កម្ពុជា

ប្រជាជន​ខ្មែរ​ត្រៀម​អបអរសាទរ​បុណ្យ​ដាច់ឆ្នាំ​នៅ​ក្នុង​និង​ក្រៅ​ប្រទេស

ប្រជាជន​ខ្មែរ​ដាក់តាំង​ពាក្យស្លោក​នៅ​មុខ​ផ្ទះ ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី
ប្រជាជន​ខ្មែរ​ដាក់តាំង​ពាក្យស្លោក​នៅ​មុខ​ផ្ទះ ដើម្បី​ចូលរួម​អបអរសាទរ​បុណ្យ​ចូលឆ្នាំថ្មី RFI/Channa Siv

ប្រជាជន​ខ្មែរ​ត្រៀម​ចូលរួម​​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំ​សកល​ទាំង​នៅ​​ក្នុង​ប្រទេស ​និង​ក្រៅ​ប្រទេស។ នៅ​ក្នុង​ប្រទេស ប្រជាជន​ត្រៀម​ចូលរួម​ពិធីបុណ្យ​សកល​​ នៅ​ទីក្រុង​ភ្នំពេញ ក្រុង​ព្រះសីហនុ​ និង​ក្រុងសៀមរាប។ រីឯ​ប្រជាជន​ខ្មែរ​មួយ​ចំនួន​ផ្សេង​ទៀត បាន​ជិះ​យន្តហោះ​ ​ដើម្បី​​ទៅ​ឆ្លង​ឆ្នាំ​នៅ​ក្រៅ​ប្រទេស។

ផ្សាយពាណិជ្ជកម្ម

ប្រជាជន​នៅ​ក្នុង​ពិភពលោក​ទាំងមូល​គ្រោង​នឹង​អបអរសាទរ​ពិធីបុណ្យ​ដាច់​ឆ្នាំ​២០១១​ ចូល​ឆ្នាំ២០១២​ នៅ​យប់ថ្ងៃទី​៣១ ​ខែ​ធ្នូ​ ឆ្នាំ​២០១១​នេះ​ នៅ​វេលា​ម៉ោង​១២​អធ្រាត្រ។ នៅ​ក្នុង​ប្រទេស​កម្ពុជា ទីក្រុង​ភ្នំពេញ ទីក្រុង​ព្រះសីហនុ និង​ទីក្រុង​សៀមរាប​​បាន​ត្រៀម​រៀបចំ​ពិធី​ដ៏​គគ្រឹកគគ្រេង​ ដើម្បី​ទទួល​​ឆ្នាំថ្មី​នៅយប់​នេះ។

នៅ​ក្រុងព្រះ​សីហនុ ពិធីបុណ្យ​ដំណាច់​ឆ្នាំ​ និង​ពិធីបុណ្យ​សមុទ្រ​ ត្រូវ​បាន​គេ​រៀបចំ ​នៅមាត់​សមុទ្រ។ នៅ​ទីក្រុង​ភ្នំពេញ​បុណ្យ​ចូល​ឆ្នាំ​សកល​ត្រូវ​បាន​គេ​រៀបចំ​នៅ​ម្តុំ​សណ្ឋាគារ Naga World។ រីឯ​នៅ​ក្រុង​សៀមរាប​ ពិធីបុណ្យ​អន្តរជាតិ​ឆ្នាំ​២០១២​ត្រូវ​បាន​គេ​រៀបចំ​នៅ​ក្នុង​ភូមិ​វប្បធម៌។ នៅក្នុង​​ក្រុង​បី​នេះ ប្រជាជន​ខ្មែរ​​ច្រើន​ម៉ឺនសែន​នាក់​សុខចិត្ត​អត់​ងងុយ​ទន្ទឹង​រង់ចាំ​វិនាទី​ទីមួយ​ នៃឆ្នាំ​ថ្មី​​​ឆ្នាំ​២០១២។ ប៉ុន្តែ​មុន​នឹង​វិនាទី​ទី​មួយ​ចូល​មក​ដល់ ​អ្នក​ចូលរួម​​រាប់លេខ​ពីទី​​១០​ចុះ​មក​ដល់​លេខ​មួយ​។

លោក អាំង គឹមអៀង ប្រធាន​សមាគម​ទី​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ​បាន​ថ្លែង​ប្រាប់​នៅថ្ងៃ​សៅរ៍​នេះ​ថា ប្រជាជន​ខ្មែរ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ទាំង​បី​នេះ​មាន​ចំនួន​ច្រើន​គួរ​អោយ​កត់​សម្គាល់​ ដើម្បី​អបអរ​សាទរ​​ពិធី​បុណ្យ​ឆ្នាំ​សកល​ឆ្នាំ​​២០១២។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ប្រជាជន​ខ្មែរ​ដែល​មាន​ជីវភាព​ធូរធារ​បាន​ធ្វើ​ដំណើរ​ទៅ​​កាន់​ប្រទេស​ក្រៅ​ ដើម្បី​ឆ្លងឆ្នាំ​នៅ​ទី​នោះ។

លោក អាំង គឹមអៀង បាន​បន្ត​ប្រាប់​​ទៀតថា កៅអី​យន្ត​ហោះ​ទៅ​កាន់​ប្រទេស​ក្រៅ​ត្រូវ​បាន​អតិថិជន​ខ្មែរ​ទិញ​អស់​ នៅ​ក្នុង​ថ្ងៃទី​៣១​ខែ​ធ្នូឆ្នាំ​២០១១​នេះ។

កៅអី​យន្តហោះ​ទៅ​ក្រៅ​ប្រទេស​ត្រូវ​បាន​គេ​កក់​អស់​ រីឯ​បន្ទប់​សណ្ឋាគារ​​ នៅ​ក្នុង​ក្រុង​សំខាន់ៗ​ដូច​ជា ក្រុង​ព្រះសីហនុ​ និង​ក្រុង​សៀមរាប ​ក៏​ត្រូវ​បាន​គេ​កក់​អស់​ដែរ។
ពី​ក្រុង​ព្រះសីហនុ ម្ចាស់​សណ្ឋាគារ​ ម្ចាស់​ផ្ទះ​សំណាក់​បាន​រាយការណ៍​ប្រាប់​នៅ​ថ្ងៃ​សៅរ៍​នេះ​ថា បន្ទប់​ត្រូវ​បាន​គេ​កក់​អស់​ហើយ។ ហើយ​ប្រជាជន​មួយ​ចំនួន​នឹង​ត្រូវ​សម្រាក​នៅ​ក្នុង​តង់​មាត់​សមុទ្រ។

បន្ទប់​សណ្ឋាគារ​ត្រូវ​បាន​គេ​ដំឡើងថ្លៃ​ ពី​៥​ដុល្លារ​ ដល់​២០​ដុល្លារ ​ក្នុង​មួយ​បន្ទប់។ ក្តាម​សមុទ្រ​ត្រូវ​បាន​គេ​ដំឡើង​ថ្លៃ ​ពី​៦​ដុល្លារ ​ទៅ​១២​ដុល្លារ​​ ក្នុង​មួយ​គីឡូក្រាម​ នៅ​ថ្ងៃ​ទី​៣១​ខែ​ធ្នូ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI