អានតួអត្ថបទ
កម្ពុជា

លោកស៊ូបេឌី៖ កម្ពុជា​នៅ​តែ​ត្រូវ​ការ​ហេដ្ឋា​រចនា​សម្ព័ន្ធ​សិទ្ធិ​មុស្ស​ដ៏រឹង​​មាំ​មួយ​

សកម្មភាពប្រជាជនក្នុងការតវាក្នុងពេលកន្លងមក។
សកម្មភាពប្រជាជនក្នុងការតវាក្នុងពេលកន្លងមក។ © លី ម៉េងហួរ
១៥ នាទី

បើ​ទោះ​បីជា​​ស្ថាន​ភាព​​នយោ​បាយ​​កម្ពុជា​​ពេល​នេះ​ មាន​​ភាព​ល្អ​ប្រសើរ​​ហើយ​​ក៏ដោយ​ ប៉ុន្តែ​​ស្ថាន​ការណ៍​​នៃ​​ការ​គោរព​​សិទ្ធិ​មនុស្ស​ និង​​មូល​ដ្ឋាន​គ្រឹះ​​នៃ​​អភិ​បាលកិច្ច​​ល្អ​​នៅ​ពេល​នេះ ​នៅ​តែ​​ជា​​បញ្ហា​​ដដែល​។ នេះ​​ជា​ការ​​លើក​ឡើង​​របស់​​អ្នក​រាយ​ការណ៍​​ពិសេស​​អគ្គ​លេខាធិការ​​អង្គការ​សហ​ប្រជា​ជាតិ​​ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​ លោក ស៊ូ​រិ​យ៉ា​ ​ស៊ូ​បេ​ឌី​ ក្នុង​​កិច្ច​ប្រជុំ​​របស់​​អង្គការ​សហ​ប្រជាជាតិ​​ក្នុង​​ទី​​ក្រុង​​សឺ​ណែវ​​ប្រទេស​​ស្វី​ស​​នៅ​​ថ្ងៃ​ទី២៤ ​កញ្ញា​។

ផ្សាយពាណិជ្ជកម្ម

លោក ស៊ូ​រិ​យ៉ា ស៊ូ​បេ​ឌី បាន​ថ្លែងថា នៅពេលនេះ​ស្ថាន​ការណ៍​បច្ចុប្បន្ន​របស់​កម្ពុ​ជា​ខុសគ្នា​ទាំងស្រុង ពេលដែល​លោក​បាន​ធ្វើជា​អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ​កាលពី៥ឆ្នាំមុន។ ពោលគឺ​អ្វី ដែល​កម្ពុជា​ត្រូវការ​ចំពោះមុខ ក្នុង​បច្ចុប្បន្ននេះ គឺ​មូលដ្ឋាន​នៃ​សិទ្ធិមនុស្ស​ដ៏​រឹងមាំ​មួយ ដែល​អាចធ្វើ​ឲ្យ​សម្រេចបាន​នូវ​កំណែទម្រង់​ដ៏​វែងឆ្ងាយ​មួយ។

 
គួរ​បញ្ជាក់ដែរថា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ បាន​ចាត់តាំង​លោក​ស៊ូ​បេ​ឌី មក​កម្ពុជា ក្នុង​ឆ្នាំ២០០៩ ហើយ​ពេល​នោះដែរ អ្នកជំនាញ​អង្គការសិទ្ធិមនុស្ស​បាន​កំណត់​នូវ​ចំណុច​ខ្វះខាតធំៗចំនួន៤ចំណុច​ដូចជា ប្រព័ន្ធយុត្តិធម៌ រដ្ឋសភា​កម្ពុជា ការបោះឆ្នោត និង​កំណែទម្រង់​ដីធ្លី។ ការ​កំណ​ត​ស្ថាប័ន​ទាំង៤នេះ ធ្វើឡើង​ដើម្បី​ចង្អុល​ប្រាប់​រដ្ឋាភិបាល​ពី​ចំណុច​ខ្វះខាត និង​ឲ្យ​រដ្ឋាភិបាល​សន្យា​ឲ្យ​បានច្បាស់លាស់ ក្នុងការ​កែទម្រង់​ស្ថាប័ន​ទាំងនោះ​ឈានទៅរក​ការលើកស្ទួយ និង​ការពារ​សិទ្ធិមនុស្ស​របស់​កម្ពុជា។

លោក​បាន​កត់សម្គាល់ថា ដោយសារតែ​ស្ថាប័នរដ្ឋ​នានា ដែល​ទាក់ទង​នឹង​សិទ្ធិមនុស្ស​មិនបាន​លើ​កំពស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ជាហេតុ​ធ្វើ​ឲ្យ​គ្រប់​ដំណើរ​បេសកម្ម​របស់លោក មាន​ប្រជាពលរដ្ឋ​សាមញ្ញ​ជាច្រើន​នាក់​មកជួប​លោក ដោយ​ការ​អស់សង្ឃឹម ដើម្បី​បង្ហាញ​ពី​ស្ថានភាព​លំបាក​របស់​ពួកគេ និង​ដាក់​ញ្ញត្តិ​ស្នើ​ឲ្យ​លោក​ជួយ​ធ្វើ​អន្តរាគមន៍។ នេះ​បើតាម សេចក្តី​ថ្លែង​ការ​ស្តីពី​ស្ថានភាព​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​ថ្ងៃទី២៤ មិថុនា ឆ្នាំ២០១។

គួរកត់សម្គាល់​ដែរ​ថា ចាប់តាំងពី​ក្រោយ​ការបោះឆ្នោតជាតិ​ឆ្នាំ២០១៣ ប្រជាពលរដ្ឋ​កម្ពុជា​បាន​ប្រើប្រាស់​សិទ្ធិ​សម្តែង​មតិ តាមរយៈ​ការធ្វើ​បាតុកម្ម​ជា​ទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់មាន។ ចំណែក​គណកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល​ក៏បាន ផ្លាស់ប្តូរ​គណៈ​គ្រប់គ្រង ក្នុង​គោលបំណង​លើកស្ទួយ​នូវ​សិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​ដែរ។ លើសពីនេះទៅទៀត​គណកម្មាធិកា​រ​ជំនាញ​ទាំងឡាយ​ក្នុង​រដ្ឋសភា​ក៏បាន​កំពុងធ្វើការ​យ៉ាងសកម្ម​លើ​បញ្ហា​សិទ្ធិមនុស្ស ក្រោយ​ពេលដែល​គណបក្ស​ប្រឆាំង​បាន​ចូលក្នុង​រដ្ឋសភា​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ