សម្តេចឳនៅក្នុងអារម្មណ៍ប្រជារាស្ត្រខ្មែរ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ការសោយទិវង្គតរបស់អតីតព្រះមហាក្សត្រ នរោត្តម សីហនុ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាទូទៅមានក្តីរន្ធត់ និងក្រៀមក្រំ។ ក្តីរន្ធត់ក្រៀមក្រំជារឿងមួយ ប៉ុន្តែ ការសោកស្តាយនិងអារម្មណ៍ដិតដាមនូវការគោរពស្រឡាញ់ និងសក្ការៈ ពីសំណាក់ប្រជារាស្ត្រទូទៅគឺជារឿងមួយទៀត។តើហេតុអ្វីបានជាសម្តេចឳ នរោត្តម សីហនុ ទទួលបានការគោរព ស្រឡាញ់យ៉ាងខ្លាំងពីសំណាក់ប្រជារាស្ត្រខ្មែរ?
ពាក្យថាសម្តេចឳដែលប្រជារាស្ត្រខ្មែរគ្រប់គ្នាបានប្រើសម្រាប់ហៅអង្គអតីតព្រះមហាក្សត្រ បានបង្ហាញរួចជាស្រេចអំពីការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅរបស់ពួកគេចំពោះព្រះអង្គ។ នៅក្នុងអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរជាទូទៅ ជាពិសេសមនុស្សវ័យចំណាស់ ដែលធ្លាប់បានឆ្លងកាត់របបសង្គមរាស្ត្រនិយម សមានចិត្តដែលពួកគេមានចំពោះអង្គសម្តេចឳគឺមិនមែនជាក្តីគោរពស្រឡាញ់ធម្មតាទេ ប៉ុន្តែ គឺជាការគោរពស្រឡាញ់ដែលមានសភាពជ្រាលជ្រៅ «ជាទីសក្ការៈ» ដែលពិបាកពិពណ៌នា។
ជាក់ស្តែង មានប្រជាពលរដ្ឋខ្មែរជាច្រើនបានចាត់ទុកថាខ្លួនមានសំណាងក្នុងជីវិតពេលបានចាប់ព្រះហស្តផ្ទាល់របស់ព្រះអង្គ។ ក្រៅពីនោះ មានពលរដ្ឋខ្មែរជាច្រើនទៀតបានចាត់ទុកព្រះឆាយាល័ក្ខណ៍របស់ព្រះអង្គប្រៀបដូចជាវត្ថុជាទីសក្ការៈអ៊ីចឹង។ ពិតហើយថា មានអ្នករិះគន់ថា នេះបណ្តាលមកពីនយោបាយ«ប្រជាភិថុតិ» ប៉ុន្តែ ទោះជាយ៉ាងណា ក៏អង្គសម្តេចឳគឺជាក្សត្រ និងជាអ្នកនយោបាយដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងណាស់ក្នុងចំណោមពលរដ្ឋខ្មែរ។
ជាការពិត សម្រាប់ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយប្រទេសកម្ពុជា អង្គសម្តេចឳមិនមែនគ្រាន់តែជាអង្គក្សត្រ ឬអ្នកនយោបាយដែលទទួលបានប្រជាប្រិយភាពខ្លាំងពិបាករកគូប្រៀបនៅក្នុងឆាកនយោបាយប្រទេសកម្ពុជាប៉ុណ្ណោះទេ តែព្រះអង្គក៏ជាអ្នកនយោបាយដែលត្រូវបានគេទទួលស្គាល់នៅក្នុងឆាកអន្តរជាតិទៀតផង។ ចំណុចខ្លាំងរបស់ព្រះអង្គដែលសំខាន់ជាងគេបំផុតក្នុងការទាក់ទាញចំណាប់អារម្មណ៍របស់ប្រជារាស្ត្រគឺ ព្រះអង្គជាអ្នកនយោបាយដែលចេះផ្សារភ្ជាប់ព្រះកាយទៅនឹងជីវភាពរបស់ប្រជារាស្ត្រ ពោលគឺ ព្រះអង្គអាចសម្របខ្លួនជាមួយកសិករ កម្មករ ឬទាហានដោយចូលប្រឡូកក្នុងជីវិតជាក់ស្តែងជាមួយអ្នកទាំងនោះយ៉ាងពិត។ នេះជាចំណុចពិសេសដែលអ្នកនយោបាយទូទៅ ជាពិសេសអ្នកនយោបាយដែលចេញពីត្រកូលខ្ពង់ខ្ពស់ ឬពីគ្រួសាររាជវង្ស មិនសូវបានចាប់អារម្មណ៍ និងធ្វើបានដូច្នេះឡើយ។ គេអាចនិយាយបានថា ការផ្សារភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋគឺជាគន្លឹះក្នុងការទាក់ទាញប្រជាប្រិយភាពរបស់អ្នកនយោបាយ។
នេះជាទស្សនៈវិជ្ជាដែលសម្តេចឳបានបានបង្ហាញឲ្យឃើញ និងអាចជាបទពិសោធន៍សម្រាប់អ្នកនយោបាយស្រករក្រោយ។ ក្រៅពីនោះនៅមានចំណុចពិសេសៗជាច្រើនទៀតដែលអង្គសម្តេចឳបានបង្ហាញឲ្យឃើញក្រោមការដឹកនាំរបស់ព្រះអង្គ ។ជាពិសេសព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចធំៗជាច្រើនដូចជា៖ ការទាមទារខេត្តមួយចំនួនពីប្រទេសថៃមកវិញ។ ការទាមទារឯករាជ្យភាពពីបារាំង និងការឈ្នះក្ដីប្រាសាទព្រះវិហារនាទីក្រុងឡាអេ ជាមួយប្រទេសថៃជាដើម សុទ្ធសឹងជាជោគជ័យដែលគេចាត់ទុកជាគុណសម្បត្តិរបស់សម្តេចឳ។
ម្យ៉ាងទៀត ព្រឹត្តិការណ៍នយោបាយមួយចំនួនក្រោយពីរដ្ឋប្រហារ១៨មីនា ឆ្នាំ ១៩៧០ ដែលបានធ្វើឲ្យប្រទេសជាតិធ្លាក់ចុះជាបន្តបន្ទាប់ រហូតដល់ធ្លាក់ក្នុងវាលពិឃាតនៃរបបខ្មែរក្រហម បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរជាទូទៅនឹកភ្នកដល់របបសង្គមរាស្ត្រនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់អង្គសម្តេចឳ ឡើងវិញ។ សម្រាប់អ្នកដែលបានហែលឆ្លងភ្លើងសង្គ្រាម និងការកាប់សម្លាប់នៃមហាសោកនាដកម្មទាំងនោះ តួអង្គសម្តេចឳ គឺជាតំណាងឲ្យភាពរុងរឿងរបស់ប្រទេសកម្ពុជា។ ជ័យជម្នះរបស់ចលនារាជានិយម ហ្វ៊ុនស៊ិនប៉ិច កាលពីឆ្នាំ ១៩៩៣ គឺជាឧទាហរណ៍ជាក់ស្តែង។
សរុបមកវិញ អតីតព្រះមហាក្សត្រ នរោត្តម សីហនុ គឺជាអ្នកនយោបាយដ៏មានប្រជាប្រិយភាពខ្លាំងគ្មានគូប្រៀបសម្រាប់ឆាកនយោបាយប្រទេសកម្ពុជា នោះគឺជាភាពខ្លាំងដែលមិនអាចប្រជែងបាន។ ព្រះអង្គក៏ជាអ្នកនយោបាយដ៏ខ្លាំងពូកែ និងវាងវៃខាងការទូតម្នាក់នៅលើឆាកអន្តរជាតិផងដែរ។ ដូច្នេះ ការសោយទិវង្គតរបស់សម្តេចឳនៅពេលនេះ គឺជាការបាត់បង់អ្នកនយោបាយជាទីគោរព សក្ការៈមួយអង្គសម្រាប់ពលរដ្ឋខ្មែរ ជាពិសេសនៅក្នុងបរិបទរាជានិយមនៅកម្ពុជានេះគឺជាការបាត់បង់ដ៏ធំធេងបំផុតមួយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ