កម្ពុជា-អ.ស​.ប.

កងកម្លាំង​កម្ពុជា​វិលត្រឡប់​ពី​បេសកកម្ម​រក្សា​សន្តិភាព​ជាមួយ​អ.ស.ប.

កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ក្នុង​ដំណើរ​និវត្តន៍ ​ពី​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​​អ.ស.ប.
កងកម្លាំង​រក្សា​សន្តិភាព​របស់​កម្ពុជា ក្នុង​ដំណើរ​និវត្តន៍ ​ពី​បំពេញ​បេសកកម្ម​រក្សា​សន្តិភាព​​អ.ស.ប. ©វណ្ណារ៉ា/RFI

កងកម្លាំង​កម្ពុជា ចំនួន ៩៤​រូប បាន​វិល​ត្រឡប់​មកពី​ការបំពេញ​បេសកកម្ម​រក្សាសន្តិភាព ក្នុង​ក្របខណ្ឌ​ជា​ទាហាន​មួក​ខៀវ របស់​អង្គការសហប្រជាជាតិ នៅ​ប្រទេស​ស៊ូដង់​ ប្រទេស​ឆាដ និង​ប្រទេស​អាហ្វ្រិក​កណ្តាល នៅ​ថ្ងៃ​អង្គារ ទី​២២ មិថុនា​នេះ​។​

ផ្សាយពាណិជ្ជកម្ម

សេចក្តីរាយការណ៍​របស់ លី ម៉េងហួរ ពី​ភ្នំពេញ

​ក្នុងពេល​បំពេញ​បេសកកម្ម​រយៈពេល ៤ ឆ្នាំ នៅ​ប្រទេស​ស៊ូដង់ ចាប់តាំងពី​ឆ្នាំ​២០០៦ កង​កម្លាំង​​កម្ពុជា បាន​បោស​សំអាត​ផ្ទៃ​ដី​មាន​មីន និង​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ បាន​ចំនួន​ជាង ៧៧ លាន​ម៉ែត្រក្រឡា​ ដោះ​មីន​ប្រឆាំង​ថ្មើរជើង​បាន​ចំនួន ២,៥៤៧ គ្រាប់​ មីន​ប្រឆាំង​រថក្រោះ​ចំនួន ២២០ គ្រាប់​ កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ចំនួន ៥៩,១០៨ គ្រាប់ និង​រក​ឃើញ​អម្បែង​​គ្រាប់​ចំនួន ១១៨,៩១៣ បំណែក​។​

​កម្លាំង​កម្ពុជា​ក៏​បាន​ផលិត​ទឹកស្អាត ប្រើប្រាស់​ទូទៅ សរុប​ចំនួន​ជាង ៤០ លាន​ម៉ែត្រគូប និង​បាន​ចែកចាយ​ទឹកបរិសុទ្ធ​នោះ ដល់​កម្លាំង​អង្គការសហប្រជាជាតិ ដល់​មន្ទីរពេទ្យ និង​ប្រជាពលរដ្ឋ​ស៊ូដង់​ផងដែរ​។ ក្រៅពីនេះ កងកម្លាំង​កម្ពុជា​ក៏​បាន​ជួយ​ដោះមីន តាម​ដងផ្លូវ ជួយ​ស្ថាបនា​ផ្លូវ​ ស្ពាន ផ្តល់​ស្បៀងអាហារ សង់ផ្ទះ ផ្តល់​ថ្នាំសង្កូវ និង​ជួយ​ព្យាបាល​ពលរដ្ឋ​ស៊ូដង់ ថែមទៀត​ផង​។​

​បេសកកម្ម​របស់​កង​កម្លាំង​កម្ពុជា ក្នុង​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ដោយ​ទទួលបាន​ជោគជ័យ​នេះ គឺជា​មោទនភាព​របស់​កម្ពុជា​។ នៅ​ប្រទេស​ស៊ូដង់​ ប្រទេស​ឆាដ និង​ប្រទេស​អាហ្វ្រិក​កណ្តាល គឺ​ទង់ជាតិ​កម្ពុជា​ត្រូវបាន​បង្ហូត​ខ្ពស់ត្រដែត ស្មើមុខស្មើមាត់​លើ​ឆាក​អន្តរជាតិ ជាមួយ​បណ្តា​ប្រទេស​ជាច្រើន​ទៀត ដែល​កំពុង​បំពេញ​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ​។ កងកម្លាំង​កម្ពុជា ទទួលបាន​ការបំពាក់​គ្រឿងឥស្សរិយយស មេដាយ និង​ប័ណ្ណ​សរសើរ ពី​អង្គការ​សហប្រជាជាតិ​ផង និង​ពី​រដ្ឋាភិបាល​កម្ពុជា​ផង​។​

​ចំពោះមុខ​បេសកកម្ម​ជោគជ័យ ជា​ប្រវត្តិសាស្ត្រ​នេះ កម្ពុជា​កំពុង​ប្រុងប្រៀប​បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី​មួយ សម្រាប់​ប្រជាជាតិ ផ្នែក​រក្សា​សន្តិភាព គឺ​ការធ្វើ​ជា​ម្ចាស់ផ្ទះ នៃ​លំ​ហាត់​ហ្វឹកហ្វឺន​ថែរក្សា​សន្តិភាព​សកល ឈ្មោះថា ឆ្មាំ​អង្គរ ឆ្នាំ​២០១០​។​

​លំ​ហាត់​យោធា ឬ​សមយុទ្ធ ជា​អន្តរជាតិ​នោះ នឹង​ធ្វើ​ឡើង​ចាប់​ថ្ងៃទី​១២ ដល់​ថ្ងៃ​ទី​៣០ ខែ​កក្កដា​ខាង​មុខ​។ សមយុទ្ធ​នោះ មាន​ការចូលរួម​កង​កម្លាំង​មកពី ១២ ប្រទេស រួមមាន​៖ ប្រទេស​បារាំង អាមេរិក ជប៉ុន អូស្ត្រាលី ម៉ុង​ហ្គោលី និង​ប្រទេស​ចិន ជាដើម​។ លំ​ហាត់​ហ្វឹកហ្វឺន​ពហុសាសន៍ ឆ្មាំ​អង្គរ ឆ្នាំ​២០១០ ធ្វើឡើង​ក្រោម​កិច្ចសហការ​រវាង​កម្ពុ​ជា ជាមួយ​ទីបញ្ជាការដ្ឋាន​កងទ័ព​របស់​អាមេរិក ប្រចាំ​តំបន់​អាស៊ី​-ប៉ាស៊ីហ្វិក ស្រប​តាម​និយាម​ការថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ​។​

​លំ​ហាត់​យោធា​នេះ ចែក​ជា​ពីរ​ផ្នែក​។ ទី​១ សមយុទ្ធ នៅ​ទីបញ្ជាការ ដែល​ធ្វើ​នៅ​ភ្នំពេញ និង ទី២ ​សមយុទ្ធ​នៅ​ទីលាន ដែល​នឹង​ធ្វើឡើង​នៅ​ទីបញ្ជាការដ្ឋាន​កងរថក្រោះ ACO ខេត្ត​កំពង់ស្ពឺ។ សមយុទ្ធ​យោធា​របៀបនេះ កង​យោធា​កម្ពុជា​បាន​ចូលរួម​ចំនួន ៤ លើក​រួចមកហើយ​៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI