កម្ពុជា-សិទ្ធិមនុស្ស

ព្រះសង្ឃ​តស៊ូ​មតិលួន សូវ៉ាត​ទទួល​ពាន​រង្វាន់​សិទ្ធិមនុស្ស នៅក្នុងប្រទេសស្វីស

ព្រះសង្ឃ​លួន សាវ៉ាត​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​និង​គណៈសង្ឃ​ចាប់​យក​ទៅ​សាកសួរ បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ជួយ​ការពារ​ប្រជាជន​រងគ្រោះ​ដោយ​ដីធ្លី
ព្រះសង្ឃ​លួន សាវ៉ាត​ធ្លាប់​ត្រូវ​បាន​អាជ្ញាធរ​និង​គណៈសង្ឃ​ចាប់​យក​ទៅ​សាកសួរ បន្ទាប់ពី​ព្រះអង្គ​បាន​ចូលរួម​ជួយ​ការពារ​ប្រជាជន​រងគ្រោះ​ដោយ​ដីធ្លី ©RFI/ siv channa

បន្ទាប់​ពី​ធ្វើ​ការតស៊ូ​មតិ​ជួយ​ការពារ​សិទ្ធិ​ជនរងគ្រោះ​ដោយការបាត់បង់​ដីធ្លី អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​រួច​មក ព្រះ​សង្ឃ លួន សូវ៉ាត គង់​នៅ​ក្នុង​វត្ត​មួយ នៅ​ខេត្ត​សៀមរាប​ទទួល​បាន​ពាន​រង្វាន់​ស្តី​ពី​សិទ្ធិ​មនុស្ស​ពី​ប្រទេស​ស្វីស។ ព្រះសង្ឃ​នឹង​និមន្ត​ទៅ​ទទួល​​ពាន​រង្វាន់​នៅ​ចុង​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

ផ្សាយពាណិជ្ជកម្ម

ព្រះសង្ឃ លួន សូវ៉ាត ដែល​គង់​នៅ​ក្នុង​ខេត្ត​សៀមរាប​នឹង​ចាក​ចេញ​ទៅ​ទទួល​ពាន​រង្វាន់​ស្តីពី​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​ស្វីស នៅ​ខែ​តុលា​ឆ្នាំ​២០១២​ខាង​មុខ​នេះ។

 
ពាន​រង្វាន់​របស់​ប្រទេស​ស្វីស​ដែល​មាន​ឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា Martin Ennals Award គឺ​ជា​ពាន​រង្វាន់​ដ៏​សំខាន់​មួយ​សម្រាប់​ផ្តល់​ជូន​ដល់​បុគ្គល​ណា​ដែល​បាន​ចូល​រួម​ការពារ និង​លើក​តម្កើង​សិទ្ធិ​មនុស្ស។ សម្រាប់ឆ្នាំ​២០១២​នេះ ពាន​រង្វាន់ Martin Ennals Award ត្រូវ​បាន​គេ​ប្រគល់​ជូន​អោយ​មនុស្ស​ពីនាក់ និង​ស្ថាប័ន​មួយ​នៅ​ក្នុង​ប្រទេស​ផ្សេង​គ្នា។ មនុស្ស​ទី​មួយ​ដែល​ត្រូវ​ទទួល​បាន​ពាន​រង្វាន់​នេះ​គឺ ព្រះសង្ឃ​ លួន សាវ៉ាត ជនជាតិ​ខ្មែរ។ ព្រះសង្ឃ​ លួន សាវ៉ាត គឺ​ជា​ព្រះសង្ឃ​មួយ​អង្គ​ដែល​បាន​ចូលរួម​ចំណែក​គាំទ្រ​ជន​រងគ្រោះ​ដែល​ត្រូវ​បាន​អាជ្ញាធរ​ខ្មែរ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ពី​លំនៅឋានរបស់​ពួកគេ។ ព្រះសង្ឃ​បាន​ធ្វើ​ការតវ៉ា និង​តស៊ូ​មតិ​ដោយ​អហិង្សា​ជួយ​ជន​រងគ្រោះ តាមរយៈ​ខ្សែ​អាត់​វីដេរអូ ចំរៀង និង​កំណាព្យ​ជា​ដើម។

មនុស្សទី​ពីគឺ​លោកស្រី Nasrin Sotoudeh មេធាវី​ជនជាតិ​​អ៊ីរ៉ង់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ដោយសារ​ការឃោសនា​ប្រឆាំងនឹង​រដ្ឋាភិបាលនិង​ទី៣​គឺ​ជា​ស្ថាប័ន​ការពារ​សិទ្ធិមនុស្ស​នៅ​ក្នុង​ប្រទេស​បារ៉ែន។ The Bahrain Center for Human Rights គឺជា​មជ្ឈមណ្ឌល​ចងក្រង​ឯកសារ​​ស្តី​ពី​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​បារ៉ែន។

ពិធី​ប្រកាស​ផ្តល់​ពានរង្វាន់​សិទ្ធិ​មនុស្ស​ខ្នាត​អន្តរជាតិ​មួយ​នេះ​នឹង​ប្រព្រឹត្ត​ធ្វើ​ឡើងនៅ​ថ្ងៃ​ទី​០២​ខែ​តុលា​ឆ្នាំ​២០១២​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​ប្រទេស​ស្វីស។

ព្រះសង្ឃ លួន សាវ៉ាត ដែល​ជា​ជ័យលាភី​ពី​ប្រទេស​កម្ពុជា​បាន​មាន​សង្ឃដីកា​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិនៅថ្ងៃ​សៅរ៍​នេះ​ថា៖«ការ​ផ្តល់​ពាន​រង្វាន់​នេះ​គឺ​ជាមោទនាភាព​សម្រាប់​ប្រជាជន​ខ្មែរនិង​ប្រជាជាតិ​ខ្មែរ​ទាំង​មូល»។ ក្រៅ​ពីទទួល​បាន​ពាន​រង្វាន់​ជា​និមិត្តរូប ព្រះសង្ឃ លួន សាវ៉ាត​ នឹង​ទទួល​បាន​ថវិកា​ពី​ម្ចាស់​ពាន​រង្វាន់​ចំនួន​ប្រមាណ​ជា​២​ម៉ឺន​ដុល្លារអាមេរិក​សម្រាប់​ធ្វើ​សកម្មភាព​ក្នុង​គម្រោង​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា។

សូម​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១២​នេះ ឥស្សរជន​ខ្មែរ​ចំនួន​ពីរ​នាក់​ហើយ​ដែល​ទទួល​បាន​ពាន​រង្វាន់​ខាង​សិទ្ធិ​មនុស្ស​ខ្នាត​អន្តរជាតិ។ ទី​មួយ​គឺ​លោក អាត់​ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា។ លោកទទួល​បាន​ពាន​រង្វាន់​សិទ្ធិ​ការងារ​ពីប្រទេស​ន័រវែស ក្នុង​ខែ​មិថុនា​នេះ និង​ព្រះសង្ឃ លួន សូវ៉ាត ទទួល​បាន​ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ពី​ប្រទេស​ស្វីស​ក្នុងខែតុលា​ខាង​មុខ​នេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI