធ្ងរ។
ក៏ដូចជារៀងរាល់ឆ្នាំដែរ រដ្ឋាភិបាលកម្ពុជាបានប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា១មិថុនាដើម្បីសម្តែងការគាំពារដល់សិទ្ធិកុមារ។ ឆ្នាំនេះ ទិវាកុមារអន្តរជាតិបានប្រារព្ធឡើងនៅព្រឹកថ្ងៃសៅរ៍នេះនៅឯកោះពេជ្រក្នុងរាជធានីភ្នំពេញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងពីគោលនយោបាយជាច្រើនរបស់រដ្ឋាភិបាលក្នុងការលើកស្ទួយសិទ្ធិកុមារ។
ប្រមុខរដ្ឋាភិបាលបក្សកាន់អំណាចដែលរំពឹងថាខ្លួននឹងឈ្នះឆ្នោតកាន់អំណាចបន្តទៀតនោះបានសុំឲ្យក្រសួងពាក់ពន្ធ័បង្កើនមណ្ឌលសុខភាព និងសាលារៀនបន្ថែមទៀតដល់តំបន់ដាច់ស្រយាលនៅទីជនបទដើម្បីឲ្យកុមារបានទទួលសេវាសុខាភិបាល និងការអប់រំ។ ការលើកកម្ពស់អត្រាចូលរៀនរបស់កុមារ ការធ្វើសមាហរណកម្មកុមារពិការ និងជំរុញការអប់រំក្រៅប្រពន្ធ័ជាដើម សុទ្ធតែជាគោលនយោបាយដែលរដ្ឋាភិបាលបាននិងកំពុងធ្វើ។
ប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារកាលពីឆ្នាំ១៩៩២ ព្រមទាំងពិធីសារនិងអនុសញ្ញាជាច្រើនទៀតសំដៅការពារកុមារ និងលុបបំបាត់ទម្រង់ធ្ងន់ធ្ងរបំផុតនៃពលកម្មកុមារ។ យ៉ាងណាក៏ដោយ កុមារកម្ពុជានៅតែប្រឈមមុខនឹងបញ្ហាជាច្រើនជាពិសេសកូនអ្នកក្រីក្រនៅតាមទីជនបទ។ ស្ថិតិរបស់ក្រសួងអប់រំកាលពីឆ្នាំ ២០១១ ឲ្យដឹងថា នៅទូទាំងប្រទេសមានកុមារថ្នាក់មតេយ្យចំនួនជាង២សែននាក់ និងកុមារថ្នាក់បឋមសិក្សាចំនួនជាង២លាននាក់។
លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជបានកត់សម្គាល់ថា អត្រាបោះបង់ការសិក្សារបស់កុមារកម្ពុជាជាពិសេសនៅតាមតំបន់ជនបទនៅតែមានកម្រិតខ្ពស់គួរឲ្យព្រួយបារម្ភ។ បើតាមលោក រ៉ុង ឈុន គោលនយោបាយជាតិស្តីពីការអប់រំរបស់រដ្ឋាភិបាលមានលក្ខណៈល្អប្រសើរ ប៉ុន្តែ ការអនុវត្តនៅមិនទាន់សម្រេចបានដូចការរំពឹងទុកនៅឡើយទេ។ ភាពក្រីក្រគឺជាមូលហេតុសំខាន់មួយដែលជំរុញឲ្យកុមារបាត់បង់សិទ្ធិទទួលបានការអប់រំ។
ធ្ងន់ធ្ងរជាងនេះ កុមារកម្ពុជាជាច្រើនកំពុងញាំញីដោយគ្រឿងញៀន និងកំពុងធ្វើការក្នុងទម្រង់ធ្ងន់ធ្ងរជាពិសេសការងារជាអ្នកបម្រើតាមផ្ទះគឺជាបញ្ហាធ្ងន់ធ្ងរមួយ។ កុមារមួយចំនួនទៀតកំពុងជាប់ពន្ធនាគារ។ យោងតាមរបាយការណ៍របស់អង្គការលីកាដូបច្ចុប្បន្ន មានអ្នកទោសជាអនីតិជនសរុបប្រមាណជិត៥០០នាក់ ដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារនៅទូទាំងប្រទេស។ បើយោងតាមលោក រ៉ុង ឈុន ការកាត់បន្ថយភាពក្រីក្រគឺជាមធ្យោបាយដ៏សំខាន់មួយក្នុងការលើកស្ទួយសិទ្ធិកុមារកម្ពុជា៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ